ស្រ្តីជនជាតិថៃម្នាក់ ត្រូវគេបង្ខំឲ្យលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ក្រោយពី… (មានវីដេអូ)

ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ ត្រូវបានគេចោទប្រកាន់ថា បានប្រមាថដល់អង្គព្រះមហាក្សត្រ ត្រូវបានគេបង្ខំឲ្យលុតជង្គង់នៅមុខព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ ចំពោះមុខមនុស្សរាប់រយនាក់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ស្រ្តីជនជាតិថៃ រូបនេះត្រូវបានប៉ូលិស២នាក់នាំខ្លួនទៅលត់ជង្គង់នៅមុខព្រះឆាយាលក្ខណ៍អតីតព្រះមហាក្សត្រ និងឲ្យឱនក្បាលគោរពព្រះឆាយាលក្ខណ៍ ខណៈហ្វូងមនុស្សជាង៥០០នាក់ ដែលនៅទីនោះបានស្រែកចំអក ព្រមទាំងទាមទារឲ្យស្រ្តីរូបនោះសុំទោស។ 

ហេតុការណ៍ដ៏គួរឲ្យអាមាស់មុខមួយនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅលើកោះសាមុយ ដោយស្រ្តីរូបនោះមានឈ្មោះ Umaporn Sarasat អាយុ ៤៣ឆ្នាំ ជាម្ចាស់ហាងតូចមួយ។ នាងត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារមិនគោរពព្រះមហាក្សត្រនៅលើនៅលើបណ្តាញសង្គមហ្វេសប៊ុក។

សេចក្តីរាយការណ៍មួយចំនួន បាននិយាយថា នាង Sarasat បានធ្វើការរិះគន់ទៅលើអតីតព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត ខណៈសេចក្តីរាយការណ៍ផ្សេងទៀតថា នាងរិះគន់សំដៅទៅលើបុត្ររបស់ព្រះមហាក្សត្រ ភូមិបុល គឺព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន នោះទេ។

គួរបញ្ជាក់ថា នាង Sarasat ទំនងជានឹងត្រូវប្រឈមចំពោះមុខច្បាប់ លើការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដែលជាច្បាប់ដ៏តឹងរឹងបំផុតរបស់ប្រទេសថៃ។ ខណៈអាជ្ញាធរក៏កំពុងជំរុញឲ្យមានភាពស្ងប់ស្ងាត់ទៅលើបណ្តាញសង្គមនានា ចំពោះការរិះគន់ទៅដល់ជនណាដែលមិនបានស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ពណ៌ ស ខ្មៅ តាមប្រពៃណី។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា រដ្ឋាភិបាលបានបង្ខំចិត្តធ្វើការពន្យល់ជាសាធារណៈថា មនុស្សមួយចំនួនមិនមានលទ្ធភាពទិញសម្លៀកបំពាក់កាន់ទុក្ខទាំងនោះ ដោយតម្លៃសម្លៀកបំពាក់ទាំងនោះ បានឡើងថ្លៃភ្លាមៗបន្ទាប់ពីអតីតព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត ចូលទីវង្គត់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។

បច្ចុប្បន្ន រដ្ឋាភិបាលថៃ បានកំណត់តម្លៃសម្លៀកបំពាក់កាន់ទុក្ខពណ៌ខ្មៅ មិនឲ្យលក់លើសពី៧ដុល្លារនោះទេ ខណៈធនាគាររដ្ឋ របស់ប្រទេសថៃ នឹងចែកអាវពណ៌ខ្មៅ ដល់ប្រជាជនចំនួន ៨លាននាក់ ដែលបានចុះឈ្មោះ ជាអ្នកដែលមានប្រាក់ចំណូលទាប ដើម្បីឲ្យពួកគេអាចពាក់អាវខ្មៅកាន់ទុក្ខអតីតព្រះមហាក្សត្រ រយៈពេលមួយឆ្នាំពេញនេះ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្រ្តីជនជាតិថៃម្នាក់ ត្រូវគេបង្ខំឲ្យលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ក្រោយពី... (មានវីដេអូ)

ស្រ្តីជនជាតិថៃម្នាក់ ត្រូវគេបង្ខំឲ្យលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ក្រោយពី... (មានវីដេអូ)

ស្រ្តីជនជាតិថៃម្នាក់ ត្រូវគេបង្ខំឲ្យលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ក្រោយពី... (មានវីដេអូ)

ស្រ្តីជនជាតិថៃម្នាក់ ត្រូវគេបង្ខំឲ្យលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ អតីតព្រះមហាក្សត្រ ក្រោយពី... (មានវីដេអូ)