កូនខ្មែរ​!​ ត្រូវ​ស្វែងយល់​ពាក្យ ​“​សម្បទាន​” ​ឱ្យមែនទែន​!​

ជា​រៀងរាល់​ថ្ងៃ​ រាល់ខែ​ និងរាល់​ឆ្នាំ ​អ្នក​ប្រហែល​ជាតែង​តែឭ​ពាក្យថា​៖​ “​សម្បទាន​​ៗ​ៗ​” ​ស្ទើរតែ​គ្រប់ពេល​ ហើយជា​ពិសេស ​បើសម្រាប់​បុគ្គល​អ្នកធ្វើការ​ជិតស្និទ្ធ​នឹងបញ្ហា​ដីធ្លី​ទៀតនោះ​ គឺរឹត​តែ​ថ្នឹក​នឹង​​ការ​ប្រើប្រាស់​ពាក្យ​នេះ​ជា​ញឹកញយ​ ។​​ ដ្បិត​តែ​តាម​ការ​សង្កេត​ជាទូទៅ​ ពាក្យថា​​៖​ “​សម្បទាន​” ​នេះស្ដាប់​ទៅហាក់​បីដូចជា​បែបវិជ្ជ​មាន ​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ដែលទាក់ទង​នឹងសម្បទាន​កិច្ចគឺ​ពិតជា​មិន​នឹកស្មាន​ដល់ឡើយ​ ។​ ដូច្នេះតើ ​ពាក្យ​៖ ​“​សម្បទាន​” ​នេះមាន​ន័យយ៉ាង​ដូចម្ដេច​នៅក្នុង​ន័យ​សព្ទ​របស់​ខ្មែរ​?​
យោង​តាម​វចនា​ធិប្បាយ​នៃ​វចនានុក្រម​របស់ខ្មែរ​ដែលរៀបរៀង​ដោយបណ្ឌិត​អក្សរសាស្រ្តខ្មែរ​ទី១នៅកម្ពុជា​ សម្ដេច​ព្រះសង្ឃ​រាជជួន​ ណាត,​ ពាក្យ​​៖ “​សម្បទាន​”​ មានន័យថា​៖ ​គឺជាការ​ប្រគល់​របស់អ្វី​មួយឱ្យដល់ដៃ​,​ ការប្រគល់​អ្វីមួយ​​ជាអំណោយ​,​ ឬការ​ឱ្យដាច់​ ។​ ដោយក្នុង​នោះ​ លោក​វោហា​សព្ទ​ខ្មែរ​បាន​បន្ថែម​ឧទាហរណ៍​មានដូចជា​៖​ ដីសម្បទាន​៖​ (​គឺជាការ​ប្រគល់​ដី​ក្នុង​ទំហំ​ណាមួយ​ធ្វើជា​អំណោយ ​ឬជា​​របស់​ឱ្យដាច់​ទៅកាន់​ភាគី​ម្ខាងទៀត​)​ ឬថា​៖​ ទ្រព្យសម្បទាន ​គឺជាទ្រព្យ​ឱ្យដាច់ ​ឬទ្រព្យ​ជូនជា​អំណោយ​ ដែលមិន​អាចយក​មកវិញ​បានឡើយ​ ។ ​
ដូច្នេះ​នៅក្នុង​ការពន្យល់​ពាក្យខាងលើ​របស់​អ្នកប្រាជ្ញ​អក្សរសាស្រ្តខ្មែរ ​ពាក្យ៖​ “សម្បទាន” ​មិនមែន​ជាទម្រង់​ ឬ​កិច្ចការ​ទាំងឡាយ​ណា​ដែល​ធ្វើ​ឡើង​ដើម្បី​ត្រឹមតែ​ក្នុងរយៈពេល​ខ្លី​ ឬ​បណ្ដោះ​អាសន្ន​ឡើយ​ ប៉ុន្តែ​វា​គឺជា​បំណង​ក្នុងការ​ផ្ដល់​ ឬផ្ទេរ​ឱ្យដាច់​ធ្វើជា​កម្មសិទ្ធិ​ដោយ​មាន​ការដឹង​ឮតែម្ដង​ ។ ​ឧទាហរណ៍ថា​៖​ “ម្ចាស់ផ្ទះ​ម្នាក់ឈ្មោះ​ពូសេន​ បានធ្វើ​សម្បទាន​បង្គន់​មួយ​កន្លែង​ដែលមាន​ទំហំ២ម៉ែត្រ​ក្រឡា​ឱ្យទៅ​ប្ដី​ប្រពន្ធ២នាក់​ដែលជា​​អ្នកជិត​ខាង​របស់លោក​ម្នាក់ឈ្មោះ​មីងយន​ និងពូជិន​ ក្នុងរយៈពេល​៩៩ឆ្នាំ ​ដូច្នេះ​ក្នុងន័យ​នេះមានន័យថា​៖ ​បង្គន់លាមក​នោះនឹង​ត្រូវបាន​ក្លាយជា​អំណោយ ​ឬជារបស់​ឱ្យដាច់​ពីភាគី​ពូសេន​ជាម្ចាស់ផ្ទះ​ ទៅកាន់​អ្នកជិត​ខាង​ទាំងពីរ​នាក់​របស់លោក ​ទោះបី​ពូសេន​បានបញ្ជាក់​យ៉ាងច្បាស់​នូវរយៈ​ពេល​ត្រឹម៩៩​ឆ្នាំ​ក៏ដោយ ​៕​

កូនខ្មែរ​!​ ត្រូវ​ស្វែងយល់​ពាក្យ ​“​សម្បទាន​” ​ឱ្យមែនទែន​!​
ដោយ៖ ឈូកស
Cool FM 100.7