BRICS៖​ចិន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ភាព​ផុយស្រួយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក

BRICS៖​ចិន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ភាព​ផុយស្រួយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក

ក្រុមប្រទេសដែលទើបមានសេដ្ឋកិច្ចរីកលូតលាស់ថ្មីហៅកាត់ថា BRICS បានបិទបញ្ចប់ជំនួបកំពូលរយៈពេល ២ថ្ងៃនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយនាថ្ងៃទី១៦ តុលា BRICS បានឯកភាពបង្កើតទីភ្នាក់ងារវាយតម្លៃហានិភ័យ ពង្រឹងយុទ្ធនាការប្រឆាំងនឹងការគេចពន្ធ និងព្រមធ្វើការរួមគ្នាដើម្បីទប់ស្កាត់ភេរវកម្មឆ្លងដែន។ ដោយឡែក លោកប្រធានាធិបតីចិនស៊ី ជីនពីងបានយល់ឃើញថា សេដ្ឋកិច្ចពិភពលោកនៅផុយស្រួយខ្លាំង។

សម្រាប់លោកប្រធានាធិបតីចិនស៊ី ជីនពីង សេដ្ឋកិច្ចពិភពលោកហាក់ដូចជាកំពុងបន្តទ្រឹងមួយកន្លែង ឬនិយាយបែបម្យ៉ាងទៀត គឺនៅមានភាពផុយស្រួយខ្លាំង។ គឺសេដ្ឋកិច្ចពិភពលោកផុយស្រួយដែលបានអូសទាញ BRICS ឲ្យមានកំណើនសេដ្ឋកិច្ចថយចុះ និងកំពុងប្រឈមនឹងបញ្ហាថ្មីៗមួយចំនួនទៀត។ តែទោះជាយ៉ាងនេះក្តី លោកស៊ី ជីនពីងបានអំពាវនាវឲ្យ BRICS បន្តសកម្មភាពខ្លាំងក្លាបន្ថែមទៀតដើម្បីបង្កើតឲ្យមានទំនុកចិត្តឡើងវិញ។ ការអំពាវនាវស្រដៀងគ្នានេះក៏មានពីលោកនាយករដ្ឋមន្រ្តីឥណ្ឌាណារ៉េនដ្រា ម៉ូឌីដែរ។ លោកម៉ូឌីបានទាមទារឲ្យ BRICS បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ចំណែកលោកប្រធានាធិបតីរុស្ស៊ីពូទីនបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនជាងមុន ពិសេសនៅក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មអវកាស។

សូមជម្រាបជូនថា BRICS ដែលមានសមាជិក ៥ប្រទេស គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងកូរ៉េខាងត្បូងកំពុងស្គាល់ស្ថានភាពសេដ្ឋកិច្ចយ៉ាប់យឺន។ ថ្មីៗនេះ រុស្ស៊ី និងប្រេស៊ីលថែមទាំងស្គាល់សេដ្ឋកិច្ចរបស់ខ្លួនដើរថយក្រោយទៀតផង។ ចំណែកចិនដែលធ្លាប់ជាក្បាលម៉ាស៊ីនអូសទាញសេដ្ឋកិច្ចពិភពលោកក៏កំពុងមានកំណើនសេដ្ឋកិច្ចយឺតៗនារយៈពេលចុងក្រោយនេះ។ គឺមានតែឥណ្ឌាមួយគត់ដែលកំពុងមានស្ថានភាពសេដ្ឋកិច្ចគ្រាន់បើជាងគេ ពោលនឹងអាចទទួលបានកំណើនសេដ្ឋកិច្ចប្រមាណជា ៧,៦% សម្រាប់ឆ្នាំ ២០១៦ ២០១៧។

ក្រៅពីបញ្ជាក់ជំហរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច BRICS ក៏បានឯកភាពគ្នាក្នុងការពង្រឹងយុទ្ធនាការប្រឆាំងនឹងការគេចពន្ធ និងបង្កើតឲ្យមានទីភ្នាក់ងារវាយតម្លៃហានិភ័យបំណុលមួយប្រជែងនឹងទីភ្នាក់ងាររបស់បស្ចិមលោក ដូចយ៉ាង Moody’s Standard & Poor’s និង Fitch។ ទន្ទឹមគ្នានេះ BRICS ក៏បានលើកឡើងពីកម្មវត្ថុនៃការប្រយុទ្ធប្រឆាំងនឹងភេរវកម្មឆ្លងដែន និងពួកអ្នកគាំទ្រ។ នៅក្នុងន័យនេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌាម៉ូឌីបាននិយាយបញ្ឆិតបញ្ឆៀងដាក់ប៉ាគីស្ថានថា មាតានៃភេរវនិយម គឺជាប្រទេសក្បែរខាងឥណ្ឌា និងស្នើឲ្យ BRICS ថ្កោលទោស។តែក្រុមប្រទេសដៃគូប៉ាគីស្ថាន ពិសេសចិនបានបដិសេធលើការថ្កោលទោសប៉ាគីស្ថានដែលគេស្គាល់ថា ជាគូប្រជែងស្លាប់រស់ និងជាប្រវត្តិសាស្រ្តរបស់ឥណ្ឌានៅក្នុងតំបន់៕

ប្រភព ៖ rfi

Loading...

  • BRICS៖​ចិន​សម្តែង​ក្តីបារម្ភ​ជុំវិញ​ភាព​ផុយស្រួយ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: