ហ្វីលីពីន​ត្រៀមខ្លួនស្រេច​ក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយចិននិងរុស្ស៊ី​

ហ្វីលីពីន​ត្រៀមខ្លួនស្រេច​ក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយចិននិងរុស្ស៊ី​

ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតេ បានថ្លែងប្រាប់ថា ហ្វីលីពីន ត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសចិននិងរុស្ស៊ី។ លោកឌុយទែរតេ ថែមទាំងនិយាយពាក្យច្រំដែលៗថា ល្បែងសង្គ្រាមជាមួយអាមេរិក ប្រហែល ជាពុំមានទៀតឡើយ។

លោកឌុយទែរតេ ប្រធានាធិបតីហ្វីលីពីន ដែលប្រកបទៅដោយភាពដ៏ចម្រូងចម្រាសខ្លាំងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសរូបនេះ នៅមុនដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំងចំនួន៤ថ្ងៃ បានថ្លែងប្រាប់ដល់បណ្តាញទូទស្សន៍ហុងកុងមួយឈ្មោះ Phoenix ថា”ដំណើរទស្សនកិច្ចនេះ មានគោលដៅលំអរដើម្បីលំអរទំនាក់ទំនងទ្វេរភាគី Manille និងPékin ឲ្យបានប្រសើរឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះដុនដាបដោយសារតែជម្លោះនៅក្នុងដែនសមុទ្រចិនខាងត្បូង។
ឆ្លើយតបនឹងសំណួររបស់ទូរទស្សន៍ហុងកុង Phoenix ថាតើលោកមានគម្រោងរៀបចំសមយុទ្ធរួមគ្នាជាមួយនឹងប្រទេសចិននិងរុស្ស៊ីដែរឬទេ?  លោកប្រមុខរដ្ឋហ្វីលីពីនដ៏ចម្លែកមួយរូបនេះ បានឆ្លើយថាបាទតបវិញយ៉ាងញាប់មាត់ ថាពិតជាមានគម្រោងនោះមែន តែ លោកក៏បានឆ្លៀតឱកាសនេះ ដើម្បីនិយាយដាក់ផ្កែផ្កាឲ្យអាមរិកមិនតិចទេដោយអះអាងថាលោកបានផ្តល់ឱកាសឲ្យគ្រប់គ្រាន់ហើយសំរាប់អាមេរិកក្នុងការធ្វើសមយុទ្ធជាមួយទាហានហ្វីលីពីន។ លោក ឌុយទែរតេ ថែមទាំងនិយាយពាក្យច្រំដែលៗ ថា” គាត់លែងអនុញ្ញាតឲ្យមានសមយុទ្ធរួមគ្នាជាមួយអាមេរិកទៀតទេ -អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ចំបងមួយនៅក្នុងវិស័យការពារជាតិហ្វីលីពីននិងក៏ជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដល់ហ្វីលីពីនផងដែរ។

យោងតាម លោក ឌុយទែរតេ “សមយុទ្ធរួមគ្នារវាងអាមេរិកនិងហ្វីលីពីននេះ បានបិទបញ្ចប់កាលពីសប្តាហ៍មុន។ ហើយវត្តមាននៃសមយុទ្ធនេះ គឺដោយសារតែហ្វីលីពីន បានគ្រោងទុកយូរពេលមកហើយ និងម្យ៉ាងទៀត គឺដោយសារតែលោក ក៏ពុំចង់អោយទាហានហ្វីលីពីនមានការអាម៉ាសមុខដែរ។

ចាប់តាំងពីបានឡើងកាន់មុខតំណែងជាប្រធានាធិបតីប្រទេសហ្វីលីពីនតាំងពីខែមិថុនាកន្លងមក លោក ឌុយទែរតេ បានធ្វើការផ្លាស់ប្តូរនយោបាយបរទេសរបស់ហ្វីលីពីនយ៉ាងសម្បើម និងបានងាកទៅអែបអបយកចិត្តយកថ្លើមជាមួយចិននិងរុស្ស៊ីទៅវិញ ដោយសុខចិត្តបោះបង់ចោលទីក្រុងវ៉ាស៊ីនតោនដែលធ្លាប់ជាប្រទេសសម្ព័ន្ធមិត្តហ្វីលីពីនតាំងពីប្រពៃណីយូរយាមកហើយ។ មូលហេតុ គឺដោយសារតែលោកឌុយទែរតេ មានការក្រេវក្រោធយ៉ាងខ្លាំងក្លាជាមួយនឹងអាមេរិក ពីព្រោះ អាមេរិក បានទិតៀនរិះគន់យ៉ាងចាស់ដៃ នយោបាយធម៌ក្តៅនិងអសីលធម៌របស់លោក ឌុយទែតេ នៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងការជួញដូរគ្រឿងញានដែលបានសម្លាប់ជីវិតមនុស្សយ៉ាងសន្ធឹកសន្ធាប់។

ផ្ទុយទៅវិញ លោក ប្រមុខរដ្ឋហ្វីលីពីន បែរជាលើកសរសើរចំពោះជំហរ ទីក្រុងប៉េកាំងនិងម៉ូស្កូទៅវិញ ពីព្រោះយោងតាមយោបល់លោក ចិននិងរុស្ស៊ី បានបង្ហាញពីសក្ខីភាពមួយដែលបញ្ជាក់ពីការគោរពចំពោះនយោបាយរបស់ប្រទេសហ្វីលីពីន៕

ប្រភព ៖ rfi

Loading...

  • ហ្វីលីពីន​ត្រៀមខ្លួនស្រេច​ក្នុងការធ្វើសមយុទ្ធរួមគ្នាជាមួយចិននិងរុស្ស៊ី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ជីវិតនិងសង្គម
Tags: