បង្ក្រាប​ល្បែង​កន្ទុយលេខ​ដ៏​ធំ​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជាការ​បង្ហាញ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​

កន្លងមក​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​រិះគន់​ជា​បន្ត​បន្ទាប់ពី​រឿង​ចៅសង្កាត់ ក៏ដូចជា​មេ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹងទំពុន ដែល​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹងទំពុន​ទេនោះ គឺ​មេ​កន្ទុយលេខ​ដ៏​ធំ​ក្នុងភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ក៏ដូចជា​មេ​ល្បែងស៊ីសង​ដទៃទៀត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល​ខណ្ឌមានជ័យ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​សង្កាត់​បឹងទំពុន ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​តទៅទៀត​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ខណ្ឌ និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌមានជ័យ បាន​ចាត់វិធានការ​បង្ក្រាប​ទីតាំង​ល្បែង​កន្ទុយលេខ​ដ៏​ធំ​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដោយ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​២​នាក់ ព្រមទាំង​រកឃើញ​លុយ​ខ្មែរ​និង​លុយ​ដុល្លារ​សរុប​ជិត​៧​ម៉ឺន​ដុល្លារ​។ មេ​ឆ្នោត​កន្ទុយលេខ​២​នាក់​ប្ដី​ប្រពន្ធ​ដែល​ត្រូវ​បង្ក្រាប​នោះ ទី​១​ឈ្មោះ ញឹម កុសល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ជា​ប្ដី និង​ឈ្មោះ សុខ មួង​ហេង អាយុ​៤៧​ឆ្នាំ​ដូចគ្នា​ជា​ប្រពន្ធ​។ ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​នគរបាល​ខណ្ឌ និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌមានជ័យ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង ព្រោះ​កន្លងមក​មេ​ល្បែង​កន្ទុយលេខ​២​នាក់​ប្ដី​ប្រពន្ធ​នេះ ប្រមូល​លុយ​ពី​អ្នកញៀន​ល្បែង​ក្នុង​មួយថ្ងៃៗ​រាប់សិប​លាន​រៀល​។

តាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​មេ​ល្បែង​កន្ទុយលេខ​នៅក្នុង​ភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា នៅពេល​បង្ក្រាប​សមត្ថកិច្ច​រកឃើញ​ចុងសន្លឹក​ឆ្នោត​ដែល​ចាក់​រួច​រាប់រយ​សន្លឹក ប៊ិច​ជាច្រើន​ដើម ម៉ាស៊ីន​ហ្វាក់ និង​វត្ថុតាង​ជាច្រើន​ទៀត រួមទាំង​លុយ​ដុល្លារ​ជិត​៧​ម៉ឺន​ដុល្លារ និង​លុយ​ខ្មែរ​ជាង​១០​លាន​រៀល​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការដែល​មេ​ល្បែង​កន្ទុយលេខ​ទាំង​២​នាក់​នេះ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នាពេល​កន្លងមក គឺអាច​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​សង្កាត់ និង​មន្ត្រីនគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹងទំពុន ទើប​ពួកគេ​ធ្វើ​មិនដឹងមិនឮ​នាពេល​កន្លងមក​។ ដូច្នេះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌ គួរ​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ល្បែង​កន្ទុយលេខ​ក្នុងភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ឲ្យ​ដល់​ប្ញ​សគល់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ល្បែងស៊ីសង​ក្នុង​សង្កាត់​បឹងទំពុន កើតឡើង​យ៉ាង​អនាធិបតេយ្យ​តទៅទៀត​៕

14711326_1776336282633062_7962621897091535105_o 14707835_1776336402633050_1284035747060226690_o 14753281_1776335939299763_688228305185018968_o 14711603_1776336155966408_3176376472025418581_o 14753749_1776336482633042_5410150145327618706_o