បិទ​ការ​ស៊ើបអង្កេត​ករណី បាក់​រលំ​ថ្មភ្នំ សង្កត់​អេ​ស្កា​វ៉ា​ទ័​រ ស្លាប់​មនុស្ស ៣ នាក់ នៅ​ភ្នំ​ធំ​៣

បិទ​ការ​ស៊ើបអង្កេត​ករណី បាក់​រលំ​ថ្មភ្នំ សង្កត់​អេ​ស្កា​វ៉ា​ទ័​រ ស្លាប់​មនុស្ស ៣ នាក់ នៅ​ភ្នំ​ធំ​៣



បន្ទាយ​មាន​ជ័យ​: ដោយ​ចាត់​ទុក​ថា ជា​ករណី​ឧបទ្ទវហេតុ​ចៃដន្យ មិនមែន​ជា​ឃាតកម្ម ឬ​ធ្វេសប្រហែស​ការងារ សមត្ថកិច្ច​បាន​អះអាង​ថា សមត្ថកិច្ច បិទ​ការ​ស៊ើបអង្កេត ករណី​លំបាក់​ថ្មភ្នំ​ធំ​ត្បូង នៃ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ៣ នៅ​ថ្ងៃ​ទី​១៧​តុលា ២០១៦ នេះ​ហើយ​។

លោក​វរសេនីយ៍ ស៊ី ឌី អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បានអោយ CEN ដឹង​នៅ​ថ្ងៃ​ទី​១៧ តុលា ថា​: នោះ​ជា​ឧបទ្ទវហេតុ​ដោយ​ចៃដន្យ ដោយ​ថ្មភ្នំ​ធម្មជាតិ ពោល​គឺ ក្នុង​ពេល​មុន​កើតហេតុ មាន​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង ត្រូវ​មេការ​ម្នាក់ កម្មករ ២​នាក់ ជា​បុគ្គលិក​ពេញ​ម៉ោង របស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ ៣ របស់​លោក​ឧកញ៉ា លឹ​ម ហេង នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​ថែម​ម៉ោង នៅ​ចង្កេះភ្នំ ២ កន្លែង​។ ខណ​:​នោះ ក៏​មាន​ឧបទ្ទវហេតុ ផ្ទាំង និង​ដុំ​ថ្ម នៅ​កំពូលភ្នំ ផ្នែក​ខាងលិច បាន​ប្រេះ​ហែក រលំ​បាក់​ចុះ​មក ហើយ​ត​មក​កម្លាំង​ខ្ទរ​រញ្ជួយ​កក្រើក​នោះ បង្ក​អោយ​ផ្ទាំង​ថ្ម នៅ​កំពូលភ្នំ ផ្នែក​ខាងកើត​នោះ ក៏​បាក់​រលំ​មក​ដែរ​។ ផ្ទាំង​និង​ដុំ​ថ្មភ្នំ​ទាំង​២​កន្លែង បាន​បង្ក​កិន​សង្កត់ លុប​ត្រាក់ទ័រ​ចូក (​អេ​ស្កា​វ៉ា​ទ័​រ​) ២​គ្រឿង ហើយ​បាន​ធ្វើ​អោយ​កម្មករ ២​នាក់ និង​មេការ ១​នាក់់ បាន​ស្លាប់​។ មិន​មាន​អ្នក​ផ្សេង​ទៀត រង​របួស ឬ​ស្លាប់​ឡើយ បើ​ទោះបីជា​ពី​ដំបូង​ៗ សង្ស័យ​ថា អាច​មាន​មនុស្ស​ផ្សេង​ទៀត បាត់​ខ្លួន កប់​ក្រោម​ផ្ទាំង​ថ្ម​ក្តី​។    

ជន​រង​គ្រោះ​ទាំង ៣ នាក់ ដែល​ស្លាប់​ដោយ​ខ្ទេច​សាកសព​នោះ រួម​មាន ទី​១-​ឈ្មោះ ហែម គឹ​ម​ឡេ​ង ហៅ ឡុំ អាយុ​៥២​ឆ្នាំ ជា​មេការ​ការដ្ឋាន​ផលិត​ថ្ម​។ ទី​២​ឈ្មោះ លឹ​ម គឹ​ម​ឡុ​ង អាយុ​២៦​ឆ្នាំ ត្រូវជា​កូនប្រុស​របស់​លោក​មេការ និង​ជា​អ្នក​បើក​អេ​ស្ការ​វ៉ា​ទ័​រ និង​ទី​៣ ឈ្មោះ ថង សេដ្ឋា ហៅ សាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​អេ​ស្ការ​វ៉ា​ទ័​រ មួយ​គ្រឿង​ទៀត​។  អ្នក​ទាំង ៣ មាន​ទីលំនៅ ជាប់​ការដ្ឋាន ក្នុង​នៅ​ភូមិ​កើតហេតុ​ខាងលើ​។  

សាក្សី និង​លោក លឺ​ម សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ​៣ បាន​និយាយ​ថា​: មុន​គ្រោះថ្នាក់​នេះ មាន​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង​នេះ បាន​កាយ​ថ្ម ដូច​សព្វមួយដង​។

តែ​ចៃដន្យ ផ្ទាំង​ថ្ម នៅ​ត្រង់​កំពូល​ដែល​ជា​ចំណុច​-​ស ជាទី​ខ័​ណ្ឌ​ចែក​ព្រំប្រទល់ រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ ៣ របស់​លោក លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ ២ របស់​លោក កូ ណៃ ដែល​ប្រេះស្រាំ​ផង និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង បាន​បាក់​រលំ​ចុះ​មក រាប់​សិប រាប់រយ​ផ្ទាំង ដុំ ទម្ងន់​រាប់រយ​ពាន់​តោន​។    

ក្រុម​អ្នក​សង្គ្រោះ​ពី​ការដ្ឋាន​នេះ និង​ពី​ការដ្ឋាន​ជិតខាង បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ ៤​គ្រឿង គ្រឿងចក្រ​ឈូស រុញ​ផ្សេង​ទៀត និង​មនុស្ស​ជា​ច្រើន​នាក់ ចំណាយពេល​ជា​ច្រើន​ម៉ោង ទើប​កាយ​យក​សាកសព​មុន រួច​បន្ត​យក​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង​នោះ​ទៀត​។

មនុស្ស​ម្នារ​រាប់រយ​នាក់ បាន​នាំ​គ្នា​ទៅ​មើល​ទិដ្ឋភាព កន្លែង​គ្រោះថ្នាក់​នោះ ហើយ​និយាយ​ថា​: ទាំង​ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ ៣ របស់​លោក​លឹ​ម សេង ទាំង​ជន​រង​គ្រោះ មានការ​ធ្វេសប្រហែស មិន​បង្កា​បម្រុង​គ្រោះថ្នាក់ ដើម្បី​ការពារ​ជីវិត​មនុស្ស ជា​មុន ព្រោះ​ដឹង​ថា ផ្ទាំង​ថ្ម​នោះ ប្រេះស្រាំ ងាយ​នឹង​បាក់​រលំ​ដែរ​។  

លោក លឺ​ម សេង បាន​និយាយ​ថា​: ក្រុមហ៊ុន ត្រូវ​ខាតបង់ លើ​អេ​ស្កា​វ៉ា​ទ័​រ ២ គ្រឿង​នោះ ជាង ៣០ ម៉ឺន​ដុល្លារ និង​សង​គ្រួសារ​ជន​រង​គ្រោះ រាប់​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​៕