គ្រូ​ទីម័រ​៖ ​«រៀប​បង្វេច​ទៅ​ផ្ទះ​វិញ​ល្អ​ជាង បើ​គ្មាន​ជំនឿ​ចិត្ត​»

​លោក​ Fernando Rogério de Alcântara ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ទីម័រខាងកើត​​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​គោល​ជំហរ​​លោក និង​កូន​ក្រុម​មក​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup ​នេះ​​​ត្រូវ​មាន​​​ទំនុក​ចិត្ត​ ​ពុំ​នោះ​ទេ​​​រៀប​ចំ​បង្វេច​ទៅ​ផ្ទះ​​មុន​ការ​ប្រកួត​មក​ដល់​​ល្អ​ជាង។

 

គ្រូ​ទីម័រ​៖ ​«រៀប​បង្វេច​ទៅ​ផ្ទះ​វិញ​ល្អ​ជាង បើ​គ្មាន​ជំនឿ​ចិត្ត​»

​លោក​ Fernando Rogério de Alcântara

 

​ចាប់​ផ្ដើម​ការ​ប្រកួត​ទី​១ ក្រុម​របស់​លោក​បាន​បរាជ័យ​​ក្រោម​ថ្វី​ជើង​ ប្រ៊ុយណេ ២-១។ បរាជ័យ​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោក និង​កូន​ក្រុម​​បាត់​បង់​ជំនឿ​ចិត្ត​ក្នុង​ការ​ដណ្ដើម​កៅអី​ឡើង​ទៅ​វគ្គ​​ចែក​ពូល​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​នេះ​​​ទេ។

 

​ទាក់​ទង​នឹង​​​​​ការ​​ខក​ខាន​ពិន្ទុ​​នា​ប្រកួត​ទីមួយ​របស់​ខ្លួន​​គ្រូ​បង្វឹក​មាន​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ទោះ​បរាជ័យ​នា​ប្រកួត​ទី​១​​ កូន​ក្រុម​របស់​លោក​រួម​ទាំង​លោក​ត្រូវ​មាន​ជំនឿ​ចិត្ត​សម្រាប់​​ការ​ប្រកួត​បន្ទាប់​។ ​ក្រុម​របស់​​ខ្លួន​មិន​ទាន់​គិត​ពី​បញ្ហា​ប៉ះ​កម្ពុជា​នោះ​ទេ ​អ្វី​ដែល​សំខាន់​​គ្រប់​ការ​ប្រកួត​ត្រូវ​តែ​មាន​សង្ឃឹម។

 

​លោក​បន្ថែម​ថា ទន្ទឹម​នឹង​នោះ​លោក​​កំពុង​គិត​​ចំពោះ​ការ​ប៉ះ​ឡាវ​ប្រជែង​យក​៣​ពិន្ទុ​ ដើម្បី​បន្ត​ដង្ហើម​មាន​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​បាន។ ចំនួន​អ្នក​គាំទ្រ​កម្ពុជា​មិន​​​អាច​ធ្វើ​ឲ្យ​កីឡាករ​របស់​លោក​មាន​បញ្ហា​​ធ្លាក់​ចុះ​ទម្រង់​លេង​នោះ​ទេ ពី​ព្រោះ​ពួក​គេ​គ្រប់​រូប​មាន​បទពិសោធន៍​ច្រើន។
 

​ក្រុម​ទីម័រ​ខាង​កើត​ នឹង​ត្រូវ​ប៉ះ​កម្ពុជា​នា​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៦:៣០​នាទី​។ ​​ចំពោះ​ការ​ប៉ះ​ឡាវ​​ម៉ោង៣:៣០​នាទី​ល្ងាច​នេះ​​ ប្រសិន​បើ​ក្រុម​​មួយ​នេះ​​អាច​យក​បាន​៣​ពិន្ទុ​ នោះ​ប្រាកដ​ណាស់​ នឹង​​អាច​បង្ក​ការ​ព្រួយ​បារម្ភ​មួយ​ដល់​កម្ពុជា​​នា​ប្រកួត​​ចុង​ក្រោយ បើ​ទោះ​បី​​កម្ពុជា​​ឈ្នះ​ឬ​ចាញ់​​ប្រ៊ុយណេ​ល្ងាច​នេះ​ក៏​ដោយ​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​