យុទ្ធនាការ «​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​»​រំពឹងថា​នឹង​បន្ថយ​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​ និពន្ធដោយ : ឡេង ឡែ​ន​ VOA       October-18-2016, 7:39 am         462

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108យុទ្ធនាការ «​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​»​រំពឹងថា​នឹង​បន្ថយ​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​អង្គការ ACRA ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​នៅក្នុង​ផ្សារ​ធំៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​បានចាប់ផ្ដើម​យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​» ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ​មាន​គោលដៅ​អប់រំ​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទាំងអស់​ឲ្យ​ដាក់​ទំនិញ​ក្នុង​ថង់​តែមួយ​ក្នុងន័យ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ ក្រសួងបរិស្ថាន និង​អាជ្ញាធរ​នៅក្នុង​ផ្សារ​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បានចាប់ផ្តើម យុទ្ធនាការ​បរិស្ថាន «​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​» ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​គម្រោង​នេះ​មាន​គោលដៅ​អប់រំ​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ទាំងអស់​ឲ្យ ដាក់​ទំនិញ​ក្នុង​ថង់​តែមួយ ក្នុងន័យ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ហើយ​ក្នុងនោះ​ផ្សារ​អូរឫស្សី គឺជា​ផ្សារ​មួយ​ក្នុងចំណោម​ផ្សារ​រដ្ឋ​ទាំង​ប្រាំ​ដែល​ស្ថិតក្នុង​យុទ្ធនាការ​នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​អាជីវករ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ​។​

​អ្នកស្រី អ៊ុន គីម អាយុ​៣៦​ឆ្នាំ ប្រកប​របរ​លក់​ផ្លែឈើ​នៅ​ផ្សារ​អូរឫស្សី​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។ អ្នកស្រី​ប្រាប់ VOA ថា ជាប្រចាំ​ថ្ងៃ​អ្នកស្រី​ប្រើ​ថង់​ប្លា​ស្ទិ​ក​អស់​ជិត​មួយ​គីឡូក្រាម​ដើម្បី​ខ្ចប់​ផ្លែឈើ​ឲ្យ​អតិថិជន​របស់​អ្នកស្រី​។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​អ្នកស្រី​ចូលរួម​យុទ្ធនាការ​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​» អ្នកស្រី​បាន​កាត់បន្ថយ​ការចំណាយ​ថវិកា ដើម្បី​ទិញ​ថង់​ពីមួយ​គីឡូក្រាម​មក​កន្លះ​គីឡូក្រាម​វិញ ពោលគឺ​កាត់បន្ថយ​ការប្រើប្រាស់​និង​ចំណាយ​រហូត​ជាង​ហាសិប​ភាគរយ​។​

​កំពុង​ច្រក​ផ្លែ​ទន្លាប់​បណ្ដើរ អ្នកស្រី​មានប្រសាសន៍​បណ្ដើរ​ថា​៖ «​ពីមុន​ខ្ញុំ​ប្រើ​ថង់​ក្នុង​មួយថ្ងៃ​ចូល​ជិត​មួយ​គីឡូ តែ​ឥឡូវ​ខ្ញុំ​ប្រើ​អស់​ប្រហែលជា​បី​ខាំ​! អា​ធំ​បី​ខាំ អា​ធុន​កណ្ដាល​ក៏​បី​ខាំ​ដែរ​។ វា​ចុះ​បាន​ជិត​ពាក់កណ្ដាល ប៉ុន្តែ​វា​មិនទាន់បាន​ទាំងអស់​ទេ បាន​ជិត​ត្រឹម​៧០​ភាគរយ យើង​ចេះតែ​ពន្យល់​គេ​ខ្លះទៅ​។ តែមួយ​ចំនួន​គេ​តាម មួយចំនួនទៀត​គេ​អត់​ទាន់​យល់​គេ​អត់​ទាន់​តាម​យើង​បានទេ​»​។​

យុទ្ធនាការ «​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​»​រំពឹងថា​នឹង​បន្ថយ​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​ និពន្ធដោយ : ឡេង ឡែ​ន​ VOA       October-18-2016,  7:39 am         462

​បើតាម​ការស្ទង់មតិ​មួយ​ស្ដីអំពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​កម្ពុជា​ដោយ​អង្គការ ACRA ដែល​ធ្វើការ​ប្រឆាំងនឹង​ភាពក្រីក្រ ក្រោម​ជំនួយ​មូលនិធិ​ពី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បង្ហាញថា ប្រជាជន​កម្ពុជា​ម្នាក់ ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ចំនួន​២០០ ថង់​ក្នុង​មួយខែ ហើយ​ជាង​២.០០០​ថង់​ក្នុង​មួយឆ្នាំ​។ ហើយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើនជាងគេ មាន​ប្រភព​មកពីផ្សារ​លក់​អាហារ​នៅ​កម្ពុជា​។​

​ខណៈពេល​កាន់​ថង់​ប្លា​ស្ទិ​ក​ជាច្រើន​ក្នុង​ដៃ នៅឯ​ផ្សារ​អូរឫស្សី ស្ត្រី​ម្នាក់​ជា​អតិថិជន សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​អ្នកស្រី​ក៏មាន​បំណង​ចង់​កាត់បន្ថយ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដែរ​។​

«​ចុះបើ​អ្នកលក់​គេ​ច្រក​មកហើយ​ធ្វើ​ម៉េច​។ បើ​យើង​មិន​ប្រើ​ធ្វើ​ម៉េច បើ​សុទ្ធតែ​ឥ​វ៉ា​ន់រាយ​អញ្ចឹង​។​សុទ្ធតែ​ឥ​វ៉ាន់​កំប៉ិកកំប៉ុក បើ​អត់​ប្រើ​ច្រក​ថង់​ទៅ​ដាក់​ម៉េច​កើត​។ ធ្វើបាន​តើ​ឲ្យ​តែ​អ្នកលក់​ច្រក​ឲ្យ បើ​ទិញ​ច្រើន​កន្លែង​គេ​ច្រក​ច្រើន​កន្លែង​»​។​

​តែ​យ៉ាងណា អាជីវករ​លក់​ត្រី​នៅ​ផ្សារ​អូរឫស្សី​អ្នកស្រី ឆូ​យ សុខ ត្អូញត្អែរ​ពី​ការសុំ​ថង់​បន្ថែម​របស់​អ្នក​ដែល​មក​ទិញ​ត្រី​អ្នកស្រី​។​

«​អូន​អើយ​! អ្នកខ្លះ​មកដល់​ភ្លាម​យក​ថង់​ទ្រាប់​ដៃ​មួយ ទើប​រើស​ត្រី​។ ហើយ​ទ្រាប់​ដៃដល់​រើស​ប្រឡាក់​គាត់​អត់​យក​ទេ​។ គាត់​អត់​យក​ហើយ ដាក់​ថង់​ក្រៅ​ឲ្យ​គាត់​មួយ​ជាន់​ទៀត​។ អញ្ចឹង​វា​អស់បី​ហើយ​ក្នុង​ម្នាក់​។ បង​ដឹងថា ថង់​វា​ថ្លៃ ហ្នឹង​ទីមួយ​។ ដូច​ថា​ប្រាក់កម្រៃ​វា​ចេញ​ច្រើន​ក្នុង​ម្នាក់ៗ​។ ប៉ុន្តែ​ឲ្យ​បង​ធ្វើ​ម៉េច​អូន ភ្ញៀវ​គាត់​ចង់​អញ្ចឹង​។ បង​ប្រាប់​គេ​ឲ្យ​ជួយ​កាត់បន្ថយ​ព្រោះ​អី​ថង់​ធ្លាក់​កន្លែង​ណា ដាំ​អី​ក៏​មិនកើត​ដែរ​។​»

​រីឯ​អ្នកស្រី ជា ស៊ីម អាជីវករ​លក់​ផ្លែឈើ​ម្នាក់ទៀត ត្អូញត្អែរថា ជាទូទៅ​អ្នកទិញ​មិន​ចង់​ដាក់​ទំនិញ​រួម​បញ្ជូន​គ្នា​ក្នុង​ថង់​តែមួយ​នោះទេ ដោយសារ​ពួកគេ​បារម្ភ​ខ្លាច​ប្រឡាក់​ជ័រ​ផ្លែឈើ​។​

«​ធ្វើ​តែ​បាន​ឲ្យ​តែ​ម្ចាស់​អ្នកទិញ​ព្រម​។ មាន​ទៅ​ស្អី​ចង់ ខ្លាច​តែ​អស់​ថង់​ផង បើ​ដាក់​បី​បួន​មុខតែ​មួយថង់​រឹតតែ​អរ​ទៅទៀត​។ ខ្លះ​គេ​ព្រម​ខ្លះ​គេ​អត់​ព្រមទៅ​ណាស់ វា​អត់​ទៀង​។ ដូច​អំបាញ់មិញ​ស្វាយ​ខ្លះ​អានេះ​ដាក់​ចូលគ្នា​ឥត​កើត​ទេ​។ គេ​អត់​ដាក់​ជ័រ​ស្វាយ​ប្រឡាក់​ទន្លាប់​គេ​»​។​

​បើតាម​ការស្ទង់មតិ​នៅ​ចុងឆ្នាំ​២០១៥​របស់​អង្គការ ACRA ដែល​ធ្វើការ​ប្រឆាំងនឹង​ភាពក្រីក្រ​ឲ្យ​ដឹងថា ថង់​ប្លា​ស្ទិ​កមួយ​គីឡូ​មានតម្លៃ​ជា​មធ្យម​៨.០០០​រៀល ហើយ​ប្រជាជន​កម្ពុជា​យល់ថា ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក វា​មាន​ភាពងាយស្រួល​។​

​ក្នុង​ការស្ទង់មតិ​ដដែល​រកឃើញថា ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​កម្ពុជា​បាន​ខាតបង់​ថវិកា​អស់​រាប់រយ​លាន​ដុល្លារ​ពី​កាក់សំណល់​ថង់​ប្លា​ស្ទិ​ក​នេះ​។​

​លោក ម៉ក់ ប៊ុនធឿន អ្នកស្រាវជ្រាវ​នៃ​គម្រោង​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​នេះ​ប្រាប់ VOA ថា ថង់​ប្លា​ស្ទិ​ក​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ សុខាភិបាល និង​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​

«​ដោយសារ​រឿង​ថង់​ប្លា​ស្ទិ​ក​ហ្នឹង ខាតបង់​ចូលដល់​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ តាមរយៈ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន បង្ក​ឲ្យ​មាន​ការស្ទះ​ប្រព័ន្ធ​លូបង្ហូរទឹក ផលប៉ះពាល់​លើ​សុខភាព​ដែល​ប្រជាពលរដ្ឋ​ចំណាយ​ទៅលើ​សុខភាព​។ ប៉ះពាល់​ទៅលើ​វិស័យ​ទេសចរណ៍​វា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ធ្លាក់ចុះ​ទៅលេង​តំបន់​ហ្នឹង​»​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​»​នា​ថ្ងៃ​សុក្រ​នេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន​កំពុង​ពង្រាង​អនុក្រឹត្យ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ក្នុងការ​រស់នៅ​។ ក៏ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​មិនទាន់មាន​វិធានការ​ជាក់លាក់ ក្នុងការ​ផាកពិន័យ​លើ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅឡើយ​ទេ​។​

«​អនុក្រឹត្យ​ទាក់ទង​នឹង​ថង់​ប្លា​ស្ទិ​ក​នេះ យើង​កំពុងតែ​តាក់តែង​។ អញ្ចឹងទេ យើង​មិនទាន់មាន​វិធានការ​អី​ទេ ក្រៅពី​គ្រប់គ្រង​សំណល់​រឹង​នោះ​។ ហើយ​ខ្ញុំ​សង្ឃឹមថា ដូច​ខ្ញុំ​បាន​ជម្រាបជូន​កន្លងមក​ហ្នឹង ថា អនុក្រឹត្យ​ស្ដីអំពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​នេះ​នឹង​ចេញ​ក្នុងពេល​ឆាប់ៗ​»​។​

​យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ​»​នេះ ត្រូវបាន​គេ​រំពឹងថា មាន​អាជីវករ​ចំនួន​១.៥០០​នាក់ នឹងចូលរួម​អនុវត្ត​គម្រោង​នេះ​ដោយ​ពន្យល់​ណែនាំ​អតិថិជន​របស់​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​នេះដែរ​។ យុទ្ធនាការ​នេះ ក៏​នឹង​អនុវត្ត​នៅឯ​ខេត្ត​សៀម​រាម និង​ខេត្ត​ព្រះសីហនុ​នាពេលខាងមុខ​ផងដែរ​៕