ផ្ទុះ​ចម្រូង​​ចម្រាំង​​ខ្លាំង ខណៈរុះរើ​​សាលា​ឆទាន​​ចេញ​

ខេត្តបាត់ដំបង ៖ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​​បាណ​ន់ កំពុង​ប្រ​តិ​កម្ម​​ប្រឆាំង​នឹង​គណៈ​​កម្ម​ការ​វត្ត​ស្នឹង ដែល​ចុះ​រុះរើ​សាលាឆទានមួយកន្លែង​ ដែល​​បាន​សាងសង់​លើ​ដី​សា​ធារ​ណៈ​​មួយ​កន្លែង នៅ​ក្នុងភូមិ​បឹង​ចែង ឃុំ​ស្នឹង ស្រុក​បាណ​ន់ ខេត្ត​បាត់​ដំបង ។

អ្នកស្រុក​​​បាន​សង្ស័យ​​ថា ជា​ការ​រុះរើ​យក​ដី​លក់​ទៅ​​​ឱ្យ​​អ្នកមាន​​លុយ ឬអ្នកមាន​អំណាច​ម្នាក់​ ប៉ុន្តែ​គណៈ​​កម្ម​ការ​វត្ត​បាន​​អះអាង​ថា ជា​ការ​​រុះរើ​សាលាឆទាន​​នេះ ដោយសារ​ប៉ះពាល់​ការ​ស្ថាបនា​ផ្លូវ និង​យក​ឈើ​នោះ​​ ទៅ​ធ្វើ​រោង​បុណ្យ​នៅ​ក្នុង​វត្ត​ស្នឹង​វិញ​។

បើ​តាម​​សេចក្ដី​រាយ​ការ​ណ៍​​បាន​​​ឱ្យ​​ដឹង​ថា ការ​ចុះ​​រុះរើ​សាលាឆទាន​នោះ គឺ​ដឹកនាំ​ដោយ​លោក​​សេត តែម សមាជិក​គ​ណៈ​កម្ម​ការ​វត្ត​ស្នឹង ដែល​ធ្វើ​ជាង​មួ​យស​ប្ដា​ហ៍​​​មក​ហើយ ប៉ុន្តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​ប្រជា​ពលរ​ដ្ឋ ទើប​ផ្អាក​ការ​រុះរើ​ រហូត​មក​ទល់ពេល​​នេះ​។

ដោយឡែក​ អាជ្ញាធរ​ឃុំ ឬ​ស្រុក​បាន​បដិសេធ​​ថា មិន​បានដឹង​រឿង​នេះ​​ទេ ហើយ​បាន​​បញ្ជា​ឱ្យ​​អ្នក​រុះរើ​ផ្អាក​បណ្ដោះអាសន្ន​សិន​ហើយ ដើម្បី​ដោះស្រាយ​។

ប៉ុន្តែករណីនេះ ត្រូ​វ​អ្នក​ភូមិ​​ហាក់​បាន​ធ្វើការ​ចោទ​ចំ​ៗ​​ទៅ​លើ​គ​ណៈ​​កម្ម​ការ​វត្ត និង​អាជ្ញាធរ​​ថា បាន​សមគំនិត​គ្នា​រុះរើ​សាលាឆទាន ដើម្បី​យក​ដី​លក់ឱ្យ​​​អ្នកមាន​លុយ​ ឬ​អ្នកមាន​អំណាច​ណាមួយ ក្រោម​លេស​ប៉ះពាល់​ចំណី​ផ្លូវ​ដែល​កង​វិស្វកម្ម​កំពុង​សាងសង់​។ ព្រោះ​​ទីតាំង​ដី​សាលាឆទាន​នោះ​​នៅ​ចំ​កែង​ផ្លូវបំបែក ដែល​ត្រូវប៉ាន់​បំផុត ​បើ​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធន:​ ។

​យ៉ាងណា​​ក៏ដោយ ប្រជា​ពលរ​ដ្ឋបាន​ទាមទារ​ឱ្យ​​អ្នក​រុះរើ​ត្រូវធ្វើ​សាលាឆទាន​នោះ​ឡើង​វិញ​ ។