អួល​បាយ​រកទឹក អួល​ទឹករក​ចប

អួល​បាយ​រកទឹក អួល​ទឹករក​ចប

មាត់ជាផ្លូវចូលនៃអាហារទាំងឡាយ អណ្ដាតជាអ្នកស្រង់នូវឱជារសធ្មេញជាអ្នកទំពាដ៏ជំនាញដើម្បីបំបែកអាហារឱ្យល្អិត រីឯបំពង់អាហារប្រៀបដូចជាទុយោនាំអាហារទៅដល់ក្រពះ។ នៅពេលទទួលទានអាហារដោយប្រញាប់មិនបានប្រយ័ត្ន អាការមួយដែលតែងកើតឡើងគឺអួល។ ពេលអួល អ្នកខ្លះខំគក់ក្បាល ក្បាលជង្គង់ កញ្ចឹងកហើយទឹកអាចជាអ្នកជួយឱ្យការអួលបាយ ឬចំណី អាហាររបូតជ្រុះទៅក្រោមដើម្បីបញ្ឈប់ការអួល។ ប៉ុន្ដែក៏មានពេលខ្លះអួលបាយហើយអួលទាំងទឹកថែមបន្ទុកមួយជាន់ទៀតដែរ ជា ហេតុឱ្យខ្មែរយើងបង្កើតជាឃ្លាមួយថា“អួលបាយរកទឹក អួលទឹករកចប”។

ទស្សនាវដ្ដីសុខភាពយើងលេខនេះបានជួបលោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ប្រធានផ្នែកជម្ងឺត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីបកស្រាយពីអាការអួលជូនប្រិយមិត្ដអ្នកអានទុកជាចំណេះដឹង។

អាការអួលអាហារ

អួលមានការពាក់ព័ន្ធសំខាន់នឹងបំពង់អាហារគឺជាអាការស្ទះអាហារ ឬទឹកដោយប្រការផ្សេងៗត្រង់បំពង់អាហារ។ អួលអាចបង្កពីមូលហេតុផ្សេងៗច្រើនយ៉ាង និងបង្កជាគ្រោះថ្នាក់ដោយឡែកពីគ្នា អាចធ្ងន់អាចស្រាលជួនកាលអាចស្លាប់បាន បើជួយសង្គ្រោះមិនទាន់។ មិនតែប៉ុណ្ណោះអាការអួលក៏អាចបញ្ជាក់ឱ្យដឹងអំពីរោគសញ្ញានៃជម្ងឺផ្សេងទៀតផងដែរ។

មូលហេតុនៃការអួល

អាការអួលស្ដែងចេញតាមមូលហេតុផ្សេងៗគ្នា។

1 . រោគពីកំណើត ៖ ដោយសារលក្ខណៈមិនប្រក្រតីខ្លះដែលកើតឡើងតាំងពីកំណើតដូចជាបំពង់អាហារតូចត្បៀត ធ្វើឱ្យ ការលេបអាហារលំបាក និងងាយអួល។

2 . ស្លាក់ ៖ ការស្លាក់ឆ្អឹងឬវត្ថុរឹងផ្សេងៗ អាចធ្វើឱ្យមុតបំពង់អាហារ និងបណ្ដាលឱ្យឈឺនោះចលនាជំរុញអាហារឱ្យធ្លាក់ ទៅក្រោមមានសភាពខ្សោយ ជាហេតុធ្វើឱ្យការលេបអាហារអាចអួលបាន។

3 . ការទទួលទានច្រឡំ ៖ ការរៀបចំទុកដាក់មិនបានត្រឹមត្រូវនូវទឹកក្បុងឬអាស៊ីតនឹងអាចធ្វើឱ្យមានការច្រឡំទទួលទាន ដែលនាំឱ្យរលាកឬដុះសាច់នៅត្រង់បំពង់អាហារទៅថ្ងៃក្រោយដែលជាមូលហេតុឱ្យមានអាការអួលពេលទទួលទានអាហារ។

4 . ជម្ងឺបំពង់អាហារ ៖ ជម្ងឺមួយចំនួនដែលនាំឱ្យដុះសាច់ក្នុងបំពង់អាហារ ឬត្បៀតបំពង់អាហារនោះជាមូលហេតុនៃការ អួលមួយប្រភេទផ្សេងទៀត។

5 . ជម្ងឺសរសៃប្រសាទ ៖ ពិសេសពាក់ព័ន្ធនឹងសរសៃប្រសាទទី៩ និងទី១០ដែលមានតួនាទីបញ្ជាចលនារំញ័របំពង់អាហារ ជំរុញឱ្យអាហារធ្លាក់ចុះ។ ជម្ងឺប្រភេទនេះច្រើនកើតឡើងចំពោះមនុស្សវ័យចំណាស់ព្រោះវ័យនេះថាមពលរាងកាយទ្រុឌទ្រោម សរសៃប្រសាទបាត់បង់សុពលភាព។ មនុស្សចាស់ងាយកើតអាការអួលញឹកញាប់ចំពោះអាហារស្ងួតឬក្រៀមក្រោះ។

6 . ដុះដុំសាច់ក្នុងបំពង់អាហារ ៖ ដុះដុំសាច់អាចបណ្ដាលមកពីការហូបស្រា ឬបារីច្រើនហើយច្រើនកើតចំពោះមនុស្ស អាយុពី៥០ឆ្នាំឡើង។ បើអាការជម្ងឺកាន់តែធ្ងន់ធ្ងរ សូម្បីតែទឹកក៏អាចអួលដែរ។

7 . ដុះថង់សាច់ក្នុងបំពង់អាហារ ៖ នេះជាករណីពិសេសមួយ ព្រោះការដុះថង់សាច់នេះ ពេលលេបអាហារអាហារនឹងធ្លាក់ ចូលក្នុងថ្នក់នោះ ធ្វើឱ្យស្ទះនិងអួលអាហារបាន។

8 . ដុះឆ្អឹងខ្លីនៅបំពង់អាហារ ៖ ការដុះឆ្អឹងខ្ចីលើសតម្រូវការនេះច្រើនដុះនៅផ្នែកខាងលើនៃបំពង់អាហារ។ វាធ្វើឱ្យបំពង់ អាហារនឹងរួមរង្វង់ផ្ចិត និងទើសផ្លូវអាហារ។ អាការបែបនេះលោកអ្នកមិនអាចលេបអាហារបានដូចប្រក្រតីឡើយ។

9 . អាការភើ ៖ ការភើញឹកញាប់ធ្វើឱ្យជាតិអាស៊ីតច្រាលឡើងមកលើ ជាហេតុនាំឱ្យរលាកបំពង់អាហារមានដំបៅឬដុះ សាច់មហារីក។ មូលហេតុទាំងនេះពិតជានាំឱ្យមានផលរំខានដល់ដំណើរលំហូរចុះនៃអាហារ ធ្វើឱ្យកើតអាការអួល។

ផលវិបាកបណ្ដាលពីការអួល

ផលវិបាកដែលនឹងកើតឡើងគឺអាស្រ័យទៅលើមូលហេតុ។ បើអួលបង្កដោយជម្ងឺមហារីកនោះកម្រិតគ្រោះថ្នាក់ដល់ជីវិតក៏កាន់តែខ្ពស់។ ប្រសិនបើអួលត្បិតមូលហេតុនៃការស្លាក់ឆ្អឹងមិនបានព្យាបាលឱ្យទាន់ពេល អាចក្លាយជាដំបៅធ្លាយបំពង់អាហារឬអាប់សែជាដើម។ ឯមូលហេតុជម្ងឺផ្សេងទៀត ដូចជាបំពង់អាហារតូចពីកំណើត មានជម្ងឺបំពង់អាហារឬដុះថង់សាច់ ជាទូទៅអាច ឈានដល់ការវះកាត់បំពង់អាហារ តែក៏មិនអាចគេចផុតពីការឈឺចាប់ និងពិបាកលេបអាហារដែរ។ លើសពីនេះលោកអ្នកត្រូវ ចំណាយទាំងថវិកា និងពេលវេលា ដើម្បីព្យាបាលជម្ងឺដែលបណ្ដាលឱ្យអួលនេះ។ លើកលែងតែការទទួលទានអាហារមានជាតិជ័រស្អិត ចត់ ដូចជាខ្វិត ចេកខ្ចីជាដើម នោះពុំមានការឈឺចាប់ទេពេលអួល។

ការព្យាបាលការអួល

បើមានករណីអួលញឹកញាប់ខុសប្រក្រតី មានការឈឺចាប់ផងនោះជាបឋមគឺត្រូវទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងស្វែងរកមូលហេតុពិតប្រាកដ។ វិធីសាស្ដ្រព្យាបាលជាសមត្ថកិច្ចរបស់ពេទ្យជំនាញដោយអាស្រ័យទៅលើមូលហេតុបង្ក។ នៅក្នុងបណ្ដា មូលហេតុចម្បងៗ អាចមានការវះកាត់បំពង់អាហារ ដូចជាច្រឹបសាច់ដុះ ឬឆ្អឹងខ្ចីចោលចាក់ថ្នាំព្យាបាលដំបៅរលាកក្នុងបំពង់អាហារ ជាដើម។ ជួនកាលបើករណីធ្ងន់ធ្ងរក៏អាចកាត់បំពង់អាហារចោលហើយតភ្ជាប់ក្រពះដល់បំពង់កតែម្ដងក៏មាន។ នៅក្នុងករណីអួល ម្ដងម្កាល ដែលបណ្ដាលមកពីការបរិភោគប្រភេទអាហារចត់ ឬស្អិតដោយប្រញាប់ៗគឺជារឿងធម្មតា។ ម្យ៉ាងទៀតបើអួលដោយ ខ្សោយប្រព័ន្ធប្រសាទទី៩ និងទី១០លោកអ្នកគួរទៅរកសេវាប្រឹក្សាជាមួយអ្នកជំនាញចិត្ដសាស្ដ្រ។

វិធីបង្ការការអួល

ប្រការសំខាន់គឺលោកអ្នកគួរយល់គ្រប់ពីមូលហេតុដែលនាំឱ្យអួល ហើយបង្ការទៅតាមមូលហេតុទាំងនោះដូចជាមិនបណ្ដោយឱ្យមានការស្លាក់ ឬច្រឡំទទួលទានទឹកក្បុងឬអាស៊ីត។ ករណីមានជម្ងឺក្នុងបំពង់អាហារ គប្បីរួសរាន់ព្យាបាលកុំបង្អង់ឱ្យរលាកឬដុះសាច់ទាន់។ បើកើតអាការភើញឹកញាប់ គួរឆាប់ទៅរកសេវាព្យាបាល ជាពិសេសពាក់ព័ន្ធនឹងក្រពះ។ មូលហេតុដោយឡែក ដែលកើតឡើងមិនអាចបង្ការបាន ដូចជាបុព្វហេតុតាំងពីកំណើត ដុះឆ្អឹងខ្ចីឬថង់សាច់លោកអ្នកគួររកវិធីដោះស្រាយកុំឱ្យជម្ងឺដុនដាប។ ចាំបាច់បំផុតបើមានករណីខុសប្រក្រតីដោយឈឺឬអួលញឹកញយពេកត្រូវឆាប់ទៅរកសេវាជំនាញដើម្បីប្រឹក្សា។

ដំបូន្មានអ្នកជំនាញ

បើជម្ងឺបង្កឱ្យអួលមានកម្រិតធ្ងន់ធ្ងរ នោះលោកអ្នកមិនត្រឹមតែអួលបាយប៉ុណ្ណោះទេ ថែមទាំងអួលទឹកទៀត។ ដូច្នេះលោកអ្នកគួរតែប្រយ័ត្ន និងកត់សម្គាល់ឱ្យបានគត់មត់។ លោកអ្នកមិនត្រូវបណ្ដោយឱ្យអាការអួលបន្ដកើតឡើងជាប្រចាំរាល់ពេលទទួលទាន នោះទេ ព្រោះវាអាចបង្ហាញពីអាការរោគផ្សេងៗទៀត ដែលអាចគ្រោះថ្នាក់ដល់ជីវិត៕

ប្រភព ៖ iknow

Loading...

  • អួល​បាយ​រកទឹក អួល​ទឹករក​ចប已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:ចំនេះដឹង
Tags: