បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​កើត​ឡើងជា​បន្តបន្ទាប់ រហូតដល់​មាន​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ខ្មែរ​រកស៊ី​ជួញដូរ​គ្រឿងញៀន​ទៅ​ស្រុក​យួន​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ​នៅ​ជិត​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉​ដាវ​រួចមក គឺ​បទល្មើស​ផ្សេងៗ​ក៏​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ ជាពិសេស​អំពើចោរកម្ម​និង​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ហាក់ដូចជា ពុំមាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ដែល​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះទេ​។

កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​យួន​នៅ​ប៉ុស្ដិ៍​៧២១​លើទឹក​ដី​យួន​បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនជាតិខ្មែរ​ពីរ​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​យួន​ចាប់ខ្លួន​នោះ ទី​១​មានឈ្មោះ ចាប សា​មៀន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​ប្រចាំការ​នៅ​ប៉ុស្ដិ៍​លេខ​៦០១​ភ្នំ​ក្រហម​។ ជនសង្ស័យ​ទី​២​មានឈ្មោះ អាន ប៊ុន​ធី អាយុ​៣៩​ឆ្នាំ ជា​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២​ប្រចាំការ​នៅ​ប៉ុស្ដិ៍​លេខ​៦០៧ ហៅ​ប៉ុស្ដិ៍​ខ្លាធំ តាម​តំបន់​ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ​។ សមត្ថកិច្ច​យួន​រឹបអូស​គ្រឿងញៀន​ម្សៅ​ពណ៌​ស​ពី​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើនេះ​ចំនួន​១​គីឡូក្រាម ហើយ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។

ពលរដ្ឋ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពេល​សមត្ថកិច្ច​យួន​ចាប់ខ្លួន​មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ខ្មែរ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ទៅ​ស្រុក​យួន​កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦​។ ពលរដ្ឋ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​ស្នងការ​នគរបាល​ខេត្តរតនគិរី ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត ក៏ដូចជា​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយហេតុថា ក្រោយពេល​ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​នៅ​ចំណុច​ព្រំដែន​ស្រុក​អូ​រយ៉ា​ដាវ​ពេលណា គឺ​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​យ៉ាង​ពេញបន្ទុក​តែម្តង​៕

14670761_1775572536042770_921019478695483194_n 14563300_1775572359376121_981658528604413375_n