ពលរដ្ឋ​ស្រុក​មង្គលបុរី អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ចាត់វិធានការ​លើ​ក្រុមហ៊ុន​លឹម​ហេង តាមច្បាប់​រឿង​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​

ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​លឹម​ហេង ដែល​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គលបុរី ជាច្រើន​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ក្រសួង​រ៉ែ និង​ថាមពល ដែលមាន​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​។ សេចក្ដីសម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​កើតឡើង​ក្រោយពេល​មាន​ហេតុការណ៍​បាក់​ថ្មភ្នំ​សង្កត់​កម្មករ​៣​នាក់​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ការដ្ឋាន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ជាងនេះទៅទៀត​ការសម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំ​ធំ គាំទ្រ​យ៉ាង​ខ្លាំងក្លា​ព្រោះ​ក្រុមហ៊ុន​លឹម​ហេង បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​ច្រើន​ឆ្នាំ​មកហើយ​។

មន្ត្រី​អាជ្ញាធរ​ស្រុក​មង្គលបុរី បាន​ឲ្យ​ដឹងថា ហេតុការណ៍​បាក់​ថ្មភ្នំ​បណ្ដាល​ឲ្យ​កម្មករ​៣​នាក់​ស្លាប់​នៅក្នុង​ការដ្ឋាន​ក្រុមហ៊ុន​លឹម​ហេង បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គលបុរី និង​ពលរដ្ឋ​ទូទាំង​ខេត្តបន្ទាយមានជ័យ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ព្រោះ​ភ្នំ​ធំ​ដែលជា​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​(​អតីត​ខេត្តបាត់ដំបង​) ស្ទើរតែ​រលាយបាត់​រូប​រាប​ដោយសារ​ស្នាដៃ​ក្រុមហ៊ុន​លឹម​ហេង​ទៅហើយ​។ នៅពេល​កម្មករ​ទាំង​៣​នាក់​យក​អេស្កាវ៉ាទ័រ​ទៅ​កាយ​ថ្មភ្នំ​នោះ បានធ្វើ​ឲ្យ​ផ្ទាំង​ថ្ម​បាក់​សង្កត់​ពួកគេ​ស្លាប់​ភ្លាមៗ ហើយ​រយៈពេល​ជាង​៣​ម៉ោង​ទើប​គេ​អាច​យក​សព​ជនរងគ្រោះ​ទាំង​៣​នាក់​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​ប្រាសាទ អំពាវនាវ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ផ្អាក​អាជីវកម្ម​ថ្មភ្នំ​ធំ​របស់​ក្រុមហ៊ុន​លឹម​ហេង ទាំងស្រុង​តែម្តង​កុំ​ឲ្យ​មាន​ហេតុការណ៍​កើតឡើង​តទៅទៀត​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់ភ្នំ​ធំ​ជិត​ការដ្ឋាន​ក្រុមហ៊ុន​លឹម​ហេង ជាង​២០០​គ្រួសារ​ធ្លា​ប់រង​ផលប៉ះពាល់​ពី​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ច្រើន​ឆ្នាំ​មកហើយ ថែមទាំង​ធ្លា​ប់រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ប៉ុន្តែ​ការប្រឹងប្រែង​របស់​ពួកគាត់​ពុំមាន​លទ្ធផល​អ្វី​ឡើយ ព្រោះ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គិតតែ​ពី​រឿង​ផលប្រយោជន៍​។ ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ឃុំ​អូរ​ប្រាសាទ បាន​ឲ្យ​ដឹងថា នៅពេល​ក្រុមហ៊ុន​ប្រើ​រំសេវ​បំផ្ទុះ​យក​ថ្ម​ម្តងៗ​ធ្វើ​ឲ្យ​ដុំថ្ម​តូចៗ​ខ្ទាត​ទៅលើ​ដំបូលផ្ទះ​រប​ស់​ពួកគាត់ ហើយ​រថយន្ដ​ដឹកជញ្ជូន​ថ្ម​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​មូលដ្ឋាន និង​បង្ក​សំឡេង​រំខាន​ដល់​សិស្សានុសិស្ស​រៀន​នៅ​សាលា​ក្បែរ​នោះ​ទៀតផង​។ ហេតុនេះ​ក្រសួង​រ៉ែ និង​ថាមពល គួរ​ផ្អាក​អាជីវកម្ម​ក្រុមហ៊ុន​លឹម​ហេង​ទាំងស្រុង​តែម្តង ដើម្បី​រក្សាទុក​ភ្នំ​ធំ​ជា​តំបន់ភ្នំ​បុរាណ​ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​នៅក្នុង​ស្រុក​មង្គលបុរី ឲ្យ​បាន​គង់វង្ស​យូរអង្វែង​៕

img_6576 img_6559 img_6557 img_6580
​ ​