ចិន​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​ដើម្បី​ផ្លាស់​ប្តូរ​ចរន្ត​សេដ្ឋកិច្ច

ប្រទេស​ចិន ៖ ចិន​នឹង​ផ្តល់​នូវ​ការ​គាំទ្រ​គោលនយោបាយ​បន្ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​ឱ្យ​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ខ្លួន ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សារដ្ឋ ។

រដ្ឋាភិបាល​នឹង​កាត់​បន្ថយ​ការិយាធិបតេយ្យ ដោយ​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ការ​អភិវឌ្ឍ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់ ការ​អប់រំ និង​កីឡា​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​​មួយ​បាន​ចេញផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សារដ្ឋ ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Li Keqiang ។

សេចក្តីថ្លែងការណ៍​និយាយ​ថា ការ​អនុម័ត​ពី​អ្នកគ្រប់គ្រង​មិន​សម​ហេតុផល​ក្នុង​ការ​បង្កើត​ស្ថាប័ន​ថែទាំ​សុខភាព​មនុស្ស​ចាស់ នឹង​ត្រូវ​លុប​ចោល រីឯ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ដែល​ទំនេរ អាច​នឹង​ផ្លាស់​ប្តូរ​ទៅ​ជា​កន្លែង​សម្រាប់​មនុស្ស​ចាស់ ។

ប្រទេស​ចិន​នឹង​អនុញ្ញាត​ឱ្យ​សាលា​ឯកជន​លៃលក​ថ្លៃ​សេវា​យោង​តាម​លក្ខខណ្ឌ​របស់​ខ្លួន និង​លើកទឹកចិត្ត​ដល់​ស្ថាប័ន​អប់រំ​ក្នុងស្រុក​ឱ្យធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​បរទេស ដើម្បី​ពង្រឹង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​សិល្បៈ ។

រដ្ឋាភិបាល​នឹង​ចេញ​គោលនយោបាយ​ជំរុញ​រថយន្ត​កម្សាន្ត​នៅ​តាម​តំបន់​ជនបទ ឬ​ជាយក្រុង​, ពង្រីក​កំពង់​ផែ​មិន​ទាមទារ​ទិដ្ឋាការ​សម្រាប់​វិស័យ​ទេសចរណ៍​កម្សាន្ត និង​សេវាកម្ម​ជួល​ទូក​សាកល្បង ។ រដ្ឋាភិបាល​ក្នុងស្រុក ក៏​ត្រូវ​បាន​លើកទឹកចិត្ត​ក្នុង​ការ​អភិវឌ្ឍ​តំបន់​សម្រាប់​កីឡា​កម្សាន្ត រួម​បញ្ចូល​ទាំង​កីឡា​នា​រដូវរងា​ផង​ដែរ ។

ចិន​នឹង​កាត់​បន្ថយ​ឧបសគ្គ​សម្រាប់​ការ​វិនិយោគទុន​ឯកជន​នៅ​ក្នុង​អាជីវកម្ម និង​សេវាកម្ម​បន្ថែម​ទៀត ។ រដ្ឋាភិបាល​នឹង​បញ្ចេញ​គោលនយោបាយ​សារពើពន្ធ និង​ហិរញ្ញវត្ថុ​បន្ថែម​សម្រាប់​ផលិត​ឧបករណ៍​ជំនួយ​ជន​ពិការ ។

សេចក្តីថ្លែងការណ៍​នេះ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​បន្ត​ធ្វើ​កំណែទម្រង់​នីតិវិធី​ចុះបញ្ជី​អាជីវកម្ម ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង និង​លើកទឹកចិត្ត​ដល់​សេវាកម្ម​អន​ឡាញ ៕