លុ​ច​សំបួ​ផ្តល់​ជំនួយ​ឥត​សំណង​1​លាន​អឺ​រូ​៉​ដល់​គណៈកម្មការ​ទន្លេមេគង្គ

រដ្ឋាភិបាល​នៃ​ប្រទេស​លុ​ច​សំបួ​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​១​លាន​អឺ​រ៉ូ​ដល់​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ដ​ការងារ​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៦-២០២០ ។

លោក Claude Jentgen ភារធារី​នៃ​ស្ថានទូត​លុ​ច​សំបួ ប្រចាំ​ទីក្រុង​វៀងចន្ទន៍ ការិយាល័យ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម និង​លោក Pham Tuan Phan នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ បាន​ផ្លាស់​ប្តូរ​កិច្ចព្រមព្រៀង​ជំនួយ​ជា​ផ្លូវការ ដែល​បាន​ចុះហត្ថលេខា​នា​ពេល​ថ្មី​ៗ​ក្នុង​ទីក្រុង​វៀងចន្ទន៍ ។

នេះ​ជា​ជំនួយ​លើក​ទី​២ សម្រាប់​គណៈកម្មការ​ទន្លេមេគង្គ ដោយ​ប្រទេស​លោក​ខាងលិច​នៅ​អឺរ៉ុប ចាប់ពី​ឆ្នាំ​២០១១ មក ។

លោក Jentgen ថ្លែង​ថា ៖ « ដោយ​ទទួលស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​គណៈកម្មការ​ទន្លេមេគង្គ ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អាង​ទន្លេមេគង្គ លុ​ច​សំបួ​នៅ​តែ​បន្ត​គាំទ្រ​ដល់​គណៈកម្មការ​នេះ​តាំងពី​ឆ្នាំ​២០១១​មក រួម​មាន បម្រែបម្រួល​អាកាសធាតុ និង​ការ​ផ្តួចផ្តើម​បន្ស៊ាំ » ។

បញ្ហា​ស្នូល​ជា​ច្រើន​ក្នុង​អាង​ទន្លេ​នេះ ជា​ពិសេស ទាក់ទង​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី អាច​ត្រូវ​បាន​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​តាម​រយៈ​ការ​ជូនដំណឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រទេស​តាម​ដង​ទន្លេ ។

ក្នុងអំឡុងពេល​យុទ្ធសាស្ត្រ​ចុង​ក្រោយ​ឆ្នាំ​២០១១-២០១៥ ប្រទេស​លុ​ច​សំបួ​បាន​រួមចំណែក​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ការ​អនុវត្ត​ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ ផ្តួចផ្តើម​ការ​បន្ស៊ាំការ​សិក្សា​ដ៏​សំខាន់​របស់​គណៈកម្មការ​ទន្លេមេគង្គ​ស្តី​ពី​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​, ការ​អភិវឌ្ឍ​ទន្លេមេគង្គ រួម​មាន​ផល​ប៉ះពាល់​នៃ​គម្រោង​វា​រី​អគ្គិសនី ។

ចំពោះ​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ ជំនួយ​ឥត​សំណង​របស់​លុ​ច​សំបួ និង​ម្ចាស់​ជំនួយ​ផ្សេង​ទៀត នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​កញ្ចប់​របស់​គណៈកម្មការ​ទន្លេមេគង្គ សម្រាប់​មូលនិធិ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​ថ្មី​នេះ ។

លោក Pham Tuan Phan ថ្លែង​ថា ៖ «​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​លុ​ច​សំបួ និង MRC បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១ ។ យើង​អរគុណ​ចំពោះ​ការ​បន្ត​គាំទ្រ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​តំបន់​សម្រាប់​គ្រប់គ្រង​ធនធានទឹក ។ វា​នឹង​ជួយ​យើង​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់ MRC ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ក្នុង​តំបន់​នេះ » ។

ក្នុង​អំឡុង​យុទ្ធសាស្ត្រ ឆ្នាំ​២០១៦-២០២០ MRC នឹង​ផ្តោត​ការងារ​របស់​ខ្លួន​លើ​តំបន់​សំខាន់​ៗ​ចំនួន​៤ ដោយ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ កែ​លម្អ​ការ​តាមដាន និង​ទំនាក់ទំនង​នៃ​លក្ខខណ្ឌ​ក្នុង​អាង​ទន្លេ បង្កើន​ផែនការ​ជាតិ និង​គម្រោង​នានា ព្រមទាំង​ធ្វើ​ឲ្យ​គណៈកម្មការ​ទន្លេមេគង្គ ក្លាយជា​អង្គការ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។

MRC ខិតខំ​បម្រើ​ជា​អង្គការ​អាង​ទន្លេ​ប្រចាំ​តំបន់​តែ​មួយ​គត់ ដែល​គាំទ្រ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ធនធានទឹក​ប្រកបដោយ​និរន្តរភាព ដើម្បី​ផលប្រយោជន៍​រួម​សម្រាប់​បណ្តា​ប្រទេស​ជា​សមាជិក និង​សុខុមាលភាព​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អាង​ទន្លេ ចំនួន​៦៥​លាន​នាក់ ។

MRC ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​១៩៩៥ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម ៕