ឆ្នាំ​២០២០ ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​​នឹង​កើនឡើង​រហូត២​លាន​នាក់

រាជធានី​ភ្នំពេញ ​៖ ក្រសួងទេសចរណ៍​បាន​ធ្វើការ​ព្យាករណ៍​​ទុក​​ថា នៅ​ឆ្នាំ​២០២០​​ខាង​មុ​ខ​នេះ ភ្ញៀវ​ទេសចរ​ចិន​​នឹង​ចូល​មក​កម្ពុជា ក្នុង​​កំណើន​​រហូត​ដល់​២​លាន​នាក់ ខណៈ​​ដែល​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិន ​ក៏​កំពុង​ចាប់អារម្មណ៍​មក​បណ្តាក់​ទុន​រកស៊ី​ខាង​វិស័យ​ទេស ចរណ៍​​នៅ​កម្ពុជា​​​ ។

លោក​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តាម​រយៈ​​នៃ​ការ​ចុះ MOU ជាមួយ​ក្រុមហ៊ុន Shanghai Spring International Travel Service ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នោះលោក​រំពឹង​ថា ឆ្នាំ​២០២០ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​​២​លាន​នាក់ ។

លោក​ថោ​ង ខុន​ថ្លែង​ថា ក្រុមហ៊ុន Shanghai Spring International Travel Service បាន​ចុះ MOU រួច​ហើយ​ជាមួយ​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការ​ហោះហើរ​ពី​តំបន់​ផ្សេង​ៗ បន្ថែម​ទៀត​នៃ​ប្រទេស​ចិន​មក​កម្ពុជា ។ ក្រុមហ៊ុន​នេះ នឹង​បង្កើន​ការ​បណ្តុះបណ្តាល​ម​គ្គុ​ទេស​ទេសចរណ៍​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​នៅ​កម្ពុជា ការ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​នៅ​តាម​តំបន់​គោលដៅ​សំខាន់​ៗរបស់​កម្ពុជា ។