រាជធានី-ខេត្ត ចំនួន៤ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងខ្លាំងជាងគេ

ភ្នំពេញ៖ អ្នកនាំពាក្យអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានលើកឡើងថា មានរាជធានី-ខេត្តចំនួន ៤ គឺរាជធានីភ្នំពេញ កំពង់ស្ពឺ ស្វាយរៀង និងបាត់ដំបងដែលកំពុង រងគ្រោះដោយសារ ជំនន់ទឹកភ្លៀងខ្លាំងជាងគេ ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃអង្គារ៍ ទី១៨ ខែតុលានេះ លោក កែវ វី បានលើកឡើងថា ជំនន់ទឹកភ្លៀងមើលឃើញ ខ្លាំងនៅក្នុងខេត្តកំពង់ស្ពឺ ដែលបានបណ្ដាល ឲ្យបាក់ទំនប់ស្វាយ ស្ថិតក្នុងស្រុកគងពិសី, នៅទំនប់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ, ប៉ះពាល់ស្រុកចំនួន៥ ក្នុងខេត្តស្វាយរៀង និងនៅក្នុងស្រុកគាស់ក្រឡ (លិចផ្លូវក្នុងឃុំមួយចំនួន) ខេត្តបាត់ដំបង ។

លោកបានបន្តថា “ឥឡូវនេះខាងនាយដ្ឋានរបស់ខ្ញុំ កំពុងចុះទៅមើលស្ថានភាព និងទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងខណ្ឌដង្កោ នៅខេត្តកំពង់ស្ពឺ ដើម្បីយើងប្រមូលទិន្នន័យ តើយើងមានផលប៉ះពាល់អ្វីខ្លះ និងប្រឈមនឹងអ្វីខ្លះ...? នៅចំពោះមុខនេះ មិនមានបញ្ហាគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋទេ គឺមានតែការលិចផ្ទះ និងស្រែចម្ការប្រជាពលរដ្ឋ” ។

អ្នកនាំពាក្យអាជ្ញាធរជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ចំពោះក្រុង និងស្រុកទាំង ៥របស់ខេត្តស្វាយរៀង ដែលរងផលប៉ះពាល់នោះ មានក្រុងស្វាយរៀង, ស្រុកកំពង់រោទ៍, ស្រុករមាសហែក, ស្រុកស្វាយជ្រុំ និងស្រុកចន្ទ្រា ដោយទឹកបានលិចលង់ផ្ទះប្រជាពលរដ្ឋ ១០៥២ខ្នង, ដំណាំស្រូវចំនួន ១ ៦៦៥ហិកតា (ខូចខាត ៤១៧ហិកតា និងដំឡូមីខូចខាត ៦៧៥ហិកតា) ។ ដោយឡែកខេត្តមួយចំនួនទៀត ក៏មានការលិចលង់ ស្រូវមួយចំនួនដែរ តែមិនមានការខូចខាតនោះទេ ដូចជាខេត្តត្បូងឃ្មុំ ៨១៣ហិកតា, ខេត្តព្រៃវែងមាន ១ពាន់ហិកតា និងនៅខេត្តកំពង់ចាមមានជាង ៨០០ហិកតា ។

សូមបញ្ជាក់ថា ទោះបីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាទៅអភិបាលខណ្ឌដង្កោ ដឹកនាំកម្លាំងច្រកដីក្នុងបាវ ដើម្បីទប់ទឹកមិនឲ្យហូរខ្លាំង នៅទំបន់ស្ទឹងព្រែកត្នោតក៏ដោយ ប៉ុន្តែតែមិនអាចទប់បាន ដោយស្ទឹងព្រែកត្នោត បានបាក់ទំនប់សណ្ដរ ហើយបានប៉ះពាល់សង្កាត់ចំនួន៤ ក្នុងខណ្ឌដង្កោ និងបានបណ្ដាលឲ្យដាច់ផ្លូវ និងលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រាជធានី-ខេត្ត ចំនួន៤ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងខ្លាំងជាងគេ

រាជធានី-ខេត្ត ចំនួន៤ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងខ្លាំងជាងគេ