អត្ថប្រយោជន៍ល្អៗ ៣យ៉ាង ពីការទទួលទាន ទឹកដោះគោជូរ ជារៀងរាល់ព្រឹក!

រឿងសុខភាព ​និងការបរិភោគអាហារូបត្ថម្ភ គឺជារឿងចាំបាច់ណាស់ សម្រាប់មនុស្សម្នាក់ៗ។ ក្នុងនោះ ទឹកដោះគោជូរ ជាអាហារមួយប្រភេទដែលថ្នាក់ថ្នម សុខភាពអ្នកមិនចាញ់អាហារនានាប៉ុន្មាននោះទេ។ ប៉ុន្តែអ្នកខ្លះនិយាយថាការញ៉ាំ ទឹកដោះគោជូរនៅពេលព្រឹក គឺធ្វើឱ្យរាគរូស ឯអ្នកខ្លះទៀតឆ្ងល់ថាញ៉ាំទឹកដោះគោជូរ អាចធ្វើឱ្យធាត់ឬទេ? រាល់ផល គឺសុទ្ធតែកើតឡើងពីហេតុទាំងអស់។ ដូច្នេះយើង ក្រឡេកទៅមើលហេតុផលល្អៗ ដែលបានមកពីការទទួលទានទឹកដោះគោជូរ បន្តិចទៅមើល៍ថាវាយ៉ាងណាខ្លះវិញ?

ការទទួលទានទឹកដោះគោជូរ ជារៀងរាល់ព្រឹកនឹងធ្វើឱ្យអ្នកទទួលបាននូវ ប្រយោជន៍ ៣យ៉ាងនេះគឺ៖

១.ជួយសម្រកទម្ងន់៖ លោក Michael Zemel អ្នកជំនាញមកពីសាកលវិទ្យាល័យ បាននិយាយថា តាមការស្រាវជ្រាវបានបង្ហាញថា អ្នកស្ម័គ្រចិត្តញ៉ាំទឹកដោះជូរ ៣ដងក្នុងមួយថ្ងៃ អាចសម្រកទម្ងន់បានច្រើនជាង ២២% និងអាចកាត់ បន្ថយជាតិខ្លាញ់ក្នុងរាងកាយច្រើនជាង ៦១% បើប្រៀបធៀបទៅអ្នក ដែលមិនទទួលទានទឹកដោះជូរ។ អ្នកស្រាវជ្រាវបានពន្យល់ថា ទឹកដោះគោជូរសម្បូរទៅដោយ ជាតិប្រូតេអ៊ីនជួយឱ្យរាងកាយ មានអារម្មណ៍ថាមានអាហារពេញនៅក្នុងក្រពះ ឯចំនួននៃជាតិកាល់ស្យូមវិញអាចជួយដុតបំផ្លាញជាតិខ្លាញ់ ក្នុងរាងកាយបានយ៉ាងល្អ។ ទោះជានេះក្តី យើងគួរជ្រើសរើសយកទឹកដោះគោជូរធម្មជាតិ និងមានលាយ ជាមួយផ្លែឈើស្រស់ផង ដូចជាផ្លែប៉ោម ចេក ស្រ៊្តប៊ឺរី ឬគ្រាប់ធញ្ញជាតិផ្សេងៗ ដាក់ចូលទៅក្នុងពែងទឹកដោះគោរបស់អ្នក។ ដូចនេះជាតិសរសៃនៅក្នុងផ្លែឈើ នឹងជួយទៅបំពេញក្នុង ក្រពះរបស់យើងបានកាន់តែច្រើន។

២.ព្យាបាលការទល់លាមក៖ វាមានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ មិនថាវីតាមីន B វីតាមីនD និងកាល់ស្យូម ព្រមទាំង Probiotic (បាក់តេរីមានប្រយោជន៍) ផងដែរ។ ការសិក្សាបានរកឃើញថា វីតាមីន និងសារធាតុរ៉ែទាំងនេះទៅជួយបំពេញ មុខងារនៃដំណើរការ ធ្វើការរបស់ពោះវៀនបានយ៉ាងល្អ ដែលអាចជួយបន្ថយការ ទល់លាមក ជួយទប់ស្កាត់ការរលាកពោះវៀន និងជួយការពារជំងឺរាគរូសទៀតផង។

នេះដោយសារតែ probiotic ក្នុងទឹកដោះគោជូរ អាចជួយប្រយុទ្ធប្រឆាំងនឹង បាក់តេរីអាក្រក់បំពេញនូវបាក់តេរីល្អៗ ទៅក្នុងពោះវៀន ហើយប្រសិនបើអ្នក បរិភោគទឹកដោះគោជូរពេលក្រពះទទេ រាងកាយនឹងស្រូបយកអត្ថប្រយោជន៍ពី ទឹកដោះគោជូរបានយ៉ាងល្អឥតខ្ចោះជាងពេលណាទាំងអស់ ពិសេសអ្នកដែល មានជំងឺទល់លាមក គួរព្យាយាមញ៉ាំ វាសម្រាប់អាហារពេលព្រឹក ហើយបើធ្ងន់ធ្ងរ ពិបាកបត់ជើងខ្លាំង អាចព្យាយាមញ៉ាំយ៉ាងហោចណាស់ ៣-៧ថ្ងៃជាប់ៗគ្នា ដើម្បីឱ្យរាងកាយមានតុល្យភាពជាមួយនឹងទឹកដោះគោជូរជាមុនសិន។

៣.ជួយទប់ស្កាត់ជំងឺមហារីកពោះវៀនធំ៖ ក្នុងករណីដែលបរិភោគទឹកដោះគោជូរ ទៀងទាត់ នោះនឹងអាចជួយឱ្យប្រព័ន្ធពោះវៀនសុខភាពល្អ ព្រមទាំងជួយបង្កើន បាក់តេរីល្អនៅក្នុងពោះវៀន ទប់ស្កាត់ធាតុបង្កជំងឺកាចសាហាវនានា។ មួយទៀត អ្នកជំនាញមកពីប្រទេសបារាំងអះអាងថា អ្នកដែលទទួលទានទឹកដោះគោជូរ ញឹកញាប់ ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន បានដល់ទៅ ពាក់កណ្តាល បើធៀបជាមួយអ្នក ដែលបានបរិភោគជាញឹកញាប់ ឬមិនទទួលទាន ទឹកដោះគោជូរបន្តិចសោះ។

ក្រៅពីនេះអ្នកស្រាវជ្រាវ ក៏បានណែនាំថា ការដែលយើងគួរបរិភោគទឹកដោះគោជូរ សម្រាប់ជាអាហារពេលព្រឹក គឺនឹងផ្តល់ឱ្យរាងកាយ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ព្រោះវាមានជាតិស្ករពី ធម្មជាតិ ព្រមជាមួយនឹងវីតាមីនមកពីផ្លែឈើ ដូចជាផ្លែប៉ោម ផ្លែចេក ឬផ្លែស្រកានាគជាដើម ដែលយើងបានដាក់លាយគ្នា។

ដូច្នេះការញ៉ាំទឹកដោះគោជូរនៅពេលព្រឹកពិតជាមានប្រយោជន៍ ស្មានមិនដល់មែន។ ដឹងហើយនៅព្រឹកអ្នកមិនគួរខកខានញ៉ាំទឹកដោះគោជូរទេណា៎ ប្រសិនបើ អ្នកចង់បំពេញសុខភាពរាងកាយទាំងក្នុង និងក្រៅឱ្យបានល្អប្រសើរជាងមុន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អត្ថប្រយោជន៍ល្អៗ ៣យ៉ាង ពីការទទួលទាន ទឹកដោះគោជូរ ជារៀងរាល់ព្រឹក!

អត្ថប្រយោជន៍ល្អៗ ៣យ៉ាង ពីការទទួលទាន ទឹកដោះគោជូរ ជារៀងរាល់ព្រឹក!