បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ វាយបំបាក់​

បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ វាយបំបាក់​



កណ្តាល​: បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ វាយបំបាក់​ក​ស្លាប់ រួច​ដឹក​សាកសព​យក​ទៅ​ទម្លាក់​ទឹកទន្លេ​ក្នុង​គោលបំណង​បំបិទ​ភស្ដុ​តាង រហូត​សាកសព​ជន​រង​គ្រោះ​អណ្ដែត​ទៅ​ទើរ​នៅ​ភូមិសាស្ដ្រ​ស្រុក​កោះធំ​ទើប​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ច្រាំង​ទន្លេបាសាក់​ត្រើយ​ខាងលិច ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ផ្កាប់មុខ​លើ​ផ្ទៃ​ទឹក​ទន្លេបាសាក់ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល ។ 

ក្រោយ​ពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​រក​ឃើញ​ទូរស័ព្ទ​ដៃ​នៅ​ក្នុង​ហោប៉ៅ​ជន​រង​គ្រោះ ទើប​សមត្ថកិច្ច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​ជាប់​នៅ​ក្នុង​ស៊ី​ម រហូត​ហៅ​ចូល​ឈ្មោះ ហោ ឆៃ​អ៊ូ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​អូរ ឃុំ​កូ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ ដែល​ត្រូវជា​បង​បង្កើត​ជន​រង​គ្រោះ​ខាងលើ​នេះ ។ សាកសព​ជន​រង​គ្រោះ​មាន​សភាព​ហើម​រលួយ របកស្បែក​ពិបាក​ក្នុង​ការ​ពិនិត្យ ។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​រក​ឃើញ​ថា នៅ​លើ​គល់​ក​ផ្នែក​ខាងឆ្វេង​ជន​រង​គ្រោះ​មាន​ស្នាម​ហើម​ជាំ​អាច​ប៉ះ​ដោយ​វត្ថុ​រឹង រី​ឯក​ទន់​អាច​បង្វិល​បាន​(​បាក់​.​ក​) ។

តាម​ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ស្លាប់​ក្នុង​អំពើ​ឃាតកម្ម​វាយ​សម្លាប់​រួច​យក​សាកសព​ទម្លាក់​ទឹកទន្លេ ។​បងប្រុស​ជន​រង​គ្រោះ​ឈ្មោះ ហោ ឆៃ​អ៊ូ បាន​ប្រាប់​សមត្ថកិច្ច​ថា សាកសព​អណ្ដែត​ទឹក​នេះ​ត្រូវជា​ប្អូនបង្កើត​របស់​ខ្លួន ឈ្មោះ ហោ ឆៃ​អ៊ី​ម អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​អូរ ឃុំ​កូ ស្រុក​ត្បូងឃ្មុំ ខេត្ដ​ត្បូងឃ្មុំ ។ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ប្អូនប្រុស​របស់​លោក​បាន​ជិះ​ម៉ូតូ​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​កំពង់ចាម 1K-0194 ចេញពី​លំនៅ​ដ្ឋា​ន​ឯ​ខេត្ដ​ត្បូងឃ្មុំ​ឆ្ពោះទៅ​រក​ការងារ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ។ លុះដល់​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដដែល ប្អូនប្រុស​របស់​ខ្លួន​បាន​ទូរស័ព្ទ​ប្រាប់​ថា គេ​ទៅ​ដល់​ភ្នំពេញ​ហើយ​បើ​ចង់​យក​ម៉ូតូ​មក​យក​នៅភ្នំពេញ​ចុះ ។

បងប្រុស​ជន​រង​គ្រោះ​បាន​បន្ដ​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ខ្លួន​បាន​ជិះ​រថយន្ដឈ្នួល​ពី​ខេត្ដ​ត្បូងឃ្មុំ​ទៅ​យក​ម៉ូតូ​ពី​ប្អូន​នៅ​រាជធានី​ភ្នំពេញ ខណៈ​ទៅ​ដល់​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​ប្អូនប្រុស​មិន​ចូល​សោះ ។ លុះដល់​ថ្ងៃ​ទី​១៦ ខែ​ឆ្នាំ​ដដែល ទើប​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​តាម​លេខ​ទូរស័ព្ទ​របស់​ប្អូនប្រុស​ថា បាន​ប្រទះ​ឃើញ​សាកសព ។ ពេល​ទៅ​ដល់​ទើប​ដឹង​ថា សាកសព​ដែល​ប្រទះ​ឃើញ​នោះ​គឺជា​ប្អូនប្រុស​បង្កើត​របស់​ខ្លួន ។ 

ករណី​នេះ​ជន​រង​គ្រោះ​អាច​ត្រូវ​ក្រុម​ចោរ​ឬ​អ្នក​ស្គាល់គ្នា​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ដើម្បី​បង្វែងដាន ទើប​ឃាតករ​យក​សាកសព​ជន​រង​គ្រោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្ដង ។ សមត្ថកិច្ច​កំពុង​បន្ដ​ស្រាវជ្រាវ​បន្ថែម​ទៀត​ជុំវិញ​ករណី​ខាងលើ​នេះ ។ ដោយឡែក​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕