ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនបរទេស

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ជនបរទេស



ភ្នំពេញ​: ចោរឆក់​កាបូប​ជនជាតិ​បរទេស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បែក​មុខ​បែក​មាត់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ហើយ​ដួល​ម៉ូតូ​ពេល​ជិះ​រត់គេច​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ កែង​នឹង​ផ្លូវ​លេខ​២០០ ស្ថិត​ក្នុង​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនបរទេស​២​នាក់​(​ប្រុស​ស្រី​)​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​កែង​នឹង​ផ្លូវ​លេខ​២០០ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-1330 ជិះ​មក​ពីក្រោយ​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​នឹង​ស្មា ពេល​នោះ​ជនបរទេស​ក៏​បាន​ឆក់​មក​វិញ​បណ្តាល​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​ដួល​ម៉ូតូ ។ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ព្យាយាម​រត់​ចោល​ម៉ូតូ​បំណង​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ និង​ស្ទាក់​ចាប់​បាន​ទាំង​២​នាក់ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​។ 

ក្រោយ​ពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ និង​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​មក​ប៉ុស្តិ៍ ដើម្បី​សាកសួរ និង​បន្ត​តាម​នីតិវិធី​៕