គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ខួប ២៥ ឆ្នាំ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រារព្ធ​ខួប ២៥ ឆ្នាំ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ



ភ្នំពេញ​: លោក យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍ ឲ្យ​គេហទំព័រ CEN ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិតស្នើ​សុំ ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ (១៨ តុលា​) ដើម្បី​ប្រារព្ធ​ពិធី​រម្លឹក​ខួប​២៥​ឆ្នាំ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៣ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកចូលរួម ប្រមាណ ១ ម៉ឺន​នាក់ ទៅ ២ ម៉ឺន​នាក់​។

លោក​បញ្ជាក់​ថា ប្រធានបទ​ដែល​សំខាន់ គឺ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដូចដែល​មាន​ចែង ក្នុង​សន្ធិសញ្ញា ដែល​បញ្ជាក់​ពី​សេរី ពហុបក្ស ការ​បោះ​ឆ្នោត និង​ប្រជាធិបតេយ្យ ជាដើម​។

បើ​តាម​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លិខិត​ជូនដំណឹង ស្តី​ពី​ពិធី​អបអរសាទរ​ខួប លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទី​ក្រុងប៉ារីស នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃ​ទី​២៣ ខែតុលា គឺ​បាន​ចូល​ដល់ សាលា​រាជធានី​ភ្នំពេញ​ហើយ​។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​សម្រេច យ៉ាងណា​នៅឡើយ​ទេ​៕