សេង​ សាលី៖ ខេត្ត​កំពង់​ឆ្នាំង​ លែង​ជា​ខេត្ត​​ជិះ​​ឆ្លង​កាត់​ដូច​មុន​

កាល​ពី​​១៣​ឆ្នាំ​មុន ​ខេត្ត​កំពង់​ឆ្នាំង​ដែល​ជា​ខេត្ត​ល្បីល្បាញ​ខាង​ផលិត​ក្អម​-ឆ្នាំង​ល្បីល្បាញ​ និង​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខេត្ត​ត្រឹម​តែ​ជិះ​ទៅ​ហួស​មក​ហួស​ ឥឡូវ​មិន​ដូច​មុន​នោះ​ទេ។ មិន​ដូច​មុន​គឺ​ជា​ការ​អះ​អាង​របស់​លោក​ សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង។

 

សេង​ សាលី៖ ខេត្ត​កំពង់​ឆ្នាំង​ លែង​ជា​ខេត្ត​​ជិះ​​ឆ្លង​កាត់​ដូច​មុន​

 

“មុន​ឆ្នាំ​២០០៣​ គឺ​អីចឹង​មែន​ គេ​តែង​និយាយ​ថា​ ខេត្ត​កំពង់​ឆ្នាំង​គ្រាន់តែ​ជិះ​ឆ្លង​កាត់​ទៅ​ហួស​មក​ហួស ​តែ​ក្រោយ​​មក​​ ខេត្ត​យើង​មិន​ដូច​មុន​ទេ​ ដោយ​សារ​តែ​​កំពង់​ឆ្នាំង​ឥឡូវ​រីក​ចម្រើន​ រួម​ទាំង​ការ​ផ្ដល់​សេវា​ផ្សេង​ៗ​ ជា​ពិសេស​ការ​រួម​ចំណែក​របស់​វិស័យ​ឯកជន”។ លោក​សេង សាលី​និយាយ។

 

ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​វិស័យ​ឯកជន​រួម​ចំណែក​ច្រើន​ ដូចជា​ ម្ហូប​អាហារ​ ដោយ​ឥឡូវ​ហាង​ដែល​ធ្វើ​ម្ហូប​ឆ្ងាញ់​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥​ បាន​ទាក់​ចិត្ត​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ជិះ​ឆ្លង​កាត់​​ខេត្ត​មិន​ឲ្យ​ទៅ​ហួស​មក​ហួស​ទៀត​ឡើយ។ យ៉ាង​ហោច​មាន​ហាង ៣-៤ កន្លែង​​ភ្ញៀវ​ធ្វើ​ដំណើរ​ដែល​ឆ្លង​កាត់​ខេត្ត​កំពង់​ឆ្នាំង​រមែង​សំចត​ញុំា​ជានិច្ច។

 

លោក សេង សាលី​បន្ត​ថា​ ទន្ទឹម​នឹង​នេះ​ មន្ទីរ​ទេសចរណ៍​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​ផ្ដល់​សេវា​ និង​ការ​រក្សា​អនាម័យ​ម្ហូប​អាហារ​ដើម្បី​ផ្ដល់​ជា​ទំនុក​ចិត្ត​ដល់​ភ្ញៀវ​​ជាដើម។ ក្រៅ​ពី​ម្ហូប​អាហារ​ឆ្ងាញ់​ ខេត្ត​កំពង់​ឆ្នាំង​ក៏​សេវា​កម្សាន្ត​ និង ផ្ទះ​សំណាក់​កើន​ឡើង​ផង​ដែរ។

 

 

ផ្អែក​តាម​របាយ​ការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង គឺ​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើង​ជា​លំដាប់។ ជាក់​ស្ដែង​តួលេខ​គិត​ត្រឹម​ខែ​កញ្ញា​ ឆ្នាំ ២០១៦ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​​សរុប​ចំនួន​៣៨៦៣​នាក់ បើ​បើ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ មាន​ចំនួន២៥៧៧​នាក់។

 

និយាយ​អំពី​សេវា​កម្សាន្ត​វិញ ខេត្ត​កំពង់​ឆ្នាំង មាន​សណ្ឋាគារ​ចំនួន ៨ កន្លែង, ផ្ទះ​សំណាក់​ ២៤ កន្លែង អាហារដ្ឋាន ២៣ កន្លែង និង មាន​ខារ៉ា​អូខេ ចំនួន ៧ កន្លែង។

 

ដោយ​ឃើញ​ពី​ការ​រីក​ចម្រើន​ឥត​ឈប់​របស់​ខេត្ត​កំពង់​ឆ្នាំង លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​អំពាវនាវ​ក៏ដូចជា​សំណូម​ពរ​ថា គ្រប់​គ្នា​គួរ​ឈប់​ចាត់​ទុក​ខេត្ត​កំពង់​ឆ្នាំង​ជា​ខេត្ត​ដែល​ជិះ​ឆ្លង​កាត់​ទៅ​ហួស​មក​ហួស​ទៀត​ទៅ ដោយ​សារ​តែ​សមត្ថភាព​របស់​វិស័យ​ឯកជន បាន​បម្រើ​ដល់​អតិថិជន​មាន​គុណភាព និង បរិមាណ ដោយ​មាន​ទាំង​សេវា​ល្អ និង អនាម័យ ផងដែរ៕

 

សេង​ សាលី៖ ខេត្ត​កំពង់​ឆ្នាំង​ លែង​ជា​ខេត្ត​​ជិះ​​ឆ្លង​កាត់​ដូច​មុន​

 

សេង​ សាលី៖ ខេត្ត​កំពង់​ឆ្នាំង​ លែង​ជា​ខេត្ត​​ជិះ​​ឆ្លង​កាត់​ដូច​មុន​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា​