ព្យុះ​សារិកា​ជា​ព្យុះ​យ៉ាង​ខ្លាំង​កំពុង​គំរាម​កោះ​ហៃ​ណា​ន់​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា ខេត្ត​ហៃ​ណា​ន់​របស់​ចិន​បាន​ចាត់វិធានការ​បង្ការ​នានា​ប្រឈម​មុខ​នឹង​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ​សារិកា​SARIKA ដែល​ត្រូវ​បោកបក់​ដល់​កោះ​នោះ​នា​ថ្ងៃ​ទី​១៨ តុលា។

អាជ្ញាធរ​ខេត្ត​ហៃ​ណា​ន់​នា​យប់​ថ្ងៃ​ទី​១៦ តុលា បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិនិត្យ​លើ​បណ្តា​វិធានការ​បង្ការ ។ ប្រធាន​ការិយាល័យ​ឧតុនិយម​ខេត្ត​លោក CAI QINBO គូសបញ្ជាក់​ថា ការ​ខូចខាត​ដោយសារ​ព្យុះ​នោះ​អាច​ធ្ងន់ធ្ងរ​បំផុត ព្រោះ​វា​ជា​ព្យុះ​យ៉ាង​ខ្លាំង​និង​បំផ្លិចបំផ្លាញ​បំផុត​នៅ​ហៃ​ណា​ន់ ពុំ​ធ្លាប់​មាន​ចាប់តាំងពី​១០​ឆ្នាំ​មក​ហើយ ។

យោង​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ ព្យុះ​សារិកា​ជា​ព្យុះ​ទី​២១​ប្រចាំឆ្នាំ ត្រូវ​បោកបក់​លើ​ភាគ​អាគ្នេយ៍​កោះ​ហៃ​ណា​ន់ នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា មុន​ពេល​ទៅ​ដល់ទី​ក្រុង QIONGHAI និង​ក្រុង SANYA ។ ព្យុះ​នោះ​ត្រូវ​ក្លាយជា​មហា​ព្យុះ​ក្រោយ​ពី​បោកបក់​លើ​ដែនដី​កោះ​ហៃ​ណា​ន់ ។ សាលារៀន​ទាំងឡាយ​នៅ​ទីក្រុង​SANYA ត្រូវ​បិទទ្វារ​ពី​ថ្ងៃ​ទី​១៧ ដល់​១៩ តុលា ។

ព្យុះ​សារិកា​កាលពី​ថ្ងៃ​ទី​១៥ តុលា​បាន​វាយប្រហារ​លើ​ប្រទេស​ហ្វ៊ី​លី​ពី​ន អម​ដោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង និង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​ទៅ​ជាង​១៥០​គ​.​ម ក្នុង​១​ម៉ោង រួច​ព្យុះ​មួយទៀត​មានឈ្មោះ​ថា HAIMA នឹង​វាយប្រហារ​លើ​ភាគ​ខាងជើង​ប្រទេស​នោះ​នា​ថ្ងៃ​ទី​១៩ តុលា ។

ក្រោយ​ពី​វាយប្រហារ​លើ​ហ្វ៊ី​លី​ពី​ន ព្យុះ​សារិកា​ត្រូវ​ទៅ​ដល់​កោះ​ហៃ​ណា​ន់ ភាគ​ខាងត្បូង​ចិន​នា​ថ្ងៃ​ទី​១៨ តុលា ។ វា​នឹង​បោកបក់​លើ​ភាគ​ខាងជើង​វៀតណាម​នា​ថ្ងៃ​ទី​១៨ តុលា​ដែរ ៕