បើកសន្និសីទកាសែត ជម្នះភាពមន្ទិលលើការរិះគន់ការប្រកួតកីឡាជាតិ

មន្រ្តីជំនាញ​តំណាង​មក​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ជាមួយ​គណៈកម្មាធិការជាតិ​អូឡាំ​ពិក(NOCC) បាន​រួម​គ្នា​បើក​សន្និសីទកាសែត​មួយ នៅ​ទី​ស្នាក់​ការ NOCC កាលពី​ថ្ងៃ​ចន្ទ ម្សិល​មិញ ដើម្បី​​ធ្វើ​ការស្រាយ​ជំវិញ​ការ​រិះ​គន់​ទាក់​ទង​ទៅ​នឹងប្រាក់តម្លៃ​ខ្លួន ​ប្រាក់​រង្វាន់​ និង​ការ​កោះ​ហៅ​អត្តពលិក​ល្បីៗ​ឲ្យ​ចូល​រួម​​ក្នុង​ការ​ប្រកួត​កីឡាជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ហាក់មាន​ការ​រើសអើង ​ឬ​និយម​ហៅ​បក្ខ​ពួក​។​

n1

ជុំ​វិញ​ការ​រិះ​គន់​នេះ លោក ​វ៉ាត់ ​ចំរើន​ បាន​ពន្យល់​ថា​៖«​គ្មាន​ការ​រើស​អើង​​សម្រាប់​អតី​ត ឬ​អត្ត​ពលិក​ល្បី​ៗ​នោះ​ឡើយ គឺ​យើង​សុទ្ធ​តែ​អញ្ជើញ​ឲ្យ​ពួក​គាត់​​ចូល​រួម​ក្នុង​ពិធី​បើក និង​បិទ​​ការ​ប្រកួត​កីឡា​ជាតិ​​នេះ​ទាំង​អស់ ​ហើយ​​នៅ​ពេល​នេះ NOCC នៅ​តែ​អំពាវ​នាវ​រក​អត្តពលិក​សម័យទសវត្សរ៍​ឆ្នាំ​៦០ ឆ្នាំ​៧០ និង​ឆ្នាំ​៨០  ហេតុ​នេះ​បើ​សិន​​អតី​ត​អ្នក​ឆ្នើម​ៗ​ណា ​មិន​ទាន់​បាន​ដឹង ​ឬ​ចង់​ចូល​រួម​ អាច​មក​ទាក់​ទង​មកNOCC​ឲ្យ​បាន​ឆាប់​ ព្រោះ​យើង​ត្រូវ​ការ​មនុស្ស​ល្បីៗ​ ដើម្បី​រៀប​ចំ​ការ​ប្រកួត​កីឡា​ជាតិ ឲ្យ​បាន​ល្អ»​។​

​លោក​បាន​បន្ត​ថា នៅ​ក្នុង​​ពិធី​បើក និង​​បិទការ​ប្រកួត​កីឡា​ជាតិ ​ដែល​មាន​លក្ខណៈ​ទំនើប​​តាម​ស្តង់​ដារ​​អន្តរជាតិ​នោះ ​គឺ​​គិត​មក​ដល់​ពេល​នេះ​មាន​អត្តពលិក​ និង​ប្រ​តិភូ​ចំនួន​ជិត​២​៧០០​នាក់ ដែល​កំពុង​​​ត្រៀម​ខ្លួន​ជា​ស្រេច​។​ បន្ថែម​លើ​នេះ យើង​កំពុង​ស្នើសុំ​ឲ្យ​មាន​បន្ទប់​សម្រាប់​ក្រុម​អ្នក​​រាយ​ការណ៍​ព័ត៌មាន(Media Room)​ ​​ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើប ​និង​មាន​អិន​ធ័រណេត​ពី​ក្រុមហ៊ុនSmart ដោយ​បង្កើត​ឲ្យ​មាន​ Wi-Fi ​។

n2

ចំណែកលោក ​វ៉ាត់ ​ស៊ាន​ បូរ៉ាត ​រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និងកីឡា បាន​ថ្លែង​ថា ​​ការ​ប្រកួត​កីឡា​ជាតិ​នេះ យើង​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​ដោយ​មិន​លក់​សំបុត្រ​ឡើយ ​ហើយ​​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ យើង​អាច​ផ្ទុក​មនុស្សបាន​ពី៥០០០០ ទៅ ៦០០០០នាក់​ ហេតុ​នេះ​សូម​អញ្ជើញ​ប្រជាជន​កម្ពុជា​ មក​ចូល​រួម​ពីធីបើក​ និងបិទ​ការ​ប្រកួតកីឡាជាតិ ​ជា​លើក​ដំបូង​កម្ពុជា គឺ​ពិធី​បើកនៅថ្ងៃទី២៨ ​ខែ​តុលា​ និង​ពិធី​បិទ​ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ដោយ​មាន​ការ​សម្តែង​សិល្បវប្បធម៌​ជាតិ​ និង​បង្ហាញ​ពី​ប្រភេទ​កីឡា​បែប​ប្រពៃណី ផង​ដែរ​។

ចំ​ពោះ​បញ្ហា​ ការ​មិន​ផ្តល់​ប្រាក់​តម្លៃ​ខ្លូន​ប្រ​កួតដល់​អត្ត​ពលិក ខណៈ​​ប្រាក់​រង្វាន់ សម្រាប់​អ្នក​ឈ្នះ​មេដាយ ក៏​ទទួល​បាន​តិច ដោយ​យក​​តាម​ប្រ​កាស​អន្តរ​ក្រសួងចាស់​ដូច​ការ​ប្រកួត​ថ្នាក់​ជាតិ​កន្លង​មក​នោះ លោក​ អ៊ុក ​សិទ្ធិជាតិ​ អគ្គ​នាយកនៃ​អគ្គ​នាយក​ដ្ឋាន​​កីឡា​ បាន​បក​ស្រាយ​ថា៖​«​តម្លៃ​ខ្លួន​នៃ​ការ​ប្រ​កួត​គ្មាន​ប្រាក់​ទេ ​តែ​​ការ​ដណ្តើម​បាន​​មេដាយក្នុង​ការ​ប្រកួត​កីឡាជាតិ​នេះ​ វា​ជា​កិត្តិយសធំណាស់ ព្រោះ​ការ​ប្រកួតនេះ មាន​ការ​​ហូប​ចុក​ស្នាក់​នៅ ​និង​រៀបចំ​ការ​ប្រ​កួត តាម​​កម្រិត​ស្តង់​ដា​អន្តរជាតិពិតៗ គឺ​​មិន​អាច​យក​ទៅ​ប្រៀប​ធៀប​ការ​ប្រ​កួត​របស់​វិស័យ​ឯក​ជន​ក្រៅ​ផ្លូវ​ការបាន​​នោះ​ទេ»​។​

លោក​បាន​បន្ត​ថា៖​«​ចំណែក​ប្រភេទ​កីឡា​ប្រដាល់​ ដែល​មិន​មក​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​ដោយសារ​ប្រាក់​រង្វាន់​តិច​នោះ​ គឺ​ជា​រឿង​របស់​ពួកគេ។ ទុក​ឲ្យ​ពួកគេ​វ៉ៃ​នៅ​តាម​​ស្ថាននីយ​ទូរទស្សន៍ ដែល​​មានតម្លៃខ្លួនខ្ពស់ចុះ ប៉ុន្តែ​ពួកគេ​មិន​មាន​ឱកាស​ជាប់​ជា​កីឡា​ជម្រើស​ជាតិ​ឡើយ ព្រោះ​អត្ត​ពលិក​ជម្រើស​ជាតិ ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​កីឡា​ជាតិ​នេះ​តែ​ម្តង ហើយ​ប្រាក់​ខែ​ក្រុម​ជម្រើសជាតិ ក៏​ច្រើន​គួរ​សមដែរ»។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែល​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែតុលា ដល់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​​នេះ ​មាន​អត្តពលិ​ និង​ប្រតិភូ​២៧០០នាក់ ​និង​មន្ត្រី​បច្ចេកទេស​ដាក់​ឲ្យ​បម្រើ​ការ​ ​មាន​ចំនួន​៥៤៨នាក់​ ​ក្នុង​ការ​ប្រកួត​នៅ​លើ​ប្រភេទ​កីឡា​ចំនួន១៥​ ដោយ​​មាន​១៨៩​វិញ្ញាសា៕

The post បើកសន្និសីទកាសែត ជម្នះភាពមន្ទិលលើការរិះគន់ការប្រកួតកីឡាជាតិ appeared first on CamboSport.