ពិតជាកម្សត់ណាស់! កូនភ្លោះកើតមក មានខ្លួនជាប់គ្នា ត្រូវឪពុកម្តាយបោះបង់ចោល

បង់ក្លាដែស៖ កូនភ្លោះ២នាក់ កើតមកមានក្បាល២ ជើង២ និងដៃ៤ ត្រូវបានឪពុកម្តាយបោះបង់ចោល នៅក្នុងមន្ទីរពេទ្យ Dhaka Medical College នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ទារកភ្លោះទាំង២នាក់នោះ ត្រូវបានឪពុកម្តាយបោះបង់ចោលនៅក្នុងបន្ទប់វះកាត់កុមារ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ក្នុងមន្ទីរពេទ្យ Dhaka Medical College ប្រទេសបង់ក្លាដែស។ 

លោក Khaja Abdul Gafursaid អនុប្រធានមន្ទីពេទ្យ Dhaka Medical College (DMCH) បាននិយាយថា ទារកដែលកើតមកមានក្បាល២ ជើង២ និងដៃ៤នេះ បានកើតនៅគ្លីនិកណាមួយ ក្នុងរាជធានីដាក្កា ហើយត្រូវបានគេបន្តយកមកទុកក្នុងមន្ទីរពេទ្យ ខាងលើ កាលពីយប់ថ្ងៃសុក្រ។ បន្ទាប់មក ឪពុកម្តាយពួកគេ ក៏បានចាកចេញពីទីនោះតែម្តងទៅ។

បច្ចុប្បន្នកូនភ្លោះទាំង២ មិនមានអាណាព្យាបាលនោះទេ ហើយពេលនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យនៅក្នុងបន្ទប់កុមារក្នុងមន្ទីរពេទ្យមួយនេះ ខណៈគិលានុបដ្ឋាយិកាម្នាក់ ដែលមើលថែទារកភ្លោះនេះ ឈ្មោះ Nasima Akther Beauty បាននិយាយថា ពួកគេអាចកម្រើកខ្លួនប្រាណ បន្ទោបង់ និងយំ ដូចក្មេងឯទៀតដែរ។

លោកវេជ្ជបណ្ឌិត Shahnoor Islam ដែលកំពុងត្រួតពិនិត្យទារកនេះ បានឲ្យដឹងថា ទារកទាំងពីរមានបញ្ហាដកដង្ហើម ហើយប្រហែលជាអាចមានបញ្ហាមួយចំនួនទៀត នៅក្នុងបេះដូងរបស់ពួកគេ។ លោកបន្តថា ចំពោះដំណើរការវះកាត់បំបែក អាចពិបាកខ្លាំង ព្រោះពួកគេមានពោះជាប់គ្នាតែមួយ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង មិនយូរប៉ុន្មាន បន្ទាប់ពីទារីកាភ្លោះដែលមានខ្លួនជាប់គ្នា ស្រដៀងករណីខាងលើដូចគ្នាដែរនោះ  ត្រូវបានបញ្ជូនមកក្នុងមន្ទីរពេទ្យ (DMCH) កាលពីចុងខែកញ្ញាកន្លងទៅផងដែរ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត