បទល្មើស​កាប់​ឈើ​ធ្នង់ ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង មិនទាន់មាន​ការវែកមុខ​ក្រុម​ជនល្មើស​

កាលពី​យប់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ដើម​ធ្នង់​ធំៗ​២៣​ដើម​នៅក្នុង​ព្រៃ​សហគមន៍​ពោធិ៍​ជ្រក​ជំរក​ប្ញ​ទ្ធី​សែន ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ត្រូវ​ជនល្មើស​លួច​កាប់​ដោយ​រណារយន្ត​ដឹក​ចេញ​យកទៅ​បាត់​យ៉ាង​ស្រួលៗ​។ ករណីនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពោធិ៍ សង្ស័យថា​មានការ​ឃុបឃិត​រវាង​ជនល្មើស​និង​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន បើ​មិន​ដូច្នេះ​ទេ​ក្រុម​ជនល្មើស​មិនអាច​ដឹកឈើ​ចេញពី​ព្រៃ​សហគមន៍​បានឡើយ​។ ប្រធាន​សហគមន៍​ពោធិ៍​ជ្រក​ជំរក​ប្ញ​ទ្ធី​សែន បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​តុលាការ​ចាត់វិធានការ​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ពោធិ៍​ជ្រក​ជំរក​ប្ញ​ទ្ធី​សែន បាន​ឲ្យ​ដឹងថា ដើម​ធ្នង់​ធំៗ​ដែលមាន​មុខកាត់​០,៤០​ម៉ែត្រ​ចុះក្រោម​ចំនួន​២៣​ដើម​ត្រូវបាន​ជនល្មើស​លួច​កាប់​អំឡុង​មុន​ថ្ងៃ​០៥ ខែតុលា ឆ្នាំ​២០១៦ ក្នុង​រដូវ​ដែល​ប្រជាពលរដ្ឋ​ជាប់រវល់​បុណ្យ​ភ្ជុំបិណ្ឌ​។ ប្រធាន​សហគមន៍​លោក នៅ យឿ​ង បាន​បាន​ឲ្យ​ដឹងថា ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ទើប​សមាជិក​សហគម​ន៍​ដឹង ហើយ​នាំគ្នា​ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ក៏​ឃើញ​នៅសល់​គល់​ធ្នង់​និង​មែក​ធ្នង់​ចំនួន​១០​ដុំ​ដែល​ក្រុម​ជនល្មើស​ដឹក​ចេញ​មិនទាន់​អស់​។ ឈើ​ដែល​នៅ​សេសសល់​ត្រូវបាន​ប្រជា​សហគមន៍​យកមក​រក្សាទុក​នៅ​សាលាឃុំ​ពោធិ៍ ហើយ​បានធ្វើ​របាយការណ៍​ទៅ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ដើម្បី​ឲ្យ​ជួយ​ចាត់វិធានការ​វែកមុខ​ក្រុម​ជនល្មើស​ផងដែរ​។ ក្រោយពេល​ទទួលបានរ​បាយ​ការណ៍​ពី​ប្រជា​សហគមន៍ គេ​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ចុះទៅពិនិត្យ​ស្រាវជ្រាវ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​តាម​វែកមុខ​ក្រុម​ជនល្មើស​។

ទោះជា​យ៉ាងណា​មកដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​មិនទាន់​បង្ហើប​អំពី​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​ខ្លះៗ​នៅឡើយ​ទេ ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រាន់តែ​បញ្ជាក់ថា មុខសញ្ញា​ជនសង្ស័យ​ត្រូវ​បានដឹង​ប្រមាណ​៩០​ភាគរយ​ហើយ​។ ប្រជា​សហគមន៍​ពោធិ៍​ជ្រក​ជំរក​ប្ញ​ទ្ធី​សែន បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​របស់​ពួកគាត់​មាន​ឈើ​ធ្នង់​ទាំង​តូច​ទាំង​ធំ​រាប់ម៉ឺន​ដើម ហើយ​កន្លងមក​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ ក៏​ធ្លាប់​ស្នើ​ទៅ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រក្សាទុក​ពូជឈើ​ធ្នង់​២០​ហិកតា​នៅក្នុង​សហគមន៍​ជា​តំបន់​អភិរក្ស​ផងដែរ​។ ក៏ប៉ុន្តែ​ថ្មីៗ​កន្លងទៅនេះ​គឺ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ស្រាប់តែ​កើតមាន​ករណី​ក្រុម​ជនល្មើស​កាប់​ឈើ​ធ្នង់​ធំៗ​អស់​២៣​ដើម តែ​រហូតមក​ដល់ពេលនេះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ស្រាវជ្រាវ​វែកមុខ​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

dsc06553 dsc06546