ទង្វើ​មិន​ប្រក្រតី​របស់លោក សឿង វ៉ាន់ នាយក​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម ត្រូវបាន​លាតត្រដាង​

មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម​មួយចំនួន បាន​អំពាវនាវ​ឲ្យ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ចាត់វិធានការ​តាមច្បាប់​ទៅលើ​លោក សឿង វ៉ាន់ នាយក​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក សឿង វ៉ាន់ បាន​ប្រើ​អំណាច​ជា​ប្រាក់​ពី​សិស្ស​ម្នាក់​៦៥​ដុល្លារ​ក្នុង​១​ឆ្នាំ ដោយ​មិនដឹង​យកលុយ​ទាំងនោះ​ទៅធ្វើ​អ្វីខ្លះ​ទេ ដែល​រឿង​បែបនេះ​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​។ ដូច្នេះ​លោក ហង់ ជួនណា​រ៉ុ​ន គួរ​ចាត់វិធានការ​ជាបន្ទាន់ ព្រោះ​ទង្វើ​របស់លោក សឿង វ៉ាន់ គឺជា​ការផ្គើន​ទៅនឹង​បទបញ្ជា​របស់​ក្រសួង​យ៉ាង​គឃ្លើន​។

ប្រភពពី​មន្ត្រីរាជការ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា តាំងពី​ជំនាន់​លោក ទួន សុខុម ធ្វើជា​ប្រធានស្ដីទី​នៃ​មន្ទីរអបរំ​ខេត្តកំពង់ចាម គឺ​លោក សឿង វ៉ាន់ នាយក​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​ផ្សេងទៀត​បាន​យកលុយ​ពី​សិស្ស​ក្នុង​ម្នាក់ៗ​៦៥​ដុល្លារ​ក្នុង​១​ឆ្នាំ​។ នៅក្នុង​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម មាន​សិស្ស​ជិត​១​ពាន់​នាក់ ដូច្នេះ​លោក សឿង វ៉ាន់ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​បក្ខពួក​ខ្លួន​។ ករណី​លោក សឿង វ៉ាន់ យកលុយ​ពី​សិស្ស​បានកើត​ឡើង​ច្រើន​ឆ្នាំ​មកហើយ និង​ធ្លាប់​ត្រូវបាន​មាតាបិតា​អាណាព្យាបាល​សិស្ស​រិះគន់​យ៉ាង​ខ្លាំងក្លា​ផងដែរ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម នាពេល​កន្លងមក​ធើ្វ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​ចំណែក​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម មួយចំនួន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយពេល​ទទួលបាន​តំណែង​ជា​នាយក​វិទ្យាល័យ​នេះ​រួចមក លោក សឿង វ៉ាន់ ប្រើ​អំណាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ការយក​លុយ​ពី​សិស្ស​ក្នុង​១​ឆ្នាំ​ម្នាក់ៗ​៦៥​ដុល្លារ គឺជា​ការផ្គើន​ទៅនឹង​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ ក៏ដូចជា​បទបញ្ជា​រប​ស់​រដ្ឋាភិបាល​ដែល​ហាមឃាត់​មិន​ឲ្យ​មានការ​យកលុយ​ពី​សិស្ស​ពេល​ចុះឈ្មោះ​ចូលរៀន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​មិន​ប្រក្រតី​របស់លោក សឿង វ៉ាន់ នាយក​វិទ្យាល័យ​អនុវត្តន៍​ហ៊ុនសែន​កំពង់ចាម គឺជា​គំរូ​អាក្រក់​ដល់​គេឯង​ដទៃទៀត​។ លើស​នេះ​ទៅទៀត​គេ​មិនដឹងថា លុយ​ទាំងនោះ​ត្រូវ​លោក សឿង វ៉ាន់ យកទៅ​ធ្វើ​អ្វីខ្លះ​នោះទេ ហេតុនេះ​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ​ខេត្តកំពង់ចាម ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ត្រូវ​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ផងដែរ​៕

image

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា 

14694817_188229938287182_1295731138_n sensok-3_n