នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន



តាកែវ​: ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់ ។ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ កាលពី​វេលា​ម៉ោង​៩ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦  ។

លោក ង៉ា​ន់ សារី អធិការ​ស្រុក​បាទី បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ឈ្មោះ ហ៊ិ​ន គឹ​ម​ឡេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ ថន វិ​ទ្ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង មួយ​ចំនួន រួម​មាន​ថ្នាំ​ញៀន ប្រភេទ​ម៉ា​ទឹក​ក​ចំនួន ២០ កញ្ចប់​តូច មាន​ទម្ងន់ ៦,៤​ក្រាម ទូរស័ព្ទ​ដៃ​៥​គ្រឿង ម៉ូតូ Zoomer ១​គ្រឿង រួម​និង​ឧបករណ៍​សម្រាប់ ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​ទៀត​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រក្សា​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន ៕