ដាក់​បង្គន់​អនាម័យ​ជាង ៤០០ តាម​ទី​សាធារណ​: ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក

ដាក់​បង្គន់​អនាម័យ​ជាង ៤០០ តាម​ទី​សាធារណ​: ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក



ភ្នំពេញ​: បង្គន់​អនាម័យ​ចំនួន​៤២២ ត្រូវ​បាន​អង្គភាព​ជំនាញ របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ រៀបចំ​ដាក់​តាម​គោលដៅ ដែល​បាន​កំណត់ ដើម្បី​ត្រៀម​ទទួល និង​ជួយ​សម្រួល​ដល់ ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០១៦​នេះ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក ខាង​មុខ​នេះ មន្ទីរ​បាន​ត្រៀម​រៀបចំ​ដាក់ បង្គន់​អនាម័យ ពង្រាយ​នៅ​តាម​ដងផ្លូវ​សាធារណៈ និង​តំបន់​ជុំវិញ​មាត់ទន្លេ ទាំង​ត្រើយ​ខាងលិច និង​ខាងកើត ពិសេស​នៅ​តាម​សួនច្បារ​នានា ដើម្បី​ទទួល​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទស្សនា និង​កំសាន្ត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ។

លោក​បន្ត​ថា បង្គន់​អនាម័យ ដែល​ត្រៀម​ដាក់​ពង្រាយ​នោះ មាន​ចំនួន​៤២២​បង្គន់ ក្នុង​នោះ​មាន​បង្គន់​ថ្ម ដែល​មាន​ស្រាប់ បង្គន់​ចល័ត និង​បង្គន់​ជីកដី ដែល​ត្រូវ​បាន​ដាក់​ពង្រាយ នៅ​សួន​មុខ​ដ​អរិយ​ក្សត្រ សួន​ខាងត្បូង​ក្រុម​សម្តេចឪ សួន​ក្រម​ង៉ុ​យ សួន​មុខ​វត្ត​បុ​ទុម​វ​តី ទីលាន​ប្រជាធិបតេយ្យ សួន​សម្តេច​ហ៊ុន​សែន សួន​មហោស្រព​មុខ​រដ្ឋសភា សួន​មុខ​វត្ត​លង្កា  សួន​មាត់ទន្លេ  ជាប់​របង​ខាងលិច​វាល​ព្រះ​មេរុ សួន​ឆ្នេរទន្លេ សួន​ខាងជើង​ផ្សារ​ចាស់ សួន​កុមារ​វត្ត​ភ្នំ សួនច្បារ​មុខ​CDC ក្នុង​បរិវេណ​សាលចតុមុខ គល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ សួន​ខាងត្បូង​សាលា​ចតុមុខ ក្នុង​បរិវេណ​ផ្សារ​រាត្រី សួន​មុខ​ទូត​បារាំង សួន​មុខ​សូ​គី​ម៉ិច​ឬ​ស្សី​កែវ និង​បង្គន់​ជីករណ្តៅ សម្រាប់​កីឡាករ​អុំទូក នៅ​ជ្រោយចង្វារ ត្រើយ​ខាងកើត មាន​ចំនួន​២០០​បង្គន់ ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ក្រៅពី​រៀបចំ​បង្គន់​អនាម័យ ខាងលើ​នេះ មន្ទីរ​ក៏​បាន​ដាក់​ពង្រាយ ប្រព័ន្ធ​ភ្លើង​ចម្រុះ​ពណ៌ នៅ​តាម​ដើមឈើ និង​បង្គោល​ភ្លើង សម្រាប់​លំអ និង​បំភ្លឺ​ក្នុង​រាជធានី ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​លើក​សោភ័ណ​ភាព​ទីក្រុង ឲ្យ​សក្តិ​សម​នឹង​ព្រះរាជ​ពិធី និង​តាម​ផែនការ​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ ក៏​ដូច​ជា​រដ្ឋបាល រាជធានី​ភ្នំពេញ​តែ​ម្តង ។

ចំណែក​លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៦​នេះ អង្គភាព​របស់​លោក បាន​រៀបចំ​កំលាំង​ប្រចាំការ សម្រាប់​បោសសំអាត និង​ប្រមូល​សំរាម តាម​សួនច្បារ មាន​ចំនួន​២៩០​នាក់ ដោយ​ចាប់ផ្តើម​បោសសំអាត ចាប់ពី​ម៉ោង​១១​យប់ រហូត​ដល់​ម៉ោង ៨​ព្រឹក និង​បាន​ត្រៀម​សម្ភារៈ​គ្រប់គ្រាន់ រួច​ហើយ ។

លោក បាន​បន្ត​ថា ក្នុង​ការងារ​បោសសំអាត​នោះ អង្គភាព បាន​ត្រៀម​កម្មករ សម្រាប់​បោស មាន​ចំនួន​១៧៧​នាក់ កម្មករ​កើប​សំរាម រថយន្ត​៧​គ្រឿង អ្នកបើកបរ ១០​នាក់ កម្មករ​សំអាត​បង្គន់ ៣០​នាក់ និង​សន្តិសុខ​សួន មាន​ចំនួន​២០​នាក់​ផង​ដែរ​៕