អាជ្ញាធរ​ជាតិ​អប្សរា ចុះ​បណ្តុះបណ្តាល ប្រជាពលរដ្ឋ នៅ​ភូមិ​ស្រះស្រង់ អំពី​ការ​គ្រប់គ្រង​កាក​សំណល់ ឲ្យ​បាន​ត្រឹមត្រូវ

អាជ្ញាធរ​ជាតិ​អប្សរា ចុះ​បណ្តុះបណ្តាល ប្រជាពលរដ្ឋ នៅ​ភូមិ​ស្រះស្រង់ អំពី​ការ​គ្រប់គ្រង​កាក​សំណល់ ឲ្យ​បាន​ត្រឹមត្រូវ



សៀមរាប​: តាម​រយៈ​គម្រោង​សុ​វុឌ្ឍិកម្ម នៃ​ការ​សម្អាត​ទឹក និង​ការ​គ្រប់គ្រង​ទឹក ក្នុង​តំបន់​អង្គរ (PAAGERA) នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៦​នេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ អ្នក​ស្ម័គ្រចិត្ត​នៃ អង្គការ Naga Earth ចុះ​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ អំពី​ការ​គ្រប់គ្រង​សំរាម នៅ​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង​សៀមរាប​។ គោលបំណង​ចម្បង នៃ​កម្មវិធី​បណ្តុះបណ្តាល​នេះ គឺ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ យកចិត្ត​លើ​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក និង​អនាម័យ​។

លោក ជូ រ៉ា​ឌី​ណា អនុប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ទឹក និង​ជា​អ្នក​រៀបចំ កម្មវិធី​ផ្សព្វផ្សាយ​នេះ បញ្ជាក់​ថា គម្រោង​បណ្តុះបណ្តាល ប្រជាពលរដ្ឋ អំពី​ការ​គ្រប់គ្រង​សំរាម នឹង​ត្រូវធ្វើ​ឡើង រយៈពេល ៣ ថ្ងៃ ទៅ​លើ ៣ ទីតាំង​ផ្សេង​គ្នា​គឺ ភូមិ​ស្រះស្រង់​ខាងជើង ភូមិ​រហាល និង​អាជីវករ​នៅ​ផ្សារ​ឡាក់​។ ការ​សម្រេច​ជ្រើសរើស យក​គោលដៅ​ទាំង​៣​នេះ មក​អនុវត្ត​ការ​ផ្សព្វផ្សាយ​មុនគេ ដោយសារ​ក្រុមការងារ បាន​សង្កេត​ឃើញ ប្រជាពលរដ្ឋ​នៅ​ទី​នេះ មានការ​រស់នៅ និង​ទុកដាក់​សំរាម មិន​ទាន់​បាន​ត្រឹមត្រូវ នៅឡើយ​។ លោក​បន្ថែម​ថា មិន​ត្រឹមតែ​ផ្សព្វផ្សាយ បណ្តុះបណ្តាល​ប៉ុណ្ណោះ​ទេ ក្រុមការងារ ក៏​បាន​ពិភាក្សា​ជាមួយ ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម ដើម្បី​បន្ថែម​ទីតាំង​ទុកដាក់​សំរាម ក្នុងភូមិ​បន្ថែម​ទៀត​។

កញ្ញា cécile Laval ជនជាតិ​បារាំង ដែល​ជា​អ្នកសម្របសម្រួល គម្រោង PAAGERA បញ្ជាក់​ថា កញ្ញា​ពិតជា​រីករាយ ដែល​រួមចំណែក ក្នុង​ការ​ផ្សព្វផ្សាយ អំពី​ការ​គ្រប់គ្រង​សំរាម ដល់​ប្រជាពលរដ្ឋ ក្នុង​តំបន់​អង្គរ​។ គម្រោង​នេះ មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ ការ​គ្រប់គ្រង​សំរាម​ប៉ុណ្ណោះ​ទេ តែ​គឺ​គិតគូរ​ដល់​អនាម័យ និង​ការ​ប្រើប្រាស់​ទឹក ដែល​ប្រកបដោយ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ ទៀត​ផង​។ កម្មវិធី​បណ្តុះបណ្តាល លើ​ការ​គ្រប់គ្រង​សំរាម គឺជា​ជំហាន​ដំបូង ដែល​គម្រោង​កំពុង​អនុវត្ត ទៅ​លើ​ទីតាំង​សាកល្បង​ទាំងនេះ​។

អ្នកគ្រូ រ៉​ន សា​រួម គ្រូ​បណ្តុះបណ្តាល​ស្ម័គ្រចិត្ត នៃ​អង្គការ Naga Earth បញ្ជាក់​ថា មេរៀន​ដែល​បាន​បង្ហាញ ជូន​អ្នក​ភូមិ​នៅ​ពេល​នេះ​គឺ ពន្យល់​អំពី​អ្វី​ជា​ប្លា​ស្ទិ​ក តម្រូវការ​ប្រើប្រាស់​ប្លា​ស្ទិ​ក នៅ​ពេល​បច្ចុប្បន្ន ផល​អាក្រក់​នៃ​ប្លា​ស្ទិ​ក និង​របៀប​កាត់​បន្ថយ ក្នុង​ការ​ប្រើប្រាស់​ប្លា​សិ្ទ​ក​។ អ្នកគ្រូ បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល ពេល​នេះ ហាក់​មាន​ភូមិ​ចូលរួម​បាន​តិចតួច និង​ពេលវេលា​ខ្លី​ពេក ក្នុង​ការ​ពន្យល់​មេរៀន តែ​អ្នកគ្រូ​បាន​សំណូមពរ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ជំរុញ​អ្នក​ភូមិ ឲ្យ​ចូលរួម​កាន់តែ​ច្រើន និង​ផ្តោត​ការ​យកចិត្ត ទុកដាក់ កាន់តែ​ច្រើន​។

អ្នកស្រី រ៉ា​ន់ ឡាប អាយុ​៦១​ឆ្នាំ ជា​ប្រជាពលរដ្ឋ ភូមិ​ស្រះស្រង់​ខាងជើង ដែល​បាន​ចូលរួម ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបរាប់​ថា អ្នកស្រី​ពេញចិត្ត នឹង​កម្មវិធី​បណ្តុះបណ្តាល​នេះ​។ អ្នកស្រី​ប្តេជ្ញា​ថា នឹង​យក​មេរៀន​នេះ ទៅ​អនុវត្ត​ក្នុង​គ្រួសារ របស់​គាត់ និង​ណែនាំ​អ្នក​ផ្សេង​ទៀត ដែល​អាច​ណែនាំ​បាន ដើម្បី​ឲ្យ​ចូលរួម​សម្អាត​បរិស្ថាន និង​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​៕