ដាច់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ទៀន ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ

ដាច់​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ទៀន ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ



ភ្នំពេញ​: ស្រប​ពេល​ដែល​ផ្លូវ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុង​សង្កាត់​ទៀន ខណ្ឌដង្កោ​ត្រូវ​បាន​ទឹក​ហូរ​កាត់​ដាច់​ផ្លូវ​មួយ​កំណាត់​ប្រវែង​ប្រហែល​ជិត​ម៉ែត្រ​នោះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​ដាច់ ដោយសារ​ទឹក​ហូរ​ខ្លាំង​នៃ​ស្ទឹង​ព្រែក​ត្នោត កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ខែតុលា​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ លោកប៉ា សុ​ជាតិ​វង្ស បាន​ណែនាំ​ឲ្យ​ក្រុមការងារ​នៅ​មូលដ្ឋាន​ផ្ទាល់ ត្រូវ​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ និង​ជា​ពិសេស​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទាំង​អស់នោះ មក​រក​ទីទួល​សុវត្ថិភាព

និង​ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួក​គាត់​ភ្លាម​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ជា​បណ្តោះអាសន្ន​។

លោក​អភិបាល​បាន​បន្ត​ថា បន្ទាប់​ពី​ជួប​ហេតុការណ៍​គ្រោះ​ទឹកជំនន់​នេះ អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​រាជធានី​និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ត្រូវ​រៀបចំ​ផែនការ​បន្ទាន់​មួយ​ដើម្បី​រៀបចំ​ប្រព័ន្ធ​ការពារ​ដូច​ជា​ច្រក​ជា​ច្រើន​សម្រាប់​បញ្ចៀស​ទឹកជំនន់​។ លោក​បាន​បន្ត​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នេះ​ត្រូវ​តែ​ដឹង​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ព្រោះ​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​ការ​គំរាមកំហែង​ដោយ​ទឹកជំនន់ ដូច្នេះ​ត្រូវ​តែ​ត្រៀមខ្លួន​និង​ការពារ​ចំពោះ​បញ្ហា​នេះ​។

បន្ទាប់​ពី​ជួប​បញ្ហា​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ គ្រោង​នឹង​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​មួយ​យ៉ាង​ធំ អម​ដោយ​ទ្វារ​ទឹក​បិទ​បើក​មួយ​ដើម្បី​រំដោះ​ទឹកជំនន់​នៅ​ពេល​ឆ្នាំ​ក្រោយ​ៗ​ទៀត ក្នុង​ការ​ការពារ​ទឹកជំនន់ កុំ​ឲ្យ​ទៅ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​និង​ផលដំណាំ​ជា​ពិសេស​ស្រូវ​វស្សា​តែ​ម្តង​។

លោកប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា "​ស្ថានភាព​បែប​នេះ​គឺ​គំរាម​យើង​រាល់​ឆ្នាំ ដូច្នេះ​ត្រូវ​តែ​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​តែ​ម្តង ដោយសារ​តែ​អាកាសធាតុ​បាន​ប្រែប្រួល និង​ប្រព័ន្ធ​រស់នៅ​តាម​ភូមិដ្ឋាន​បាន​ខុស​ពី​ធម្មតា​មិន​ដូច​ពី​ដើម​ដោយ​ពី​ដើម​មាន​ស្ទឹង​បឹងបួរ​មាន​កន្លែង​ស្តុក​ហើយ​ទឹក​ប៉ាច​ហាច​ចូល​ទៅ​ក្នុង​តំបន់​ទាំងនោះ​ហើយ​ឥឡូវ​ពួក​គាត់​បាន​បិទ​ដោយ​ចាក់​ដី​លុប​ធ្វើ​លំនៅ​ដ្ឋា​ន ។

ដូច្នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ទឹក​គ្មាន​កន្លែង​ទៅ​ក៏​រត់​មក​ស្ទឹងធំ​យ៉ាង​គំហុក​លឿន​បំផុត​ដែល​ធ្វើ​ឲ្យ​ដោះ​ស្ថានការណ៍​មិន​ទាន់​ក៏​បណ្តាល​ឲ្យ​ដាច់​ទំនប់​ស្ទឹង​ព្រែក​ត្នោត​នេះ​តែ​ម្តង​"​។

បន្ទាប់​ពី​បាន​ចុះ​ពិនិត្យ​ផ្ទាល់ លោក​អភិបាល បាន​មាន​ប្រសាសន៍​ថា នៅ​ខណៈ​នេះ យើង​មិន​មាន​អ្វី​ត្រូវធ្វើ​ទៀត​នោះ​ទេ​គឺ​បណ្តោយ​ទៅ​តាម​ទឹក​ទៅ ហើយ​ពិនិត្យ​ឃើញ​ថា បន្ទាប់​ពី​ទឹក​ជន់​លិច​ដាច់​ទំនប់​មួយ​ថ្ងៃមួយ​យប់​មក​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​តុលា​នេះ ទឹកបាន​ស្រក​ចុះ​ប្រហែល​ជិត​១​ម៉ែត្រ ហើយ​អាជ្ញាធរ​មួល​ដ្ឋា​ន​ត្រូវ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត​ប្រមាណ​ជាង​១០០​គ្រួសារ​ក្នុង​សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​ព្រែក​កំពឹស សង្កាត់​រលួស សង្កាត់​គង់​ណ​យ សង្កាត់​ព្រៃ​ស សង្កាត់​ទួល​ពង្រ

សង្កាត់​ព្រៃវែង​។ ជាមួយ​គ្នា​នោះ អាជ្ញាធរ​នឹង​យក​អំណោយ​របស់​កាកបាទក្រហម  មក​ចែក​ជូន​ដល់​ពលរដ្ឋ​ផង​ដែរ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​៕