ជម្រុះ​ World Cup៖ ថៃ ប៉ះ​អូស្ត្រាលី ​អាច​នឹង​ប្រកួត​ ដោយ​គ្មាន​អ្នកគាំទ្រ

សមាគម​​កីឡា​បាល់ទាត់​​ថៃ (FAT) ​​​​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ការ​ប្រកួត​ជម្រុះ​ World Cup ​រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ ទល់​នឹង​ក្រុម​ខ្លាំង​អាស៊ី​អូស្ត្រាលី ​​អាច​នឹង​ធ្វើ​ឡើង​ ដោយ​គ្មាន​អ្នកគាំទ្រ​ចូល​រួម​ទស្សនា​ផ្ទាល់​ ​ខណៈ​ដែល​ប្រជាជន​ថៃ​ទូទាំង​ប្រទេស កំពុង​តែ​កាន់​ទុក្ខ​ចំពោះ​ការ​ចូល​ទិវង្គត របស់​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)។

 

ជម្រុះ​ World Cup៖ ថៃ ប៉ះ​អូស្ត្រាលី ​អាច​នឹង​ប្រកួត​ ដោយ​គ្មាន​អ្នកគាំទ្រ

ក្រុម​ជម្រើស​ជាតិ​ថៃ

 

ព្រះមហាក្សត្រ​ថៃ ​ដែល​​គ្រង​រាជ​សម្បត្តិ​អស់​រយៈពេល​៧០​ឆ្នាំ បាន​ចូល​ទិវង្គត ក្នុង​ព្រះជន្ម ៨៨​ព្រះ​វស្សា ​នៅ​​ទីក្រុង​បាងកក នា​វេលា​ម៉ោង​ ១៥:៥២នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ រដ្ឋាភិបាល​បាន​ស្នើសុំ​ឲ្យ​​ប្រជាជន​ទាំង​អស់​ផ្អាក​​កម្មវិធី​កម្សាន្ត​នានា រយៈពេល​៣០​ថ្ងៃ​ ​ដែល​ជា​ហេតុ​ធ្វើ​​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ប្រកួត​ជម្រុះ​ World Cup 2018 ​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ។

 

សប្ដាហ៍​មុន ​ថៃ​បាន​ស្មើ​សុំ​អូស្ត្រាលី​ ឲ្យ​លើក​ការ​ប្រកួត​សិន ឬ​លេង​នៅ​ដី​កណ្ដាល​ណា​មួយ​ ​ក្រៅ​ប្រទេស​ថៃ ប៉ុន្តែ​អូស្ត្រាលី​​​ បាន​បដិសេធ​សំណើ​នោះ។ ​នេះ​បើ​តាម​ប្រធាន​សមាគម​បាល់ទាត់​ថៃ​ លោក​ Somyot Poompanmoung ​បាន​​លើក​ឡើង។

 

ជម្រុះ​ World Cup៖ ថៃ ប៉ះ​អូស្ត្រាលី ​អាច​នឹង​ប្រកួត​ ដោយ​គ្មាន​អ្នកគាំទ្រ

ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី

 

“ដូច្នេះ​យើង​ត្រូវ​តែ​ប្រកួត​នៅ​ទីក្រុង​បាងកក​ ​ដែល​នឹង​​ធ្វើ​ឡើង​ក្រោយ​ពេល​កាន់​ទុក្ខ​ចប់​រយៈពេល​៣០​ថ្ងៃ ហើយ​យើង​នឹង​​ចាត់​វិធានការ​ថា គួរ​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ ឬ​ក៏​អត់”។ លោក​ Poompanmoung ​បាន​បញ្ជាក់​លើ​ Facebook ​កាល​ពី​ថ្ងៃ​ច័ន្ទ។

 

តាម​កាល​វិភាគ​គ្រោង​ទុក​ ថៃ ​​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ជាតិ​ Rajamangala ​ស្វាគមន៍​ក្រុម​អូស្ត្រាលី​ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ​ដោយ​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​ បន្ទាប់​ពី​៤​ប្រកួត​​មុន​ ក្នុង​ពូល​ B ចាញ់​ទាំង​៤​ប្រកួត។ រីឯ​ អូស្ត្រាលី​​ជា​ក្រុម​ខ្លាំង និង​កំពុង​ឈរ​លេខ​២ ក្នុង​ពូល​បច្ចុប្បន្ន៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ channelnewsasia