ចិន​គ្រោង​ជួយ​​បំពាក់​ប្រព័ន្ធ​បាញ់​យន្តហោះ​ដល់​កម្ពុជា

ចិន​គ្រោង​ជួយ​​បំពាក់​ប្រព័ន្ធ​បាញ់​យន្តហោះ​ដល់​កម្ពុជា

ភ្នំពេញ: ក្រុមនាវាកងទ័ពជើងទឹកចិនចំនួន ៣ គ្រឿង និងកងនាវាជើងទឹករបស់សហរដ្ឋអាមេរិកមួយគ្រឿងបានចូលសំចតនៅកំពុងផែក្រុងព្រះសីហនុរយៈពេល ៥ ថ្ងៃក្នុងដំណើរវិលត្រឡាប់ទៅប្រទេសរបស់គេវិញក្រោយពីបញ្ចប់បេសកកម្មនៅលើលំហសមុទ្រ។

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាថ្លែងប្រាប់អ្នកកាសែតនៅទីស្ដីការក្រសួងការពារជាតិពីម្សិលមិញថា៖ «គេមានការផ្លាស់ប្ដូរគ្នាចប់ភារកិច្ចវិលទៅប្រទេសគេវិញចូលសំចតនេះគឺដើម្បីធ្វើការងារមួយចំនួនជាមួយកងទ័ពជើងទឹកយើង និងសម្ដែងការគួរសមហើយគេនឹងបន្តដំណើរទៅស្រុកគេវិញវាក៏មិនមានបញ្ហាអ្វីដែរព្រោះនាវាអាមេរិកក៏ចូលសំចតញឹកញាប់ហើយយើងតែងតែមានការពិភាក្សាគ្នាយើងបើកទូលាយមិនមែនតែចិនទេអាមេរិក មិត្តភក្ដិជាច្រើនទៀតសុទ្ធតែបានប្រយោជន៍ទៅវិញទៅមក»។

លោក វ៉ាង ហុងលី (Wang Hungly) នាយរងសេនាធិការកងនាវាសមុទ្រខាងកើត និងជាមេបញ្ជាការកងនាវាការពារលេខ ២៣ នៃកងទ័ពរំដោះប្រជាជនចិនដែលបានដឹកនាំនាវឹកមកសំចតចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ តុលារយៈពេលប្រហែលគ្នានឹងការសំចតរបស់នាវាអាមេរិកដែរហើយលោកបានជួបជាមួយលោក ទៀ បាញ់ ពិភាក្សាការងារមួយចំនួនជាមួយកងទ័ពជើងទឹកកម្ពុជា។

លោក ទៀ បាញ់ បានថ្លែងផងដែរថាក្នុងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងប៉េកាំងកាលពីដើមខែនេះក្រសួងការពារជាតិចិនបានបានចុះពិធីសារមួយចំនួនជាមួយក្រសួងការពារជាតិកម្ពុជាក្នុងការផ្គត់ផ្គង់សម្ភារយោធាដើម្បីពង្រឹងសមត្ថភាពការពារជាតិដល់កម្ពុជាដូចជាការរៀបចំប្រព័ន្ធការពារដែនអាកាសឲ្យមានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រីថ្លែងថា៖ «កម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញយន្តហោះ និងនាវាចម្បាំងនោះទេគម្រោងយើងមានហើយតែលទ្ធភាពវានៅយើងទុកយូរបន្តិចទៀតសិន យើងមិនទាន់តម្រូវឲ្យមានពេលនេះទេ។ តែយើងគិតគូរពីរឿងការពារយន្តហោះច្រើនជាងហើយប្រទេសចិនបានសន្យាជួយបង្កើនវិស័យការពារជាតិរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតហើយប្រព័ន្ធការពារអាកាសនេះក៏ចេញមកពីការជួយរបស់ចិនផងដែរ។ តែទោះយ៉ាងណាក្តីវាមិនទាន់អនុវត្តនៅឡើយទេដោយស្ថិតនៅក្នុងការជជែកគ្នានៅឡើយ»៕

ប្រភព ៖ postkhmer

Loading...

  • ចិន​គ្រោង​ជួយ​​បំពាក់​ប្រព័ន្ធ​បាញ់​យន្តហោះ​ដល់​កម្ពុជា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: