បច្ចេកវិទ្យា​ថ្មីៗ​ ៥ យ៉ាង​ដែល Smart គ្រោង​នឹង​នាំ​មក​កម្ពុជា

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់ Axiata Group Berhad ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Smart Axiata នៅ​កម្ពុជា បាន​បង្ហើប​ប្រាប់​ពី​ផែនការ​ដែល​ក្រុមហ៊ុន​កំពុង​ពិចារណា​នាំ​បច្ចេកវិទ្យា​ថ្មីៗ​មក​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​សារព័ត៌មាន​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

 

តប​នឹង​សំណួរ​ដែល Sabay សួរ​ថា​តើ Smart Axiata នឹង​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​អ្វី​ខ្លះ​មក​កម្ពុជា​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ទៀត លោក Mohd Khairil Abdullah នាយក​ប្រតិបត្តិ​របស់ Axiata Digital បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ ថា៖

 

១. អាជីវកម្ម​អនឡាញ៖ ដូច​ទីផ្សារ​ដទៃ​ទៀត​ដែរ អាជីវកម្ម​អនឡាញ​នឹង​ចាប់​ផ្ដើម​រីក​ឡើង​នៅ​កម្ពុជា។ Smart កំពុង​ពិចារណា​ថា​តើ Smart ត្រូវ​ដើរ​តួ​នាទី​យ៉ាង​ណា​ខ្លះ​នៅ​ក្នុង​វិស័យ​អាជីវកម្ម​អនឡាញ​នេះ។

២. សេវាកម្ម​ដឹក​ជញ្ជូន​តាម​ការ​កុម្ម៉ង់​ទិញ​អនឡាញ៖ លើស​ពី​ការ​បញ្ជា​ទិញ​ទំនិញ​លើ​អនឡាញ​តាម​រយៈ​ទូរសព្ទ​ដៃ Smart ក៏​គិត​លើ​សេវាកម្ម​ដឹក​ជញ្ជូន​ទំនិញ​ទាំង​អស់​នោះ​ដែរ។ ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​នេះ បាន​សិក្សា​លើ​ទីផ្សារ និង​អតិថិជន​រួច​ទៅ​ហើយ ហើយ​កំពុង​ស្វែង​រក​វិធី​ធ្វើ​ការ​លើ​សេវាកម្ម​នេះ។

 

បច្ចេកវិទ្យា​ថ្មីៗ​ ៥ យ៉ាង​ដែល Smart គ្រោង​នឹង​នាំ​មក​កម្ពុជា

លោក Mohd Khairil Abdullah នាយក​ប្រតិបត្តិ​របស់ Axiata Digital

 

៣. ការ​ទូទាត់​តាម​ទូរសព្ទ៖ ការ​ពិត Smart មាន​សេវាកម្ម SmartPay ដែល​អាច​ទិញ​ទំនិញ​ពី App Store និង iTunes ដោយ​មិន​ចាំ​បាច់​មាន Master/Visa Card ខណៈ SmartLuy អាច​ផ្ទេរ-ផ្ញើ​ប្រាក់ បង់​វិក្កយបត្រ​ប៉ុណ្ណោះ។ Smart នឹង​ពិចារណា​ការ​ទូទាត់​ឲ្យ​បាន​ទូលាយ​ជាង​នេះ (ឧ.ទិញ​ទំនិញ​គ្រប់​ប្រភេទ​លើ​អនឡាញ)។

៤. តន្ត្រី និង​ការ​កម្សាន្ត៖ ដោយ​សារ​គុណភាព​បណ្ដាញ​កាន់​តែ​ប្រសើរ​ជាង​មុន (4G LTE) Smart នឹង​នាំ​មក​នូវ​ចម្រៀង​ជា​វីដេអូ បន្ថែម​លើ​ចម្រៀង​ជា​សំឡេង​ដែល​កំពុង​មាន​ស្រាប់។

៥. មូលនិធិ Axiata Digital Innovation Fund៖ មូលនិធិ​សម្រាប់​ជួយ​ដល់​សហគ្រិន​ដែល​ត្រូវ​ការ​ដើម​ទុន​បើក​អាជីវកម្ម​បែប​ជីឌីថល​មួយ​នេះ ត្រូវ​បាន​ក្រុម​មេ​របស់ Smart បង្កើត​នៅ​ម៉ាឡេស៊ី​យូរ​មក​ហើយ និង​ជួយ​ដល់​អាជីវកម្ម​ក្មេង​ខ្ចី​បែប​ឌីជីថល​ជា​ច្រើន​នៅ​ម៉ាឡេស៊ី។ នៅ​កម្ពុជា Smart បាន​ជួប​ពិភាក្សា​ជា​មួយ​ដៃគូ​សហការ​មួយ​ចំនួន​រួច​រាល់​ហើយ។ ក្រុមហ៊ុន​អាច​បង្កើត​មូលនិធិ​សម្រាប់​គំនិត​បង្កើត​ថ្មី​នេះ ដើម្បី​ជួយ​ដល់​គំនិត​បង្កើត​អាជីវកម្ម​ឌីជីថល​នៅ​កម្ពុជា។

 

បច្ចុប្បន្ន Smart បាន​នាំ​យក​បច្ចេកវិទ្យា​ថ្មីៗ​ច្រើន​រួច​ទៅ​ហើយ ដូចជា តន្ត្រី និង​ការ​កម្សាន្ត, ការ​សហការ​ជាមួយ Apple ដោយ​នាំ​ចូល iPhone, SmartPay និង SmartLuy ជា​ដើម។

 

Axiata Group Berhad បាន​ធ្វើ​កិច្ច​ប្រជុំ​សារព័ត៌មាន​រយៈ​ពេល​៣​ថ្ងៃ (១១-១៣ តុលា) នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​អ្នក​សារព័ត៌មាន ៦ ប្រទេស​ចូលរួម ដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បង់ក្លាដេស ស្រីលង្កា និង​នេប៉ាល់៕

 

អត្ថបទ៖ សុផាត