រួម​រស់នៅ​ជាមួយគ្នា​២​ឆ្នាំ ទើប​បែក​ការណ៍​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​

ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់ថែមទាំងមានកូនមួយ បានលង់ស្នេហ៍បុរសសំបូរស្នេហ៍ ដែលមានប្រពន្ធកូនរួចមកហើយ ដោយមិន បានដឹងហើយក៏ព្រមរួមរស់នៅជាមួយគ្នា បានរយៈពេលជាង២ឆ្នាំ ទើបបែកការណ៍ដឹងថា ខាងប្រុសមានប្រពន្ធនិងកូន មិនត្រឹមតែដឹងរឿងទាំងនេះទេស្ត្រីដែលជាប្រពន្ធរបស់បុរសនោះ បានមកសុំឲ្យនាងឈប់ទាក់ទងប្ដីរបស់ខ្លួនថែមទៀតផង ដោយសារតែគិតថាចិត្តជាមនុស្សស្រីដូចគ្នាមិនចង់ឲ្យការឈឺ ចាប់និងបែកបាក់ប្រពន្ធកូនគេព្រោះតែស្នេហាត្រីកោណទើបសម្រេចចិត្តដកខ្លួនចេញ ទាំងការឈឺចាប់ ប៉ុន្តែជាថ្នូរនឹងសេចក្ដី សុខរៀងខ្លួន។
ក្រោយពីដឹងរឿងរាវអស់ហើយនាងក៏សុំបែកដើម្បីប្រគល់បុរសនោះទៅឲ្យប្រពន្ធកូនគេវិញតែបែជាខាងប្រុសមិនបានយល់ព្រមនោះឡើយ និងនៅតែតាមសុំរួមរស់ជាមួយនាង រីឯនាងម្នាក់បានព្យាយាមគេចវេសរហូតមិនព្រមយកវិញទេ រហូតដល់វេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខណៈដែលនាងកំពុងតែដើរលេងជាមួយ មិត្តភក្ដិ២នាក់ទៀត នៅតាមផ្លូវម្ដុំ មុខខ្លោងទ្វារវត្តពោធិ៍ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែបុរសនោះបានជិះម៉ូតូទៅដល់ឃើញក៏បានហៅនាងឲ្យត្រឡប់ទៅ ជាមួយខ្លួនវិញ និងឈប់ឲ្យនាងដើរលេងជាមួយនឹងមិត្តភក្ដិរបស់នាងទាំង២នាក់នោះទៀត ប៉ុន្តែនាងមិនព្រមឡើយ ទើបបង្កឲ្យមានទំនាស់គ្នាកើតឡើងមួយប្រាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលប៉ុស្ដិ៍កាកាបបានចុះទៅអន្តរាគមន៍ បានហៅអ្នកទាំងពីរទៅកាន់ប៉ុស្ដិ៍កាកាប ដើម្បីសម្របសម្រួល និងធ្វើការអប់រំពួកគេ។
នគរបាលមូលដ្ឋានបានប្រាប់ថា ខាងប្រុសឈ្មោះ ជួង ប៉ែត អាយុ៣០ឆ្នាំ អះអាងថា គាត់ជាអ្នកសារព័ត៌មាន សំឡេងប្រជាជន មានស្រុកកំណើតនៅក្នុងភូមិសំរោង ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនាងជាគូស្នេហ៍នោះឈ្មោះ ហ៊ឹម ចន្ធូ អាយុ២៨ឆ្នាំ ជាស្រីមេម៉ាយកូនមួយ មានស្រុកកំណើតនៅក្នុងភូមិត្បាល់ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត និងស្នាក់នៅផ្ទះជួលជាមួយគ្នា។
នគរបាលបានបន្តថា រយៈពេលជាង២ឆ្នាំកន្លងមកហើយ ដែលបុរសនោះបានប្រាប់ថា ខ្លួនអត់មានប្រពន្ធទេ ទើបនាងព្រមស្រលាញ់យ៉ាងស្ម័គ្រស្មោះអស់ពីដួងចិត្ត និងរួមរស់នៅជាមួយគ្នាដូចប្រពន្ធប្តី តែមិននឹកស្មានថាអ្វី ដែលហួសចិត្តនោះរឿងរ៉ាវទាំងអស់គឺជាការកុហកបោកប្រាស់ទើបបែកធ្លាយខាងប្រុសមានប្រពន្ធ និងកូនរួចទៅហើយ។
នគរបាលបានឲ្យដឹងបន្តទៀតថា មិនតែប៉ុណ្ណោះប្រពន្ធដើមរបស់បុរសនោះក៏បានដឹងពីទំនាក់ទំនងស្នេហារបស់ពួកគេដែរ ហើយបានព្រមានសុំឲ្យនាងឈប់ទាក់ទងប្ដីរបស់ខ្លួនតទៅទៀត ហើយដោយសារតែមានមូលហេតុបែបនេះហើយ ទើបនាង សម្រេចចិត្តឈប់ទាក់ទងជាមួយបុរសនោះទៀត ព្រោះខ្លាចមានគ្រោះថ្នាក់ព្រោះតែស្នេហាត្រីកោណនេះ។
ដោយឡែកបុរសនោះហាក់មិនដាច់អាល័យជាមួយនាងឡើយនិងបានតាមនាងរហូត ប៉ុន្តែនាងដាច់ខាតបញ្ចប់ត្រឹមនឹងតែម្ដង លុះដល់វេលាកើតហេតុខាងលើ នៅខណៈដែលនាងកំពុងដើរលេងជាមួយមិត្តភក្ដិនៅតាមផ្លូវមុខផ្សារពោធិ៍ចិនតុង ស្រាប់តែបុរសនោះបានជិះម៉ូតូទៅដល់ឃើញបានហាមឃាត់មិនឲ្យនាងដើរលេង និងបានហៅឲ្យត្រឡប់ទៅផ្ទះ ជាមួយ ខ្លួនវិញ។ ប៉ុន្តែនាងមិនព្រមទៅទើបបង្កឲ្យមានទំនាស់គ្នាតាមដងផ្លូវតែម្តង។ ក្រោយពីមានហេតុការណ៍នោះកម្លាំងនគរបាល បានចុះទៅអន្តរាគមន៍នាំពួកគេទាំង២ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្វើការសាកសួរ និងអប់រំឲ្យខាងប្រុសបញ្ឍប់ចែកផ្លូវគ្នា ដោយបុរសនោះសន្យាថា ឈប់រករឿង និងប្រើអំពើហិង្សាទៅលើនាងទៀត ដើម្បីឲ្យទៅរកប្រពន្ធកូនដើមវិញ៕

រួម​រស់នៅ​ជាមួយគ្នា​២​ឆ្នាំ ទើប​បែក​ការណ៍​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​ រួម​រស់នៅ​ជាមួយគ្នា​២​ឆ្នាំ ទើប​បែក​ការណ៍​ខាង​ប្រុស​មាន​ប្រពន្ធ​កូន​