អ​.​ស​.​ប ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​រយៈពេល​3​ថ្ងៃ​នៅ​យេ​ម៉ែ​ន

បេសកជន​ពិសេស​អ​.​ស​.​ប​សម្រាប់​យេ​ម៉ែ​ន លោក ISMAIL OULD CHEIKH AHMED ប្រកាស​នា​ថ្ងៃ​ទី​១៧ តុលា ពី​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៧២​ម៉ោង​ក្នុង​ទូ​ទាំង​ប្រទេស​យេ​ម៉ែ​ន គិត​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ទៅ​ក្នុង​ក្តី​សង្ឃឹម​ដោះស្រាយ​ជម្លោះ​នៅ​ទីនោះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៧០០០​នាក់​ហើយ​រយៈពេល​១៨​ខែ ហើយ​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ ។

លោក​គូសបញ្ជាក់​ថា បទ​ឈប់​បាញ់​គ្នា​ថ្មី​នេះ​នឹង​អាច​ឱ្យ​ប្រជាជន​យេ​ម៉ែ​ន​ចៀស​ផុត​ពី​ការ​បង្ហូរឈាម​ថ្មី​ៗ រួច​នឹង​អាច​ពង្រីក​ការ​ផ្តល់​ជំនួយ​មនុស្សធម៌ ។ មុន​នេះ​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក​ABD RABBO MANSSOUR HADI ប្រកាស​ពី​ការ​ព្រម​ទទួលយក​បទ​ឈប់​បាញ់​គ្នា​នោះ ។

បេសកជន​ពិសេស​អ​.​ស​.​ប ស្នើ​ដល់​គ្រប់​ភាគី​យេ​ម៉ែ​ន បណ្តា​ប្រទេស​ក្នុង​តំបន់​និង​សហគមន៍​អន្តរជាតិ​ឱ្យ​គោរព​ពេញលេញ​ការ​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នោះ ហើយ​ធានា​ថា​វា​នឹង​អាច​ឈាន​ទៅ​បញ្ចប់​ជា​អចិន្ត្រៃយ៍​នូវ​ជម្លោះ ។

កាលពី​ថ្ងៃ​ទី​១៦ តុលា នៅ​ទីក្រុង​ឡុ​ង​ដ៍ សហរដ្ឋអាមេរិក អង់គ្លេស និង​អ​.​ស​.​ប បាន​អំពាវនាវ​ដល់​បណ្តា​ភាគី​ក្នុង​ជម្លោះ​នៅ​យេ​ម៉ែ​ន​ឱ្យ​បង្កើត​បទ​ឈប់​បាញ់​គ្នា​ដោយ​រហ័ស​បំផុត​មួយ ៕