នៅឯស្រុកគាស់ក្រឡវិញ ក៏​លិចមិនធម្មតាដែរ

ខេត្តបាត់ដំបង ៖ ប្រភព​​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយ​ឡុ​ក​ខ្លាំង​ចូល​តាម​បណ្ដា​ភូមិ​-ឃុំ​នានា​ នៅ​ក្នុងស្រុក​គាស់​ក្រឡ ដែល​ចាប់ផ្ដើម​តាំងពី​យប់​ថ្ងៃ​ទី​១៧ ​តុលា​ រហូត​មក​ទល់​​រសៀលថ្ងៃទី១៨ តុលា ២០១៦ ​។

ប្រភព​ដដែល​​បន្ត​ថា គិត​ត្រឹមម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល គេ​សង្កេត​ឃើញ​​​លើ​កំណាត់​ផ្លូវ​ជា​ច្រើន​កន្លែង ​នៅ​តាមមូល​ដ្ឋា​ន​ ត្រូវ​ទឹក​ជំនន់​ហូរ​​កាត់ខ្លាំង ។ រីឯ​លំនៅ​ឋាន​​​ពលរ​ដ្ឋ​មួយ​ចំនួន​ ក៏​កំពុង​ប្រឈមប៉ះពាល់ ខណៈ​សាលារៀន​ខ្លះ​​បាន​លិច​ចូល​ដល់​ក្នុង​បន្ទប់​​ទៅ​ហើយ​ ។

កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​កំពុង​​ចុះ​ត្រួត​​ពិនិត្យ​តាម​តំបន់​នានា ដែល​កំពុង​ប្រឈម​ខ្លាំង​ ។ ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​​ថា ការ​លិចលង់​ផ្លូវថ្នល់​នោះមាន​កន្លែង​ខ្លះ​ ​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឡើយ​ ។ ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៍​​ណាមួយ​ ស្ដី​​ពី​ការ​លិចលង់​​ផលដំណាំ ឬ​ប៉ះពាល់​ផ្ទះសម្បែង​ពលរ​ដ្ឋ​​ធ្ងន់ធ្ងរ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​នៅឡើយ​ទេ​ ។

អាជ្ញាធរ និង​សមត្ថកិច្ច រួម​ទាំង​មន្ត្រី​ជំនាញ​ផង កំពុង​តាមដាន​សកម្មភាព​ជំនន់​ទឹកភ្លៀង​នេះ​យ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ខណៈ​​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​តំបន់​នោះ ។