មន្រ្តី​ជាន់​ខ្ពស់​រុស្ស៊ី​៖​ រុស្ស៊ី​ត្រូវតែ​ប្រុងប្រៀប​ឱ្យហើយ​ក្នុងសមរភូមិ​សង្គ្រាម​

ជាមួយនឹងសេចក្ដីថ្លែងការណ៍ដ៏មានកម្ដៅមួយ ដែលត្រូវបានថ្លែងដោយមន្រ្តីជាន់ខ្ពស់អាមេរិក, កាលពីពេលថ្មីៗកន្លងទៅនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីត្រង់ៗជាសាធារណៈថាបាន និងកំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលធ្វើឱ្យប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីត្រូវខ្ទេចខ្ទាំជាច្រើន ជាពិសេសគឺប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលសេចក្ដីថ្លែងការណ៍បែបចោទប្រកាន់របស់អាមេរិកនេះ ធ្វើឱ្យក្រុមអ្នកវិភាគនយោបាយមួយចំនួនមើលឃើញថាគឺជាការកូរទឹកឱ្យកាន់តែល្អក់កករជាងមុន ឬផ្លុំភ្លើងឱ្យកាន់តែឆេះសន្ធោរសន្ធៅឡើង ដែលមិនខុសអីពីស្ថានភាពក្នុងសម័យសង្គ្រាមត្រជាក់ឡើយ។

អ្នកនាំពាក្យវិមានគ្រែមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់មន្រ្តីជាន់ខ្ពស់អាមេរិកថា៖ “រាល់ការថ្កោលទោសរបស់អាមេរិកមកលើរុស៊្សី ដែលថាទាក់ទងទៅនឹងឧក្រិដ្ឋកម្មសង្គ្រាមជាដើម គឺជាចេតនាដ៏សាហាវ និងមិនអាចនឹកស្មានទុកបានឡើយ” ។

Loading...

ទោះជាយ៉ាងណា លោកថានោះគឺជាការចោទប្រកាន់ទាំងងងឹតងងុលរបស់សហរដ្ឋអាមេរិក ប៉ុន្តែរុស្ស៊ីនៅតែជារុស្ស៊ី ហើយប្រជាជនរុស្ស៊ីទាំងអស់នឹងរួបរួមគ្នាប្រកបដោយភាពប្រុងប្រយ័ត្នដើម្បីប្រឈមនឹងកាលៈទេសៈអកុសលណាមួយដែលនឹងអាចកើតឡើង ។ លើសពីនេះទៅទៀត លោកនាយឧត្តមសេនីយ៍ទោ យេវជេនី ប៊ូហ្ស៊ីនស្គី បានលើកថា៖ “សហរដ្ឋអាមេរិកនឹងស្ដាយក្រោយនូវរាល់ទង្វើរបស់ខ្លួនដែលធ្វើមកលើសហព័ន្ធរុស្ស៊ី ។

លោកបានបន្តថា៖ “លោកប្រធានាធិបតីវ៉្លាឌីមៀ ពូទីនបានឃើញរឿងនេះ ប្រទេសរុស្ស៊ីទាំងមូលបានដឹងរឿងនេះ ហើយរឿងបន្ទាប់ទៀតអាចនឹងកើតមាននូវការប្រឈមគ្នាមួយដែលមិនអាចចៀសផុតបាន ហើយការប្រឈមនោះគឺនឹងអាចកើតឡើងគ្រប់ទីកន្លែងដែលមិនអាចចៀសផុតឡើយពីការប៉ះពារទៅលើផលប្រយោជន៍របស់អាមេរិក” ។

សេចក្ដីថ្លែងការណ៍របស់មន្រ្តីជាន់ខ្ពស់រុស្ស៊ីទាំងពីររូបបានសបញ្ជាក់ឱ្យឃើញអំពីចេតនាប្រតិកម្មបែបប្រកបដោយគំនុំនិយមរបស់រុស្ស៊ីទៅលើសហរដ្ឋអាមេរិក ដែលនឹងអាចឈានទៅប្រឈមមុខគ្នានឹងការបញ្ចេញក្បាលគ្រាប់បែកប៉ារ៉ាម៉ាណូនៅថ្ងៃណាមួយជាក់មិនខាន ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៊ីមានការប្រុងប្រយ័ត្នច្រើនគ្រប់ជំហាន ហើយប្រជាជនរុស្ស៊ីទាំងឡាយត្រូវបានប្រកាសប្រាប់ឱ្យត្រៀមលក្ខណៈឱ្យបានរួចរាល់ ដោយត្រូវស្វែងរកជម្រកសុវត្ថិភាពសមស្របណាមួយដើម្បីលាក់ខ្លួន ប្រសិនបើការផ្ទុះសព្វាវុធរវាងអាមេរិក និងរុស្ស៊ីកើតឡើង ៕

ប្រភព៖ cool1007