វ៉ា​ន់ នី​ឡា បន្ត​ទៅ​សម្តែង​នៅ​បរទេស​ ខណៈ​រឿង​ក្តី​ធ្លាយ​រូប​អាក្រាត​កំពុង​បន្ត​នី​​តិ​វិធី

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង​វ៉ា​ន់ នី​ឡា បាន​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​ពីរ ខណៈ​រឿង​ក្តី​ធ្លាយ​រូប​អា ក្រាត​របស់​នាង​កំពុង​បន្ត​នីតិវិធី ។

មុន​ពេល​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី វ៉ា​ន់ នី​ឡា បាន​ចូលខ្លួន​ជាមួយ​មេធាវី​របស់​នាង​នៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១១ ខែ តុលា ២០១៦ ហើយ​នាង​រំពឹង​ថា ដំណើរការ​ក្តី​របស់​នាង​នឹង​ព​ន្លឿ​ន ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​រូប​នាង ។

រហូត​មក​ដល់​នា​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា ដំណើរការ​រឿង​ក្តី​របស់​នាង​វ៉ា​ន់ នី​ឡា ឈាន ទៅ​ជា​យ៉ាងណា​ឡើយ ប៉ុន្តែ​នាង​បាន​ប្រគល់​កិច្ចការ​នេះ​ឲ្យ​បងប្រុស និង​មេធាវី​របស់​នាង​ជា​អ្នកចាត់ការ ក្នុង​ពេល​ដែល​នាង​កំពុង​មាន​វត្ត​មាននៅ​ក្រៅប្រទេស ។

វ៉ា​ន់ នី​ឡា បាន​ចាកចេញ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​អំឡុង​ថ្ងៃ​ទី​១៥ តុលា ជាមួយ​តារា​មួយ​ចំនួន​ទៀត​ដូច​ជា លោក​អាន គុណ​កូ​ឡា​, អេ​ឡិច ចិ​ន្ត្រា និង​តារា​ម្នាក់​ទៀត ដើម្បី​ចូលរួម ច្រៀង​រាំ​បម្រើ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ ក្នុង​រយៈពេល​ច្រើន​ស​ប្តា​ហ៍។
នេះ​ជា​ជោគជ័យ​ថ្មី​មួយទៀត​សម្រាប់​ការ​សម្តែង​នៅ​ក្រៅប្រទេស​របស់ វ៉ា​ន់ នី​ឡា បន្ទាប់​ពី​នាង​មានរឿង​អាស្រូវ​ផ្ទាល់ខ្លួន និង​ទីផ្សារ​នៅ​ក្នុងស្រុក​ហាក់​ស្ងប់ស្ងាត់​បន្តិច ។

ទោះជា​យ៉ាងណា​ក្តី វ៉ា​ន់ នី​ឡា បាន​ទទួលស្គាល់​ថា ទីផ្សារ​សិល្បៈ​របស់​នាង​ឈាន​ឡើង​មួយ​កម្រិត​បន្ទាប់​ពី​នាង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​ពីរ​លើក​ផ្ទួន​គ្នា​ក្នុង​ឆ្នាំ​តែ​មួយ ។

តារាចម្រៀង​វ៉ា​ន់ នី​ឡា រំពឹង​ថា ការ​សម្តែង​លើក​ទី​ពីរ​នេះ​នឹង​នៅ​តែ​ទទួល​បាន​ជោគជ័យ​ដូច​លើក​ទី​មួយ​ដែរ ដោយសារ​តែ​ជនរួម ជាតិ​ខ្មែរ​នៅ​អូស្ត្រាលី​ស្គាល់​នាង​ច្បាស់ ខណៈ​ពេល​ដែល​តារា​រួម​ដំណើរ​ក៏​ជាតា​រា ល្បី​ៗ​ផង​ដែរ ។

បើ​ទោះជា វ៉ា​ន់ នី​ឡា ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​ពីរ​នេះ​បាន​ជោគជ័យ​កម្រិត​ណា​ក៏​ដោយ នាង​អះអាង​ថា នាង​មិន​មាន​គម្រោង​បន្ត​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ផ្សេង​ទៀត​ឡើយ ពោល​គឺ​នៅ​ពេល​បញ្ចប់​ការ​សម្តែង​នាង​នឹង​វិល​មក​កាន់​មាតុប្រទេស​វិញ​តាម​ការ​កំណត់ ៕