កុមារ​កូរ៉េខាងជើង ដង្ហោយ​រក​ជំនួយ ខណៈ​សហគមន៍​អន្តរជាតិ​បន្ត​ថ្កោលទោស​សកម្មភាព​លោក​គីម ជុង​អ៊ុន​ និពន្ធដោយ : ទេព អ៊ីវិសាល       October-18-2016, 3:45 pm         771

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108កុមារ​កូរ៉េខាងជើង ដង្ហោយ​រក​ជំនួយ ខណៈ​សហគមន៍​អន្តរជាតិ​បន្ត​ថ្កោលទោស​សកម្មភាព​លោក​គីម ជុង​អ៊ុន​​កូរ៉េខាងជើង បាន​រងគ្រោះ​ដោយសារតែ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ពីរ​ខែ​មកហើយ​។ តែ​អ្វីដែល​កាន់តែ​ព្រួយបារម្ភ​នោះ ក្រោយ​បញ្ចប់​គ្រោះមហន្តរាយ​នេះ កូរ៉េខាងជើង ក៏​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ធម្មជាតិ​បន្ថែមទៀត ដែល​បណ្តាល​ឲ្យ​ប្រជាជន​រាប់ពាន់នាក់ រួមទាំង​កុមារ​ផងដែរ​នោះ កំពុងតែ​ដង្ហោយ​រក​ជំនួយ និង​ការយកចិត្តទុកដាក់​ជាប​ន្ទា​ន់​ពី​សហគមន៍​អន្តរជាតិ​។

​តំណាង​អង្គការសហប្រជាជាតិ (UNICEF) លោក Oyunsaihan Dendevnorov បាន​អះអាងថា ប្រសិនបើ​មិន​បង្កើន​ជំនួយ​សម្រាប់​កុមារ និង​ក្រុមគ្រួសារ​កូរ៉េខាងជើង​នោះទេ កុមារ​រាប់ពាន់នាក់ នឹងត្រូវ​រង​ការឈឺចាប់ និង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់ ដែល​ជាម​ហន្ត​រាយ​ទី​ពីរ បន្ទាប់ពី​គ្រោះទឹកជំនន់​ក​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​កាលពី​សប្តាហ៍​មុន​។

​លោក Dendevnorov បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​យ៉ាង​ដូច្នេះ ថា «​កុមារ នឹង​ប្រឈម​បញ្ហា​កាន់តែ​អាក្រក់​ទៅៗ ដោយសារតែ ពួកគេ បាន​បាត់បង់​អ្វី​គ្រប់យ៉ាង​រួចទៅហើយ​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ទឹកស្អាត អាហារ ថ្នាំ និង​ជម្រក​ជាដើម​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បាន​បន្តទៀត ថា ស្ថានភាព​កូរ៉េខាងជើង បច្ចុប្បន្ន ស្ថិតនៅក្នុង​ភាព​បន្ទាន់ និង​មិនដែល​ធ្លាប់​កើតមាន​ពីមុន​ឡើយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​តម្រូវ​ឲ្យ​សហគមន៍​ត្រូវ​ចូលរួម​បង្កើន​មូលនិធិ​ដើម្បី​ឆ្លើយតប​ជាបន្ទាន់​។

​បើតាម​របាយការណ៍រ​បស់ UNICEF ប្រជាជន​កូរ៉េខាងជើង​ជិត​៧​ម៉ី​ន​នាក់ កំំ​ពុង​តែ​រស់នៅ​ដោយ​គ្មាន​ផ្ទះសម្បែង ខណៈ ៦០​ម៉ឺន​នាក់​ផ្សេងទៀត កំពុងតែ​ដង្ហោយ​រក​ជំនួយ​ដោយសារតែ មហន្តរាយ​គ្រោះទឹកជំនន់​ដែល​ទើបតែ​បញ្ចប់ ក្រោយ​បាន​វាយប្រហារ​លើ​ប្រទេស​សេដ្ឋកិច្ច​បិទ​មួយ​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ​។

​របាយការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា UNICEF និង អង្គការ SAVE CHILDREN បានផ្តល់​ជំនួយ​មនុស្ស​ធម៌​ទៅកាន់​កូរ៉េខាងជើង​រួចទៅហើយ ប៉ុន្តែ​មាន​កិច្ចការ​ជាច្រើន​ផ្សេងទៀត ដែល​ត្រូវបំពេញ​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​ប្រជាជន​កូរ៉េខាងជើង​រាប់ពាន់នាក់ ត្រូវការ​។

​អ្វី​គួរកត់សម្គាល់​នោះ ការ​ដង្ហោយ​រក​ជំនួយ​ដើម្បី​សង្គ្រោះ​ប្រជាជន ជាពិសេស​កុមារ​កូរ៉េខាងជើង ត្រូវបាន​ធ្វើឡើង​ស្របពេល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​ថ្លែង​ថ្កោលទោស​ដល់​មេដឹកនាំ​កូរ៉េខាងជើង ដែល​បាននិងកំពុង​តែ បន្ត​កម្មវិធី​អភិ​ឌ្ឍ​នុយក្លេអ៊ែរ​ដែល​សហគមន៍​អន្តរជាតិ​បាន​ហាមប្រាម​នោះ​។ កូរ៉េខាងជើង កំពុងតែ​ជាប់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ ជាពិសេស​នោះ កាលពី​ដើមឆ្នាំ​២០១៦​កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ ធ្វើយ៉ាងណា​ដើម្បី​បិទ​ច្រក​នានា​សេដ្ឋកិច្ច​ដែល​ទ្រទ្រង់​រដ្ឋាភិបាល​កូរ៉េខាងជើង ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន​នោះ​។

​វា​នៅតែ​ក្លាយជា​សំណួរ​ថា​តើ រដ្ឋាភិបាល​កូរ៉េខាងជើង កំពុងតែ​ធ្វើ​អ្វី ក្រៅពី​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ដែលជា​មហិច្ឆតា​របស់​មេដឹកនាំ​ត្រកូល​គីម​នោះ​?