ថៃ​កាន់ទុក្ខ​15​ថ្ងៃមុន​ស្តេច​ថ្មី​ឡើង​សោយរាជ្យ

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ តុលា​ថា ប្រទេស​ថៃ​ត្រូវ​កាន់ទុក្ខ​១៥​ថ្ងៃមុន​ស្តេច​ថ្មី​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​ចៅ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ដែល​ចូល​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣ តុលា ។

បន្ទាប់​ពី​ប្រជុំ​គណៈរដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ការ​ឡើង​ស្នងរាជ្យ​បន្ត​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ ដូច្នេះ​ពលរដ្ឋ​ថៃ​និង​សហគមន៍​អន្តរជាតិ​ពុំ​បាច់​មានការ​ព្រួយបារម្ភ​ឡើយ ។ រយៈពេល​យ៉ាងតិច​១៥​ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ពេលវេលា​នឹង​មក​ដល់​ដើម្បី​អនុវត្ត​មាត្រា​ទី​២៣​នៃ​រដ្ឋធម្មនុញ្ញ ។ លោក​ចង់​និយាយ​សំដៅ​ដល់​ខ​ទាំងឡាយ​ទាក់ទិន​នឹង​ការ​ស្នងរាជ្យ​បន្ត ។

នាយក​រដ្ឋមន្ត្រី​ថៃ​កាលពី​ស​ប្តា​ហ៍​មុន​ថ្លែង​ថា ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះរាជ​ទាយាទ​ព្រះ​អង្គ​ម្ចាស់ វ៉ា​ជី​រ៉ា​ឡុ​ង​កន នឹង​មាន​ក្រោយ​ការ​បូជាព្រះសព​ព្រះ​បិតា​ទ្រង់ ដែល​នឹង​ធ្វើ​ក្រោយ​ការ​កាន់ទុក្ខ​រយៈពេល​១​ឆ្នាំ ក៏​ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​អាច​ក្លាយជា​ស្តេច​មុន​ឡើង​គ្រងរាជ្យ ។ លោក​អះអាង​ម្យ៉ាងទៀត​ថា ការ​បោះ​ឆ្នោត​សភា​ដែល​គ្រោង​ធ្វើ​ក្នុង​ឆ្នាំ​២០១៧ នឹង​ពុំ​មានការ​ផ្លាស់​ប្តូរ​ឡើយ​ទោះជា​ព្រះមហាក្សត្រ​សោយ​ព្រះ​ទិវង្គត ៕