ប្រកាសបិទផ្លូវ​ជាតិលេខ​៣១៣ ជាបណ្តោះអាសន្ន

ខេត្ត​ព្រៃវែង ៖ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​​​ជាច្រើន​ថ្ងៃមក​ បាន​ធ្វើ​​ឱ្យ​​កើត​​ទៅ​ជា​​ជំនន់​ទឹកភ្លៀងជន់​លិច​វាល​ស្រែ បឹង ព្រែក ជា​ពិសេស គឺ​​ផ្លូវជាតិ​លេខ​៣១៣ ត្រង់​ចំណុច​ទំនប់​បង្ហៀរ​បឹង​សេ្ន​ហ៍ ​ស្ថិត​​ក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ។

ការ​​ជន់​លិច​ដ៏​ខ្លាំង​នេះ មិន​ត្រឹមតែ​ធ្វើ​​ឱ្យ​​ប៉ះពាល់​ដល់​​ផ្លូវ​ និង​ទំនប់​នោះ​ទេ ថែម​ទាំង​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​សុវត្ថិភាព​របស់​អ្នកដំណើរ​ថែម​ទៀត​ផង​ ។ ដើម្បី​ការពារ​ផ្លូវ​កុំឱ្យ​​បាក់​ស្រុត​ខូចខាត​ធ្ងន់ធ្ងរ និង​បង្កា​​ការពារ​គ្រោះថ្នាក់​ ដែល​អាច​កើត​មាន​ជាយ​ថ​ហេតុនោះ អាជ្ញាធរ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា ២០១៦ ​បាន​ចេញ​សេចក្តី​ប្រកាស​​បិទផ្លូវ​ជាតិ​លេខ​៣១៣ ត​ភ្ជាប់​ពី​ចំណុច​កែង​ស្នេ​ហ៍ ​ឆ្ពោះទៅ​ផ្សារ​កំពង់​សឹ​ង្ហ និង​ផ្សា​រក​អណ្តើក ដោយ​បិទ​ហាម​ឆ្លងកាត់​​ជា​បណ្តោះអាសន្ន និង​បាន​ចាត់ឱ្យ​​មន្ទីរ​សាធា​រណៈការ និង​មន្ទីរ​ធនធានទឹក សហការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស ដោយ​ដាក់​ស្លាក​សញ្ញា​ហាម​ឆ្លងកាត់ ស្លាក​សញ្ញា​ចំណុច​គ្រោះថ្នាក់​ផ្សេង​ៗ និង​ធ្វើការ​ទប់ស្កាត់​ការ​ច្រោះ​បាក់​ផ្លូវ ។​ល​។

ចំណែក​អាជ្ញាធរ​ឃុំ ​និង​ស្រុក ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ហាមឃាត់​ប្រជាពលរដ្ឋ កុំ​ឱ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​​ទំនប់​បង្ហៀរ​បឹង​
ស្នេហ៍​នេះ ចៀស​វាង​កុំ​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​​កើតឡើង​។

​ទោះបីជា​អាជ្ញាធរ​ខេត្ត​បាន​ប្រកាស​បិទផ្លូវ​ជាតិ​លេខ​៣១៣​នេះ​ក្តី ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៨​តុលា​នេះ គេ​នៅ​មិន​ទាន់​ឃើញ​ខាង​មន្ទីរ​ជំនាញ​ទាំង​២ ក៏​ដូច​ជា​អាជ្ញា​មូលដ្ឋាន ចេញ​អនុវត្ត​តាម​ការ​ចាត់តាំង​របស់​ខេត្ត​នៅឡើយ​ទេ គឺ​ស្ងាត់ឈឹង​តែ​ម្តង ។ ចំណែក​ក្រុម​អ្នក​ដំណើរនៅ​តែ​បន្ត​នាំ​គ្នា​ ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣១៣​នេះ ដូច​ធម្មតា ដោយពេល​មក​ដល់​ចំណុច​ទំនប់​បង្ហៀរ​បឹង​ស្នេ​ហ៍ កន្លែង​ដែល​មានទឹក​ហូរ​កាត់​ខ្លាំង អ្នកខ្លះ​ចុះដើរ ខ្លះ​មិន​ហ៊ាន​​ឆ្លង​បត់​ត្រឡប់​ក្រោយ​វិញ ឯ​អ្នកខ្លះ​ទៀត​សំរេចចិត្ត​បើក​ឆ្លង​កាត់​ទឹក​ហូរ ទាំងក្នុង​អារ​ម្ម​ណ៍​​ភ័យ​​ខ្លាច​ ។