ក្រោយពីព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ចូលទិវង្គត នឹងបន្សល់អ្វីខ្លះសម្រាប់រាជ្យវង្សានុវង្ស?

ថៃ៖ ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គតកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា បានធ្វើឲ្យប្រជាជនថៃ មានការសោកស្តាយជាខ្លាំង ព្រមទាំងធ្វើការកាន់ទុក្ខព្រះអង្គ រយៈពេលពេញ១ឆ្នាំ តែម្តង។

ក្រោយពីព្រះអង្គបានចូលទិវង្គតទៅ ព្រះអង្គបានបន្សល់ទុកនូវ ទ្រព្យសម្បត្តិច្រើនមហាសាល ប្រមាណជាង ៣ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។  ទ្រព្យសម្បត្តិទាំងនោះ នឹងត្រូវបានស្នងបន្ទាប់ បន្តទៅឲ្យព្រះរាជបុត្រ មាហា វ៉ាជីរ៉ាលុងកន ដែលព្រះអង្គនឹងត្រូវឡើងស្នងរាជបន្តពីព្រះបិតានៅឆ្នាំក្រោយ  បន្ទាប់ពីការកាន់ទុក្ខត្រូវបានបញ្ចប់។

ទ្រព្យសម្បត្តិសរុបព្រះអង្គ ត្រូវបានគេជឿជាក់ថារួមមានដូចជា មាសពេជ្យកែវកង ចំនួន ៥៤៥ការ៉ាត់ ផ្ទៃដីចំនួន ៣,៣២០ ហិចតា នៅទីក្រុងបាងកក និង ១៣,២០០ហិចតាទូទាំងប្រទេសថៃ និងភាគហ៊ុនផ្សេងៗទៀត ដែលទាំងអស់នេះនឹងត្រូវស្នងទៅឲ្យញាតិវង្សានុវង្សរបស់ព្រះអង្គ។ 

បន្ថែមពីនេះទៀត គេដឹងថាប្រាក់ចំណូលព្រះអង្គ បានមកពីការជួលដីដល់ទៅ ៨០លានដុល្លារ ឯណោះ នៅក្នុងឆ្នាំ២០១០។

បើយោងតាមប្រភពពី Forbes ចុះផ្សាយកាលពីឆ្នាំ២០១២ ឲ្យដឹងថា ព្រះអង្គ ក៏ជាម្ចាស់កម្មសិទ្ធិ សណ្ឋារគារ ផ្ទះ ហាងលក់ទំនិញ អគាររដ្ឋាភិបាល ដែលសរុបការជួលមានចំនួនជាង ៤០,០០០កិច្ចសន្យា។ លើសពីនេះ ព្រះអង្គក៏ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ (CPB) ធំជាងគេនៅក្នុងប្រទេសថៃថែមទៀតផង។

ក្រៅពីនេះ ព្រះអង្គក៏បានរួមភាគហ៊ុនជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើនផ្សេងទៀត ដោយរួមមានដូចជា ក្រុមហ៊ុន Siam Cement Group និងធនាគារ Saim Commercial Bank ដែលមានតម្លៃជាង ៧ពាន់លានដុល្លារ

គូសបញ្ជាក់ថា ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត បានជាប់ចំណាត់ថ្នាក់លេខ១ ជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ នៅលើពិភពលោក។

ប្រភពឲ្យដឹងថា ព្រះរាជបុត្រា មាហា វ៉ាជីរ៉ាលុងកន ហាក់បីដូចជា មិនសូវមានប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់ប្រជាជនថៃ ដូចជាព្រះបិតានោះទេ ដោយសារតែព្រះបុត្រា រស់នៅឯបរទេស មិនសូវមានការជិតដិតជាមួយនឹង ប្រជាជនថៃ។ ម៉្យាងវិញទៀត ព្រះអង្គតែងតែមានរឿងអាស្រូវមិនល្អជាច្រើន  និងមានចំណងមិត្តភាពល្អដ៏ជិតដិត ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលត្រូវបានគេធ្វើរដ្ឋប្រហារទំលាក់ កាលពីឆ្នាំ២០០៨ កន្លងទៅនេះថែមទៀតផង។

ប្រភពព័ត៌មានបានលើកឡើងផងដែរថា បុត្រីច្បងទី២ គឺម្ចាស់ក្សត្រី មាហា ឆាគ្រី ស៊ីរីនថន ត្រូវគេមើលឃើញថា អាចជាជម្រើសសម្រាប់ឡើងសោយរាជ្យជំនួស ព្រះបុត្រាផងដែរ ដោយសារតែបុត្រីអង្គនេះ មានប្រជាប្រិយភាពខ្លាំង និងទទួលបានការគោរពស្រលាញ់ពីសំណាក់មហាជន មិនចាញ់ព្រះបិតាប៉ុន្មាននោះទេ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត