សហគមន៍​នៅ​ខេត្ត​៥​ជួបជុំ​គ្នា​ចែក​រំលែក​បទពិសោធន៍​តស៊ូ​មតិ​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ

សកម្មជន​សិទ្ធិមនុស្ស​មក​ពី​ខេត្ត​ចំនួន​៥ បាន​ចូល​រួម​សិក្សា​សាលា​ចែក​រំលែក​បទពិសោធន៍​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​ដោះស្រាយ​ជម្លោះ​នានា​ ដែល​កំពុង​កើត​មាន​នៅ​តាម​មួលដ្ឋាន​ប្រជាពលរដ្ឋ​រស់​នៅ។

​ជម្លោះ​ដីធ្លី ការ​បាត់បង់​ព្រៃឈើ អាជីវកម្ម​សត្វ​ព្រៃ ការ​បំផ្លាញ​ធនធាន​មច្ឆជាតិ គឺ​ជា​ប្រធានបទ​សំខាន់​ដែល​តំណាង​សហគមន៍​មក​ពី​ខេត្ត​ចំនួន​៥ លើក​យក​មក​ពិភាក្សា​ដើម្បី​ចែក​រំលែក​បទពិសោធន៍​រក​វិធី​ដោះស្រាយ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ទាំង​នោះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

​សិក្ខាសាលា​នេះ​រៀបចំ​ដោយ​សមាគម​អាដហុក (ADHOC) មាន​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា នៅ​ភោជនីយដ្ឋាន រតន លីណា ឋិត​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី។

តំណាង​សហគមន៍​មកពី​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី កត់សំគាល់​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ដោះស្រាយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការ​រំលោភ​ដីធ្លី​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ក៏​ដួច​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​មាន​ចំណេះដឹង​គ្រប់គ្រាន់ ដើម្បី​ជា​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​ឲ្យ​មាន​ប្រសិទ្ធភាព។

តំណាង​សហគមន៍​ខេត្ត​ក្រចេះ លោក ប៉ាវ វ៉ាន់លី កត់សំគាល់​ថា បទល្មើស​នេសាទ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដែល​សហគមន៍​ភាគ​ច្រើន​មិន​អាច​ដោះស្រាយ​លុបបំបាត់​បាន។ លោក​បន្ត​ថា សហគមន៍​ភាគ​ច្រើន​បាន​បន្ទោស​ទៅ​លើ​មន្ត្រី​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា មិន​បាន​ចូល​រួម​ជាមួយ​សហគមន៍​ពេញលេញ និង​តម្លាភាព ទើប​បទល្មើស​នេសាទ​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ៖ «អាជ្ញាធរ​ឃុំ​មិន​អនុវត្ត​ច្បាប់ ​ក្រុមប្រឹក្សា​ឃុំ​គឺ​មាន​តួនាទី​ការពារ​ធនធាន​ធម្មជាតិ ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ដែន​ដី​របស់​ខ្លួន ​ទី​ចុង​បំផុត​គាត់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សង្កេតការណ៍ និង​ទប់ស្កាត់​បទល្មើស​ជលផល​ទេ»

ចំណែក​តំណាង​សហគមន៍​ខេត្ត​ត្បូងឃ្មុំ លោក សុផល កត់​សំគាល់​ដែរ​ថា ជម្លោះ​ដីធ្លី​ក៏​នៅ​តែ​ជា​បញ្ហា​ប្រឈម ខណៈ​សហគមន៍​កើត​មាន​ជម្លោះ​ដីធ្លី ប៉ុន្តែ​យន្តការ​ដោះស្រាយ ឬ​ពាក្យ​ប្ដឹង​របស់​សហគមន៍​មិន​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ចាត់​ការ ឬ​ស្វែង​រក​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព​ជូន​ពលរដ្ឋ​នៅ​ឡើយ។ លើស​ពី​នេះ​ទៀត ជម្លោះ​ដីធ្លី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខកខាន​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់៖ «យើង​មាន​ជម្លោះ ហើយ​ជម្លោះ​មាន​ពីរ។ ទី​១ គឺ​ក្រុមហ៊ុន​អាច​យក​ដី​យើង​បាន​ដោយ​ងាយ​ស្រួល ហើយ​ទី​២ យើង​មាន​ជម្លោះ​រវាង​អ្នក​ជិត​ខាង​របង​ជាប់​គ្នា ព្រោះ​យើង​អត់​មាន​ប្លង់​ត្រឹមត្រូវ​ទេ។ ខ្ញុំ​ជឿ​តែម្តង សូម្បី​តែ​ចូល​គ្នា​មួយ​ម៉ែត្រ​ទេ ឯង​ចូល​ប្លង់​អញ អ៊ីចឹង​ហើយ​បើ​យើង​អត់​មាន​ប្លង់​រឹង ក៏​មាន​ជម្លោះ​ដី​មួយ​កើត​ឡើង​ដែរ»

​នៅ​ឯ​ខេត្ត​កំពង់ចាម ឯ​ណោះ​វិញ សហគមន៍​បាន​លើក​យក​បញ្ហា​បទល្មើស​សត្វព្រៃ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ស្វែង​រក​ដំណោះស្រាយ​លុបបំបាត់​បញ្ហា​នេះ ដោយសារ​តែ​បច្ចុប្បន្ន​សត្វព្រៃ​នៅ​តែ​ជា​មុខ​សញ្ញា​នៃ​ការ​បរបាញ់​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ដែល​ច្បាប់​បាន​ហាមឃាត់។

តំណាង​សហគមន៍​លោក នូ ឈន បញ្ជាក់​ថា ថ្នាំ​ពុល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខិលខូច​ប្រើប្រាស់​សម្រាប់​ប្រមាញ់​សត្វព្រៃ រី​ឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​ឃុបឃិត​មិន​ចាត់​វិធានការ​បង្ក្រាប៖ «មាន​ការ​ឃុបឃិត​ពី​សំណាក់​អ្នក​មាន និង​អ្នក​មាន​អំណាច។ អាជ្ញាធរ​ដែន​ដី ប៉ូលិស ទាហាន ដែល​គាត់​មាន​អំណាច​នៅ​មូលដ្ឋាន​ហ្នឹង ឃើញ​បង​ប្អូន​រក ហ្អែង​រក​ទៅ​ស្រេច​តែ​អញ គាត់​ក៏​ទៅ​រក​ធម្មតា​ទៅ»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា បាន​ចេញ​សារាចរ​ណែនាំ​លេខ​០៥ ស្តីពី​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ពិសេស​លើ​វិស័យ​ព្រៃឈើ និង​ជលផល តាម​រយៈ​ការ​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ព្រម​ទាំង​បែងចែក​សមត្ថកិច្ច​គ្រប់​គ្រង​ច្បាស់លាស់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

កំណែ​ទម្រង់​ស៊ី​ជម្រៅ​នេះ សំដៅ​លើក​កម្ពស់​ប្រសិទ្ធភាព និង​និរន្តរភាព​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​រដ្ឋាភិបាល​សម្រេច​ផ្ទេរ និង​ប្រគល់​សមត្ថកិច្ច​គ្រប់គ្រង​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ​ទាំង​អស់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ចំណែក​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​អស់ បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ សារាចរ​នេះ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក បង្ក​លទ្ធភាព និង​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល រួម​ទាំង​អ្នក​ពាក់ព័ន្ធ​នានា ចូល​រួម​ទប់ស្កាត់ និង​លុបបំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ។

មន្ត្រី​កម្មវិធី​ចងក្រង​សហគមន៍​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុន ណ្ណារ៍ ថ្លែង​បញ្ជាក់​ថា គោល​បំណង​សំខាន់​នៃ​ការ​បើក​សិក្ខាសាលា​ជួបជុំ​សហគមន៍​ទាំង​៥​ខេត្ត​នេះ គឺ​ប្រមូល​សកម្មជន​ឆ្នើម​មក​ចែក​រំលែក​បទពិសោធន៍​ពី​សកម្មភាព​ការងារ​ធ្លាប់​បាន​អនុវត្ត​នៅ​មូលដ្ឋាន។ លោក​ថា បទពិសោធន៍​ដែល​សហគមន៍​ឆ្នើម​ទាំង​៥​ខេត្ត បង្ហាញ​ក្នុង​សិក្ខាសាលា​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​ផ្សព្វផ្សាយ​នៅ​សហគមន៍​មូលដ្ឋាន​នីមួយៗ​ពី​ថ្នាក់​ភូមិ​ឃុំ ដើម្បី​ធ្វើ​យ៉ាង​ណា​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​របស់​សហគមន៍​មាន​លទ្ធផល​ជាក់ស្ដែង៖ «ឲ្យ​គាត់​បង្ហាញ​ពី​បទពិសោធន៍ សកម្មភាព​ការងារ ហើយ​យើង​ស្វែង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​នៅ​ទូទាំង​ប្រទេស​ហ្នឹង​ចូល​រួម​ជាមួយ​ស្ថាប័ន​រដ្ឋ​ទាំង​អស់ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​យើង​ដែល​អ្នក​ដឹកនាំ​រដ្ឋ​ថា ជា​នីតិរដ្ឋ ឲ្យ​ក្លាយ​ទៅ​ជា​នីតិរដ្ឋ​ពិត​ប្រាកដ»

សមាគម​អាដហុក បាន​ប្រារព្ធ​សិក្ខាសាលា​ចែក​រំលែក​បទពិសោធន៍​ទាក់ទិន​ការ​តស៊ូ​មតិ​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ ៤​លើក ហើយ​​នៅ​ក្នុង​ឆ្នាំ​២០១៦ នេះ។ វគ្គ​សិក្ខាសាលា​ដូច​គ្នា​នេះ​នឹង​បន្ត​ធ្វើ​ថ្នាក់​តំបន់​នៅ​ខេត្ត​សៀមរាប មាន​ការ​ចូល​រួម​ពី​សហគមន៍​ខេត្ត​សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និង​នៅ​ថ្នាក់​តំបន់​មួយ​ទៀត​នៅ​ខេត្ត​កំពត មាន​សហគមន៍​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។