ពលរដ្ឋ​ថៃ​ ​ត្រឡប់​ទៅ​ធ្វើការ​ក្នុង​ឈុត​ខ្មៅ

ក្រុងបាងកកៈ ក្រុងបាងកកបានក្លាយជាសមុទ្រពណ៌ខ្មៅ-ស ខណៈអ្នកថ្មើរជើង មន្ត្រីរាជការស៊ីវិល និងសូម្បីតែព្រះនាងម្ចាស់ ក៏បានត្រឡប់ទៅធ្វើការវិញដែពីថ្ងៃចន្ទក្នុងទឹកមុខស្រងូតស្រងាត់ ប៉ុន្តែបានតាំងចិត្តបង្ហាញថា ជីវិតត្រូវតែបន្តទោះជាគ្មានមហាក្សត្រជាទីស្រឡាញ់របស់ពួកគេ។

ព្រះចៅភូមិបុល អាឌុលយ៉ាដេត បានចូលទិវង្គតក្នុងព្រះជន្ម ៨៨ ព្រះវស្សាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីញាំញី ដោយជំងឺជាច្រើន ឆ្នាំ ដោយបញ្ចប់ការគ្រងរាជ្យ ៧ ទសវត្សរ៍ និងធ្វើឲ្យប្រទេសដែលបែកបាក់ដោយនយោបាយនេះ គ្មានសសរទ្រូងដ៏សំខាន់ នៃការបង្រួបបង្រួម។

Loading...

ទូទាំងក្រុងដ៏ធំនេះ បុគ្គលិកកម្មករ បានប្រជ្រៀតទៅក្នុងរថយន្តក្រុង ទូក រថភ្លើង និងរថភ្លើងក្រោមដី ក្នុងសម្លៀកបំពាក់ខ្មៅ និងសដែលបានក្លាយជានិមិត្តរូប និងសម្តែងការទុក្ខព្រួយ។

បុគ្គលិកអាជ្ញាធរអគ្គិសនីបាងកក លោក Usawadee Wutthisak វ័យ ៣៦ ឆ្នាំ បានពន្យល់ ថា៖ «ខ្ញុំផ្ទាល់នឹងពាក់ឈុតនេះមួយឆ្នាំ ព្រោះខ្ញុំជារាជការស៊ីវិលម្នាក់ ហើយខ្ញុំជាពលរដ្ឋថៃ»។

អ្នកចាត់ការធនធានមនុស្សនៃ ផ្សារទំនើប Ongon Riabpradit វ័យ ៣០ ឆ្នាំ បាននិយាយ ថា នាងនឹងពាក់ឈុតខ្មៅមួយខែ ជាពិសេស ហើយបន្ទាប់មកប្តូរទៅឈុតស្រងូតស្រងាត់ ១០០ ថ្ងៃ។ «យើងក្រៀមក្រំ។ យើងស្ថិតក្នុងអារម្មណ៍ចង់រំឭកពីរបៀបដែលយើងបានបាត់បង់ឪពុកជាទីស្រឡាញ់។ យើងនឹងចងចាំគាត់ជារៀងរហូត»។

សូម្បីតែព្រះនាងម្ចាស់ មហា ចក្រី សិរិន្ទថន ជាបុត្រីមានប្រជាប្រិយបំផុតរបស់ព្រះចៅភូមិបុល ក៏បានត្រឡប់ទៅធ្វើការដែរពីថ្ងៃចន្ទ។ ជាច្រើនម៉ោង បន្ទាប់ពីធ្វើជាអធិបតីពិធីសូត្រធម៌មុនថ្ងៃរះជូនព្រះបិតាក្នុងវាំងធំ ព្រះនាងម្ចាស់ ដែលព្រះជន្ម ៦១ ព្រះវស្សាអង្គនេះ ក៏បានចូលរួមពិធីមួយនៅឯ អង្គការស្បៀងអាហារ និងកសិកម្ម របស់អ.ស.ប. ដែលបានទទួលឲ្យព្រះនាងក្លាយជាឯកអគ្គរាជទូតពិសេស សម្រាប់ការគ្មានការស្រេកឃ្លាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍