ក្រសួង​ធនធាន​ទឹក៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ភាគ​ខាង​លិច​រាជធានី​ភ្នំពេញ ត្រូវ​ការ​ ១២​ម៉ោង​ទៀត​នឹង​ធូរស្រាល

រយៈពេល ២ថ្ងៃហើយ ដែលជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ស្ពឺ បានគំរាមកំហែងការលិចលង់លំនៅស្ថានរបស់ប្រជាពលរដ្ឋ ស្ថិតនៅខេត្តភាគខាងលិច និងភាគខាងត្បូងរាជធានីភ្នំពេញ។ ជំនន់ទឹកភ្លៀង ដែលបានហូរត្របាញ់ពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យបាក់ទំនប់សណ្តស្ទឹងព្រែកត្នោតមួយកន្លែង តែមិនបង្កឲ្យលិចលង់ធ្ងន់ធ្ងរនោះទេ។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងធនធានទឹក បានសម្រេចផ្អាកដំណើរចុះបំពេញបេសកកម្មទៅកាន់ខេត្តភាគខាងជើង ដើម្បីជួយអន្តរាគមន៍លើបញ្ហានេះ។

ចាប់តាំងពីថ្ងៃទី ១៧ តុលា រហូតដល់ថ្ងៃទី ១៨តុលានេះ ក្រុមការងារក្រសួងធនធានទឹក និងឧត្តុនិយម ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តីលឹម គានហោ បានចុះប្រតិបត្តិការជួយអន្តរាគមន៍ទប់ទឹក ដើម្បីបញ្ជៀសពីការលិចលង់នៅតំបន់ភាគខាងលិច និងភាគខាងត្បូងរាជធានីភ្នំពេញ។

Loading...

អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា គេត្រូវការពេល ១២ម៉ោងទៀត ដើម្បីធ្វើឲ្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខាងលិច និងខាងត្បូងរាជធានីភ្នំពេញធូរស្រាលមកវិញ ក្រោយពីការចុះអន្តរាគមន៍រំដោះទឹក និងការបង្វែរទិសទឹកហូរពីទំនប់បង្ហៀរព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺនេះ។ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ គឺបណ្តាលមកពីភ្លៀងធ្លាក់ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា ក្នុងបរិមាណជាង ២០០ទៅ ២៣០មីលីម៉ែត្រ ដែលជាកម្រិតធ្ងន់ធ្ងរមួយធ្វើឲ្យស្ថានភាពទឹកស្ទឹងព្រែកត្នោតកើនឡើងយ៉ាងគំហុក ហើយបណ្តាលឲ្យលិចស្រុក ចំនួន ៤ និងក្រុងចំនួន ១នៃខេត្តកំពង់ស្ពឺ។ របាយការណ៍បឋម មានស្រូវរបស់ប្រជាពលរដ្ឋជាង ៣០០ហិចតា បានលិចលង់ តែមិនទាន់មានសេចក្តីរាយការណ៍ពីករណីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៧តុលាម្សិលមិញ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ បានសម្រេចផ្អាកដំណើរបំពេញបេសកកម្មចុះទៅកាន់ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីមកជួយអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ដោយបានបន្តចុះពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់ការពង្រឹងតួទំនប់សណ្តរស្ទឹងព្រែកត្នោតផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកណ្តាល និងផ្នែកខាងក្រោមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបិទរន្ធនាគមិនក្រោម ៣០កន្លែងនោះទេ។

យ៉ាងណាក៏ដោយ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តភាគខាងលិច និងខាងត្បូងរាជធានីភ្នំពេញនេះ នឹងធូរស្រាលឡើងវិញនៅ ១២ម៉ោងខាងមុខ បើគ្មានភ្លៀងធ្លាក់បន្ថែម។ ក្រៅពីខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងក៏កំពុងធ្វើឲ្យលិចលង់បណ្តាខេត្តមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា តែមិនធ្ងន់ធ្ងរនោះទេ។

គួរជម្រាបជូនថា ជំនន់ទឹកភ្លៀងកាលពីឆ្នាំ ២០១៣នៅកម្ពុជា បានបណ្តាលឲ្យខេត្តចំនួន ២០រងការលិចលង់ នឹងប៉ះពាល់ដល់គ្រួសារចំនួន ១លាន ៧សែននាក់៕

ប្រភព៖ rfi