ជំនន់​ហូរ​ច្រោះ​ទំនប់​ព្រែក​ត្នោត ​ធ្វើឲ្យ​ផ្នែក​ខ្លះ​នៃ​រាជធានី និង​ខេត្ត​កណ្ដាល ​ប្រឈម​ការ​លិច​លង់

ភ្នំពេញៈ ជំនន់ទឹកភ្លៀង និងទឹកដែលហូរធ្លាក់ពីខេត្តកំពង់ស្ពឺកំពុងគំរាមកំហែងដែលអាចជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញបន្ទាប់ពីទំនប់សណ្ដស្ទឹងព្រែកត្នោតមួយកន្លែងត្រូវបានទឹកហូរបុកបាក់ និងមួយកន្លែងទៀតកំពុងធ្លាយជាលក្ខណៈរូងនាគ។

ក្រុមមន្ត្រីជំនាញ និងអាជ្ញាធរដែនដីព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមដងទំនប់នេះកំពុងប្រឹងប្រែងរកវិធីទប់ស្កាត់ដើម្បីការពារកុំឲ្យមានការហូរច្រោះ និងបាក់ខ្នងទំនប់នេះបន្ថែមទៀតដែលអាចបង្កឲ្យមានការជន់លិចកាន់តែធ្ងន់ធ្ងរជាងនេះ។

Loading...

តាមប្រភពពីអាជ្ញាធរដែនដីសង្កាត់ចំនួន ៩ ក្នុងខណ្ឌដង្កោបានរងការជន់លិចខណៈលំនៅឋានប្រជាពលរដ្ឋចំនួន ១៦៣៧ គ្រួសារក្នុងខណ្ឌនេះត្រូវបានគេរាយការណ៍ថាកំពុងប្រឈមនឹងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងទឹកដែលហូរចាក់ពីខេត្តកំពង់ស្ពឺនេះផងដែរ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថាបន្ទាប់ពីបាក់ទំនប់រលាំងជ្រៃ និងទំនប់ស្វាយក្នុងខេត្តកំពង់ស្ពឺមកទឹកស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមជាប់រាជធានីភ្នំពេញបានជន់ឡើងយ៉ាងគំហុកបណ្ដាលឲ្យខ្នងទំនប់សណ្ដស្ទឹងនេះមួយកន្លែងក្នុងសង្កាត់ទៀនត្រូវបានបាក់កាលពីរសៀលថ្ងៃចន្ទ និងមួយកន្លែងទៀតបានបាក់ធ្លាយជាលក្ខណៈរូងនាគបង្កការជន់លិចលំនៅឋានប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោកបានថ្លែងថា៖ «នៅពេលនេះសមត្ថកិច្ចយើងកំពុងប្រឹងប្រែងធ្វើការទប់ស្កាត់ដោយប្រើបាវខ្សាច់ មែកឈើ និងចាក់ដីទប់ដើម្បីជួសជុលកន្លែងដែលមានការបាក់ជារូងនាគនោះការពារកុំឲ្យទឹកហូរបុកបាក់ដែលនឹងបង្កការជន់លិចកាន់តែខ្លាំងឡើង»។

នៅល្ងាចម្សិលមិញនេះផងដែរលោក ឈុំ ឈិន មេភូមិបាគូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថាប្រជាពលរដ្ឋប្រមាណ ៧០ គ្រួសារនៅក្នុងភូមិបាគូ សង្កាត់-ខណ្ឌដង្កោបាននាំគ្នារើអីវ៉ាន់មួយចំនួនរបស់ពួកគេមករស់នៅជាបណ្ដោះអាសន្ននៅតាមដងផ្លូវ និងទីទួលមានសុវត្ថិភាពខណៈផ្ទះរបស់ពួកគេត្រូវបានទឹកជន់លិចខ្លាំងដែលមិនអាចរស់នៅបាន។

លោក ឈិន បានបញ្ជាក់ថា៖ «នៅពេលនេះយើងកំពុងតែមានការព្រួយបារម្ភខ្លាំងអំពីទឹកជំនន់នេះហើយខ្ញុំយល់ថាប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ និងទឹកដែលហូរចាក់ពីខេត្តកំពង់ស្ពឺនៅតែបន្តហូរធ្លាក់បុកមកយ៉ាងគំហុកនោះលំនៅឋាន សាលារៀន និងវត្តអារាមទាំងអស់ដែលនៅតំបន់ទំនាបជាប់ដងស្ទឹងព្រែកត្នោតនឹងត្រូវជន់លិចទាំងអស់»។

កាលពីម្សិលមិញនេះផងដែរផ្លូវជាតិលេខ ៣ ត្រូវបានទឹកជន់លិច និងហូរកាត់ផ្លូវចំនួន ៣ កន្លែងក្នុងឃុំចំនួន ៣ រួមមាន ឃុំតាំងដូង ឃុំសូភី និងឃុំកុមាររាជាដែលស្ថិតក្នុងស្រុកបាទី ខេត្តតាកែវប៉ុន្តែផ្លូវជាតិលេខ ៤ ទឹកបានស្រកចុះវិញ។

ដោយឡែកនៅឯខេត្តកំពង់ស្ពឺអាជា្ញធរបានរាយការណ៍ថាជំនន់ទឹកភ្លៀងបានបង្កឲ្យបាក់ទំនប់ទឹកចំនួន ៦ កន្លែង និងដាច់ផ្លូវ ២០ កន្លែង និងធ្វើឲ្យស្រូវសន្ទូងរបស់ប្រជាកសិករចំនួន ១៤៦ ហិកតាត្រូវរងការខូចខាតទាំងស្រុង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលំនៅឋានប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំទាំង ៩ របស់ស្រុកគងពិសីសរុបចំនួន ១៣៦៧ គ្រួសារនៅពេលនេះកំពុងប្រឈមការជន់លិចដោយសារការបាក់ធ្លាយទំនប់ស្វាយ។

លោកបានបញ្ជាក់ថា៖ «នៅពេលនេះយើងមិនអាចទប់ទំនប់នេះបានទេព្រោះកំសួលទឹកកំពុងហូរបុកយ៉ាងគំហុកដូច្នេះយើងមានតែកាយបើកឲ្យវាហូរតាមសម្រួលដើម្បីកុំឲ្យមានការបាក់ធំជាងនេះ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍