ភរិយា​លោក​ កែម ​ឡី មិន​ចូល​បំភ្លឺ​តាម​ការ​​កោះ​របស់​តុលាការ

ភ្នំពេញៈ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសជាមួយនឹងកូនតូចៗចំនួន ៥ នាក់មិនបានចូលបំភ្លឺនៅសាលាដំបូងរាជធានីទៅតាមការកោះហៅនោះទេដោយថាខ្លួនមិនបានដាក់ពាក្យបណ្តឹង។

កាលពីទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក សេង លាង បានចេញដីកាកោះជាលើកទី ២ ដោយហៅភរិយាលោក កែម ឡី ដើម្បីមកចូលរួមសាកសួរនៅថ្ងៃទី ១៧ ខែតុលាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងដំណើររឿងឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

Loading...

បងប្រុសអ្នកស្រី ប៊ូ រចនា គឺលោក ប៊ូ ចាន់នី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថាប្អូនស្រីរបស់លោកដែលទើបតែឆ្លងទន្លេកូនទី ៥ ថ្មីៗនេះមិនចូលទៅតុលាការតាមការកោះហៅនោះទេដោយថាក្រុមគ្រួសារសពមិនបានដាក់ពាក្យបណ្តឹង និងមិនទាន់ជឿថាបុរសឈ្មោះ ជួប សម្លាប់ ដែលកំពុងជាប់ឃុំនោះជាឃាតករសម្លាប់លោក កែម ឡី ឡើយ។

លោកបន្ថែមថា៖ «យើងអត់បានដាក់ពាក្យប្តឹងផងឲ្យយើងទៅម៉េច…យើងចូលរួមជាមួយតុលាការតែយើងអត់ទទួលស្គាល់ឃាតករហ្នឹង…បើយើងចូលរួមនោះបានន័យថាយើងទទួលស្គាល់ឃាតករហ្នឹងហើយ…គេឲ្យយើងទទួលសំណងរដ្ឋប្បវេណីអីអ៊ីចឹងដើម្បីបញ្ចប់រឿង…យើងអត់ទាន់ដាក់ពាក្យបណ្តឹងទេនៅកូនខ្ចីអីអ៊ីចឹងយើងដោះស្រាយបញ្ហាចំពោះមុខសិន»។

លោក ប៊ូ ចាន់នី ថាក្រុមគ្រួសារមិនយល់ពីនីតិវិធីរបស់តុលាការទេដែលបានកោះហៅអ្នកស្រី ប៊ូ រចនា ទាំងអ្នកស្រីមិនបានដាក់ពាក្យបណ្តឹងផងនោះ។ លោកឲ្យដឹងដែរថាក្រុមគ្រួសារមិនយល់ហេតុអ្វីបានជាដីកាដាក់ថាកោះជាលើកទី ២ បើដីកាលើកទី ១ ក្រុមគ្រួសារមិនបានដឹងផងនោះ។

លោកបន្ថែមថា៖ «យើងអត់បានដាក់ពាក្យប្តឹងយើងក៏ឆ្ងល់ដែរតែយើងមានការយល់ខ្លះប្រហែលជាគេប្រញាប់បិទសំណុំរឿងក៏ថាបាន…ខ្ញុំយល់ថាវាមិនត្រឹមត្រូវចេះតែមកបង្ខំគេឲ្យទទួលយកកាមេរ៉ាសុវត្ថិភាពយូរហើយអត់ទាន់ហៅទៅមើលបើមហាជនមិនបានមើលក៏គួរគ្រួសារបានមើលដែរ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីលោក លី សុផាណា បញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថាទោះបីជាអ្នកស្រី ប៊ូ រចនា មិនចូលខ្លួនមកផ្តល់ចម្លើយក៏ដោយក៏ចៅក្រមស៊ើបសួរនៅតែបន្តសំណុំរឿងឃាតកម្មលើរូបលោក កែម ឡី ដែរ។ បើតាមលោក សុផាណា តុលាការបានចេញដីកាកោះជាលើកទី ១ តាំងពីខែសីហា និងបានបញ្ជូនត្រឹមត្រូវទៅក្រុមគ្រួសារតាមនីតិវិធី។

លោកមេធាវី ហុង គឹមសួន ដែលជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានថ្លែងថាបើសិនជាក្រុមគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យប្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីនោះតុលាកាក៏មិនអាចហៅសមាជិកគ្រួសារជនរងគ្រោះមកសាកសួរក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណីបានដែរ។

លោកបន្ថែមថា៖ «ក្នុងសំណុំរឿងព្រហ្មទណ្ឌវាមានជនរងគ្រោះហើយបើជនរងគ្រោះបាត់បង់ជីវិត ឬមានកាយសម្បទារមិនអាចជជែកជាមួយចៅក្រមស៊ើបសួរបានសមាជិកគ្រួសារ ឬភរិយាអាចសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីបានប៉ុន្តែបើគេមិនបានសុំតាំងខ្លួនជាដើមបណ្តឹងតុលាការក៏មិនអាចហៅគេបានទេ…តុលាការអាចហៅជាសាក្សីហៅមកបំភ្លឺអីតុលាការគេមានសិទ្ធិហៅ»។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៦ នៅក្នុងម៉ាតមួយកន្លែងត្រង់ស្តុបបូកគោក្នុងរាជធានីភ្នំពេញ។

ក្រោយហេតុការបាញ់សម្លាប់នេះកើតឡើងបុរសម្នាក់ដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសង្ស័យថាជាឃាតករសម្លាប់លោក ឡី។ មកដល់ពេលនេះពុំទាន់មានជនសង្ស័យណាផ្សេងទៀត ឬក៏អ្នកនៅពីក្រោយក្រៅពីឈ្មោះ ជួប សម្លាប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះទេ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍