ការ​ប្រយុទ្ធ​ថ្ងៃ​ដំបូង​ ក្នុង​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ មូស៊ុល ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​

ការប្រយុទ្ធគ្នាមួយថ្ងៃដំបូងរវាងទាហានរដ្ឋាភិបាល អីុរ៉ាក់ សហការណ៍ជាមួយនឹងកងកម្លាំងជនជាតិ ខឺត មានសភាពខ្លាំងក្លាបំផុត ក្នុងប្រតិបត្តិការរំដោះទីក្រុង មូស៊ុល ដែលក្រុម ISIS ដណ្ដើមកាន់កាប់អស់រយៈពេល ២ ឆ្នាំ និងជាកន្លែងដែលពួកគេប្រកាសច្បាប់ផ្ទាល់ខ្លួន ទៅតំបន់ដែលជីវពលទាំងនោះគ្រប់គ្រង ។

ការប្រយុទ្ធគ្នាមួយថ្ងៃ កងកម្លាំងជនជាតិ ខឺត ដណ្ដើមបានទឹកដីទំហំប្រមាណ ២០០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានភូមិចំនួន ៩ និងបានវាយរុញច្រានខ្សែត្រៀម ISIS ឲ្យដកថយចម្ងាយ ៨ គីឡូម៉ែត្រ ធ្វើឲ្យខ្សែត្រៀមភាគខាងកើតទីក្រុង មូស៊ុល ស្ថិតនៅត្រឹមតែ ៣០ គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង ។

ទាហានរដ្ឋាភិបាល អីុរ៉ាក់ និងកងកម្លាំងជនជាតិ ខឺត ៣ ម៉ឺននាក់ បានត្រៀមរៀបចំប្រតិបត្តិការនេះរយៈពេលជាច្រើនខែ ហើយកាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហៃដឺ អាល់-អាបាឌី បានប្រកាសចាប់ផ្ដើមប្រតិបត្តិការរំដោះទីក្រុង មូស៊ុល មកវិញ ។

ប្រធានគោលនយោបាយ និងផែនការនៃគណៈកម្មការសង្គ្រោះអន្តរជាតិ និយាយថា ប្រជាជនភាគច្រើន នឹងភៀសខ្លួនចេញទៅទិសខាងត្បូង និងទិសអាគ្នេយ៍ មួយចំនួននឹងចូលទៅតំបន់ជនជាតិ ខឺត ប៉ុន្តែប្រជាជន អីុរ៉ាក់ តិចតួចនឹងឆ្លងព្រំដែនចូលទៅក្នុងប្រទេស ស៊ីរី ។ ទោះយ៉ាងណា ប្រទេស អីុរ៉ាក់ នឹងមានប្រជាជនរហូតដល់ ១០ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ ហើយវិបត្តិនេះ ត្រូវបានចាត់ទុកថាជាអព្ភូតហេតុមនុស្សធម៌ ដែលកើតឡើងក្នុងពេលដែលវិបត្តិមួយបានកើតឡើងរួចជាស្រេច ។

ទោះយ៉ាងណា ការវាយប្រហារតាមអាកាសរបស់សម្ពន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក នឹងដើរតួនាទីសំខាន់ ក្នុងការជួយដល់ទាហានថ្មើរជើង ដែលត្រូវប្រឈមមុខជាមួយជីវពល ISISដែលមានកម្លាំងចាប់ពី ៤ ពាន់ ទៅ ៨ ពាន់នាក់ ក្នុងទីក្រុង មូស៊ុល ។ មន្ទីរបញ្ចកោណឲ្យដឹងថា ទាហានរដ្ឋាភិបាល អីុរ៉ាក់ រៀបចំផែនការបានល្អ និងបានចាប់ផ្ដើមប្រតិបត្តិការមុនពេលកំណត់មួយថ្ងៃ ។

ដោយ ៖ សេង រតនា
Kqube

Loading...

  • ការ​ប្រយុទ្ធ​ថ្ងៃ​ដំបូង​ ក្នុង​ប្រតិបត្តិការ​រំដោះ​ទីក្រុង​ មូស៊ុល ​មាន​សភាព​ខ្លាំង​ក្លា​បំផុត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/18  Category:កំសាន្ត
Tags: