ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ដង្កោ​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ចេញ​ពី​ស្ទឹង​ព្រែកត្នោត

នៅ​រាជធានី​ភ្នំពេញ ជំនន់​ទឹក​ភ្លៀង​ពី​ស្ទឹង​ព្រែកត្នោត ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ខណ្ឌ​ដង្កោ ក្នុង​តំបន់​ដែល​នៅ​តាម​បណ្ដោយ​ស្ទឹង​នេះ។ អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​ក្នុង​តំបន់​មាន​ការ​ជន់​លិច។

ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ដង្កោ ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ចេញ​ពី​ស្ទឹង​ព្រែកត្នោត ក្នុង​នោះ​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ស្ពានថ្ម បាន​ជន់​លិច​នៅ​ក្រោយ​ពេល​ដែល​ទឹក​បាន​បុក​ដាច់​កំណាត់​ផ្លូវ​មួយ​កន្លែង​ក្នុង​ភូមិ​សាលា សង្កាត់​ទៀន។

កំណាត់​ផ្លូវ​នោះ ត្រូវ​អ្នក​ភូមិ​ហៅ​ថា ទំនប់​សណ្ដ​ស្ទឹង ឋិត​នៅ​ប្រប​មាត់​ស្ទឹង​ព្រែកត្នោត។ ទំនប់​នោះ​បាន​បាក់​ធ្លាយ​ទំហំ​ប្រមាណ​ពី ៥០ ទៅ ៦០​ម៉ែត្រ។

ចៅ​សង្កាត់​ស្ពានថ្ម លោក អ៊ុំ ឡុង មាន​ប្រសាសន៍​ថា ភូមិ​ចំនួន​៨ នៅ​ក្នុង​សង្កាត់​របស់​លោក ទទួល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង ដោយ​ធ្វើ​ឲ្យ​លិច​ផ្ទះ​សម្បែង ដី​ស្រែ​ចម្ការ ផល​ដំណាំ៖ «ឥឡូវ​នេះ​វា​គ្រោះថ្នាក់​ធ្ងន់​ដោយសារ​ភូមិ​គោកអញ្ចាញ គោកឪឡឹក វា​នៅ​ចំ​មុខ​ទឹក​បាក់ ហើយ​ទឹក​វា​ច្រាល​មក​មក​វិញ​លិច​ម្តុំ​មុខ​វត្ត​ចេះ​តែ​លិច​តៗ​ទៀត។ ទឹក​វា​បាក់​ពី​ស្ទឹង​ទៅ បាក់​ធ្លាយ​ទំនប់​សណ្ដ​ស្ទឹង​ទៅ​ក្នុង​អាង​ស្តុក​ក្នុង​សង្កាត់»

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ថា មាន​សង្កាត់​ចំនួន​៩ ដែល​មាន​ពលរដ្ឋ​ចំនួន​ជិត ២​ពាន់​គ្រួសារ បាន​រងគ្រោះ​ដោយ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត​នេះ។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ផ្លូវ​បាក់​ដាច់​ដោយសារ​ទឹក​ស្ទឹង​ព្រែកត្នោត ដែល​ជន់​ខ្លាំង បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា មាន​ពលរដ្ឋ​ចំនួន ២០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ចាំបាច់​ត្រូវ​ផ្ដល់​ជំនួយ​សង្គ្រោះ។

អ្នក​ភូមិ​គោកឪឡឹក ក្នុង​សង្កាត់​ស្ពានថ្ម លោកស្រី យឿន ចាន់ធួក មាន​ប្រសាសន៍​ថា ស្រូវ​របស់​លោកស្រី​ជាង​មួយ​ហិកតារ​ដែល​ត្រូវ​ជន់​លិច។ លោកស្រី​ថា ដី​ស្រែ​របស់​លោកស្រី ឋិត​នៅ​ចំ​នឹង​មុខ​ទឹក​ដែល​បាក់​ទំនប់ ដែល​ធ្វើ​ឲ្យ​លោកស្រី​បារម្ភ​ថា​មិន​អាច​ទទួល​បាន​ផល​នៅ​ក្រោយ​ពេល​ទឹក​ស្រក​ទៅ​វិញ៖ «ប៉ះពាល់​ផ្លូវ​ចិត្ត​ខ្លាំង​ដោយសារ​ស្រូវមួយ​ហិកតារ​ជាង វា​អាច​ទៅ​អស់​ហើយ​បើ​ទឹក​ហូរ​ត្របាញ់​ម្លឹងៗ (តើ​សង្ឃឹម​ថា​អាច​ប្រមូល​ផល​បាន​ទេ​ក្រោយ​ទឹក​ស្រក​ទៅ​វិញ?) សង្ឃឹម​តិចតួច​ណាស់ តែ​ចេះ​តែ​ការពារ​ទៅ បើ​ឃើញ​ក្មេងៗ​វា​លោត​អី ចេះ​តែ​ហាម​វា​ទៅ ក្រែង​នៅ​សល់​ខ្លះបើ​លិច​ហ្នឹង​ក្រោម​តែ​មួយ​អាទិត្យ​អាច​សល់ តែ​បើ​ផុត​ពី ១​អាទិត្យ​ទៅ​អស់​សង្ឃឹម​ហើយ គឺ​ដឹង​តែ​ពី​រលួយ​បណ្ដូល​អស់ បើ​នៅ​ពី ១​អាទិត្យ​ចុះ​ក្រោម​អាច​នៅ​សល់​ខ្លះ»

អ្នក​ភូមិ​គោកឪឡឹក មួយ​រូប​ទៀត លោក ឡុង សុទ្ធី មាន​ប្រសាសន៍​ថា ក្នុង​សង្កាត់​របស់​លោក​ធ្លាប់​ជួប​បញ្ហា​បែប​នេះ​ដែរ​កាល​ពី ៤​ឆ្នាំ​មុន។ លោក​ថា គេ​អាច​ទប់ស្កាត់​បញ្ហា​នេះ​បាន ប្រសិន​បើ​មាន​ទំនប់​រឹងមាំ​ត្រឹមត្រូវ​តាម​បច្ចេកទេស៖ «ធ្វើ​វា​ល្អ​ហើយ ប៉ុន្តែ​ការ​សិក្សា​អំពី​បញ្ហា​ធ្វើ​ទំនប់​ហ្នឹង​ឃើញ​ថា បើ ១០ គឺ​នៅ​តែ ៧ ទេ​វា​បាត់ ៣ ហើយ។ បើ​អ៊ីចឹង​បើ​កាលណា​តែ​យើង​ដឹក​ចាក់​ខ្ពស់ៗ​ពេក ហើយ​កៀរ​កិន​នោះ ដុំ​ដី​វា​នៅ​ធំៗ ចឹង​ពេល​ណា​ទឹក​មក​វា​ជ្រាប​បង្កើត​ជា​រន្ធ​នាគ»

នៅ​មុន​ពេល​បាក់​ទំនប់​សណ្ដ​ស្ទឹង ទឹក​បាន​ទៅ​ជន់​លិច​ផ្ទះ​អ្នក​ភូមិ និង​វត្ត​អារាម ដែល​នៅ​ម្ខាង​ទៀត​នៃ​ទំនប់។

ព្រះតេជព្រះគុណ យិន រតនៈសុភាវី ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ក្នុង​វត្ត​ចម្ការខ្សាច់ មាន​ថេរ​ដីកា​ថា ទឹក​ដែល​ជន់​លិច​មាន​ភាព​រហ័ស​ពេក ធ្វើ​ឲ្យ​ខូចខាត​សម្ភារៈ​មួយ​ចំនួន​ក្នុង​វត្ត ប៉ុន្តែ​ទឹក​បាន​ស្រក​ចុះ​វិញ​ក្រោយ​បាក់​កំណាត់​ផ្លូវ ឬ​ទំនប់​សណ្ដ​ស្ទឹង៖ «ប៉ះពាល់​វត្ត​ហ្នឹង គឺ​មាន​ដូចជា​ទៀន​ព្រះវស្សា ដូចជា​អង្ករ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត។ សាមណេរ​តូចៗ​ចំនួន ១៦​ព្រះអង្គ​ដែល​គង់​នឹង​វត្ត​នេះ បាន​ជួយ​ជញ្ជូន​មួយ​ផ្នែក​ទៅ​ដាក់​សាលាឆាន់ មួយ​ផ្នែក​ទៀត​ដូចជា​អង្ករ​អី​ហ្នឹង ញោមៗ​បាន​យក​ទៅ​ហាល ព្រោះ​ត្រូវ​ទឹក​ដោយសារ​វា​ឡើង​លឿន​ពេក»

អ្នក​ភូមិ​ក្នុង​សង្កាត់​ស្ពានថ្ម រំពឹង​ថា ទឹក​ដែល​ជន់​លិច​ភូមិ​ពួក​គាត់ អាច​ស្រក​ចុះ​វិញ​បាន​នៅ​ពេល​ដែល​អាជ្ញាធរ​អាច​ទប់​ទំនប់​សណ្ដ​ស្ទឹង​បាន។ ប៉ុន្តែ​ពួក​គេ​ក៏​បារម្ភ​ដែរ​ថា កម្ពស់​ស្ទឹង​នឹង​មិន​ថមថយ ប្រសិន​បើ​ភ្លៀង​បន្ត​ធ្លាក់​ក្នុង​តំបន់​នេះ។

បើ​ទោះ​ជា​យ៉ាង​ណា អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ដាក់​កម្លាំង​ចុះ​ទៅ​ជួសជុល​កំណាត់​ផ្លូវ​ដែល​ខូចខាត​ដោយ​ជំនន់​ស្ទឹង​ព្រែកត្នោត ក្នុង​ភូមិ​សាលា សង្កាត់​ទៀន នោះ​ហើយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។