សង្គម​ស៊ីវិល​ថា កម្ពុជា​ពុំទាន់​មាន​សន្តិភាព​ពេញលេញ ក្រោយ​កិច្ចព្រមព្រៀង ២៣​តុលា​ ​ និពន្ធដោយ : រឿន ភារុន       October-18-2016, 9:59 pm         168

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108សង្គម​ស៊ីវិល​ថា កម្ពុជា​ពុំទាន់​មាន​សន្តិភាព​ពេញលេញ ក្រោយ​កិច្ចព្រមព្រៀង ២៣​តុលា​ ​ភ្នំពេញ​៖ អង្គការក្រៅរដ្ឋាភិបាល​មើលឃើញថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី ២៣ តុលា ពុំទាន់​ជួយ​កម្ពុជា​ឲ្យ​មាន​សន្តិភាព​ពេញលេញ​នៅឡើយ ទោះបីជា​កម្ពុជា​បានបញ្ចប់​សង្គ្រាមស៊ីវិល​ជិត​២០​ឆ្នាំ​ទៅហើយ​ក្តី​។​

​សង្គម​ស៊ីវិល​បាន​អត្ថាធិប្បាយ​ដូចៗ​គ្នា​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​២៣​តុលា​ឆ្នាំ​១៩៩១ ជា​ដំណោះស្រាយ​ជម្លោះ​នយោបាយ​រួមមួយ​ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​សន្តិភាព​។ ប៉ុន្តែ​ពួកគេ​ទាំងនោះ​ក៏​ទទួលស្គាល់​ដូចគ្នា​ថា កម្ពុជា​នៅតែ​មិនទាន់មាន​សន្តិភាព​ពេញលេញ​នៅឡើយ​។ ក្រុម​សង្គម​ស៊ីវិល​ប្រមាណ​៥០​ស្ថាប័ន​បាន​ជួបជុំ​ពិភាក្សាគ្នា​អំពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ និង​ដ៏​ចម្រូងចម្រាស​នេះ នៅ​ថ្ងៃទី​១៨​តុលា​នេះ នៅក្នុង​អគារ Development Innovations Cambodia &USIAD​។

តំណាង​គណៈកម្មាការ​រៀប​ចំ​កម្មវិធី និង​ជា​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោកស្រី ចក់ សុភាព បាន​សាទរ​កិច្ចព្រមព្រៀង​២៣​តុលា​ដែល​នាំ​កម្ពុ​ជាមាន​សន្តិភាព​តែ​លោកស្រី​ចាត់ទុកថា សន្តិភាព មិនមែន​មានន័យ​ត្រឹម​អវត្តមាន​នៃ​សង្គ្រាម​នោះទេ​។​

«​សន្តិភាព​ពេញលេញ​អាច​កើតឡើង ដរាបណា​ប្រជាជន​មានឱកាស​រស់នៅ​ប្រកបដោយ​សុខុមាលភាព ដោយ​សុ​ខុ​ដុមរ​មនា​ជាមួយគ្នា​»​។ នេះ​ជាការ​យល់ឃើញ​របស់លោក​លោកស្រី ចក់ សុភាព ដែល​បាន​លើក​ពី​គុណ​តម្លៃ​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ដែល​នាំ​ឲ្យ​កម្ពុជា​មានឱកាស​អភិវឌ្ឍ​។​

យ៉ាងណា លោកស្រី​មើលឃើញថា ស្ថានភាព​សិទ្ធិមនុស្ស​ហាក់​នៅ​ប្រឈម​ខ្លាំង​នៅឡើយ ដោយ​លោកស្រី​លើកឡើង​ពី​ការគំរាមកំហែង​សកម្មជន អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

នាយិការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បន្ត​យ៉ាង​ដូច្នេះ​៖«​ទាំងនេះ​ជា​ការវិវត្ត​មួយ​ដែល​សង្គម​ស៊ីវិល​យើង​តែងតែ​លើក​ហើយ​លើក​ទៀតថា វា​បាន​ប៉ះពាល់​សេរីភាព​ក្នុងការ​បញ្ចេញមតិ ក្នុងការ​ប្រមូលផ្តុំ ជាពិសេស សេរីភាព​ចងក្រង​សមាគម​ជាដើម​។ ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ តុលាការ ការយាយី​អ្នក​ដែល​រិះគន់​ប្រឆាំងនឹង​គោលនយោបាយ ឬក៏​មន្ត្រី​សាធារណៈ​»​។

សម្តេច នរោត្តម សេរី​វុ​ឌ្ឍ ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ CICP បាន​រំ​ឮ​ក​ពី​ដំណើរការ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា​។ ព្រះអង្គ​បានផ្តល់​តម្លៃ​ដល់​ការជជែក​គ្នា​រវាង​ភាគី​ខ្មែរ​ទាំងអស់ ហើយ​ព្រះអង្គ​ក៏​ចង់ឃើញ​កម្លាំង​នយោបាយ​ទាំងអស់​នឹង​បន្ត​ជជែក​គ្នា​នៅ​ថ្ងៃមុខ​ទៀត​។ ព្រះអង្គ​មានបន្ទូលថា​៖«​ការគោរព​សិទ្ធិមនុស្ស ការតស៊ូ​មតិ ជា​ការវិវត្ត​ល្អ​នៃ​ប្រទេស​ទាំងអស់​។ ហើយ​ខ្ញុំ​សង្ឃឹមថា ២៥​ឆ្នាំ​ទៀត យើង​នឹង​ដោះស្រាយ យើង​នឹង​អង្គុយ​ជាមួយគ្នា​ទៀត​។ កុំ​ចាំ​យូរពេក បើ​អង្គុយ ជាមួយគ្នា​ថ្ងៃស្អែក​បានជា​ការល្អ​»

 រីឯ លោកស្រី វ៉ាន់ ហ៊ី​លី តំណាង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) ប្រចាំ​កម្ពុជា​វិញ លោកស្រី​ចាត់ទុកថា សន្តិភាព មិនមែន​អវត្តមាន​នៃ​សង្គ្រាម​នោះដែរ​។ លោកស្រី​វាយតម្លៃថា កម្ពុជា​នៅ​មិនទាន់មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ពេញលេញ​នៅឡើយ​ទេ​។​

«​វប្បធម៌​នៃ​ការរិះគន់​ស្ថាបនា មិនមាន​ពេញលេញ​នៅឡើយ​។ បុគ្គល​គ្រប់​មាន​សិទ្ធិ​ស្មើគ្នា សិទ្ធិ​រស់រានមានជីវិត ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី ហើយ​សេវា​សន្តិសុខ​កម្ពុជា ពុំទាន់​គ្រប់គ្រាន់​ផង រួមទាំង​បញ្ហា​ប្រព័ន្ធតុលាការ​ពុំ​ផ្តល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ដែរ​»​។ នេះ​ជា​ប្រសាសន៍​លោកស្រី វ៉ាន់ ហ៊ី​លី​។​

យ៉ាងណា លោកស្រី​បាន​កត់​ស​ម្គា​ស់​ពី​ភាព​វិជ្ជមាន​រវាង​ជីវិត​ពី​អតីត និង​ជីវិត​ពលរដ្ឋ​បច្ចុប្បន្ន ដោយ​លោកស្រី​ទទួលស្គាល់ថា ពលរដ្ឋ​កម្ពុ​ជាមាន​ជីវភាព​ប្រសើរ​ជាមុន​ដែរ​។​
​ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ Comfrel លោក គល់ បញ្ញា បាន​កត់សម្គាល់ថា បច្ចុប្បន្ន កម្ពុជា​កំពុងមាន​បញ្ហា​ខាង​នយោបាយ និង​ការរើសអើង​នៅឡើយ ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង ប៉ារីស​៕